និក្ខមនំ 33

ព្រះ‌អម្ចាស់បញ្ជាឲ្យជន‌ជាតិអ៊ីស្រា‌អែលបន្តដំណើរទៅមុខ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាកចេញពីទីនេះ ជាមួយប្រជា‌ជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីប ហើយចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺង‌ម៉ាត់ជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ថានឹងប្រគល់ឲ្យពូជ‌ពង្សរបស់គេ។

2 យើងនឹងចាត់ទេវតារបស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្ដេញជន‌ជាតិកាណាន ជន‌ជាតិអាម៉ូរី ជន‌ជាតិហេត ជន‌ជាតិពេរិ‌ស៊ីត ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស។

3 អ្នករាល់គ្នានឹងចូលទៅក្នុងស្រុក ដែលមានភោគទ្រព្យសម្បូណ៌ហូរ‌ហៀរ ប៉ុន្តែ យើងនឹងមិននៅជាមួយអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសនៅតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាប្រជា‌ជនរឹង‌រូស»។

4 ពេលប្រជា‌ជនឮព្រះ‌បន្ទូលនេះ ពួកគេកើតទុក្ខព្រួយ ហើយគ្មាននរណាពាក់គ្រឿងអលង្ការទៀតឡើយ។

5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: អ្នករាល់គ្នាជាប្រជា‌ជនរឹង‌រូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយ‌ភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។

6 ដូច្នេះ ក្រោយពេលចាកចេញពីភ្នំហោរែប ប្រជា‌ជនអ៊ីស្រា‌អែលលែងពាក់គ្រឿងអលង្ការទៀតហើយ។

ពន្លាជួបព្រះ‌អម្ចាស់

7 នៅពេលប្រជា‌ជនអ៊ីស្រា‌អែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅពន្លានេះថា “ពន្លាជួបព្រះ‌អម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះ‌អម្ចាស់ត្រូវតែចេញពីជំរំ ឆ្ពោះទៅពន្លាជួបព្រះ‌អម្ចាស់ ដែលនៅខាងក្រៅជំរំ។

8 ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជា‌ជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។

9 កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ។

10 ប្រជា‌ជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយ‌បង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។

11 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។

ព្រះ‌អម្ចាស់សន្យាគង់ជាមួយប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

12 លោកម៉ូសេទូលព្រះ‌អម្ចាស់ថា៖ «បពិត្រព្រះ‌អម្ចាស់! ព្រះ‌អង្គបានបង្គាប់ឲ្យទូលបង្គំនាំប្រជា‌ជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ព្រះ‌អង្គពុំបានប្រាប់ឲ្យទូលបង្គំដឹងថា ព្រះ‌អង្គនឹងចាត់នរណាឲ្យទៅជាមួយទូលបង្គំឡើយ។ ព្រះ‌អង្គមានព្រះ‌បន្ទូលថា ព្រះ‌អង្គស្គាល់ទូលបង្គំច្បាស់ ហើយព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងទូលបង្គំទៀតផង។

13 ឥឡូវនេះ ប្រសិនបើព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងទូលបង្គំមែននោះ សូមបង្ហាញមាគ៌ារបស់ព្រះ‌អង្គមកទូលបង្គំ ដើម្បីឲ្យទូលបង្គំស្គាល់ព្រះ‌អង្គ ហើយគាប់ព្រះ‌ហឫទ័យព្រះ‌អង្គទៀតផង។ សូមនឹកចាំថាប្រជា‌ជាតិនេះជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ»។

14 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្ដល់សេចក្ដីសុខ‌សាន្តដល់អ្នក»។

15 លោកម៉ូសេទូលថា៖ «ប្រសិនបើព្រះ‌អង្គមិនយាងទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។

16 តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងទូលបង្គំ ព្រមទាំងប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ? គឺមានតែព្រះ‌អង្គយាងទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ទូលបង្គំ និងប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ខុសប្លែកពីជាតិសាសន៍ទាំង‌ឡាយនៅលើផែនដី»។

17 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។

18 លោកម៉ូសេទូលថា៖ «សូមព្រះ‌អង្គបង្ហាញសិរី‌រុងរឿងរបស់ព្រះ‌អង្គឲ្យទូលបង្គំឃើញផង»។

19 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងសម្តែងសេចក្ដីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាព្រះ‌អម្ចាស់នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។

20 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតឡើយ»។

21 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរឈរជិតយើងលើដុំថ្ម នៅកន្លែងនេះ!

22 ពេលសិរី‌រុងរឿងរបស់យើងឆ្លងកាត់តាមនេះ យើងនឹងលាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃរបស់យើងមកបាំងអ្នក រហូតទាល់តែយើងឆ្លងផុតទៅ។

23 បន្ទាប់មក យើងនឹងដកដៃចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។