លេវី‌វិន័យ 2

តង្វាយធញ្ញជាតិ

1 «ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះ‌អម្ចាស់គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង

2 ហើយយកតង្វាយនោះមកជូនពួកបូជា‌ចារ្យ* ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជា‌ចារ្យម្នាក់យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

3 រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏‌វិសុទ្ធបំផុតនៃយញ្ញ‌បូជាដែលគេថ្វាយចំពោះព្រះ‌អម្ចាស់។

4 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ ឬធ្វើនំក្រៀបពីម្សៅឥតមានមេ ហើយច្រួចប្រេងពីលើ។

5 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ។

6 ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។

7 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង។

8 អ្នកត្រូវនាំយកតង្វាយជាធញ្ញជាតិដែលចំអិនហើយនោះ មកថ្វាយព្រះ‌អម្ចាស់គឺលើកជូនបូជា‌ចារ្យ ហើយបូជា‌ចារ្យយកតង្វាយនោះឆ្ពោះទៅអាសនៈ។

9 លោកបូជា‌ចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

10 រីឯតង្វាយនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏‌វិសុទ្ធបំផុតនៃយញ្ញ‌បូជា ដែលគេថ្វាយចំពោះព្រះ‌អម្ចាស់។

11 មិនត្រូវយកតង្វាយម្សៅដែលមានមេ មកថ្វាយព្រះ‌អម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតថ្វាយព្រះ‌អម្ចាស់មិនត្រូវមានមេ ឬទឹកឃ្មុំឡើយ។

12 អ្នកអាចថ្វាយតង្វាយទាំងនេះចំពោះព្រះ‌អម្ចាស់ជាតង្វាយផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតដែលមានក្លិនឈ្ងុយឡើយ។

13 ត្រូវលាយអំបិល ជាមួយតង្វាយធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកថ្វាយព្រះ‌អម្ចាស់។ កុំភ្លេចលាយអំបិលជាមួយតង្វាយរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្ត‌រូបពីសម្ពន្ធ‌មេត្រីដែលព្រះ‌ជាម្ចាស់បានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកថ្វាយជាមួយតង្វាយទាំងប៉ុន្មានរបស់អ្នក។

14 ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកថ្វាយព្រះ‌អម្ចាស់ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះទុកជាតង្វាយផលដំបូង។

15 ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាតង្វាយធញ្ញជាតិ។

16 បូជា‌ចារ្យយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ ទៅដុតនៅលើអាសនៈទុកជាទីរំឭក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះ‌អម្ចាស់»។