លេវី‌វិន័យ 4

យញ្ញ‌បូជារំដោះបាបរបស់មហាបូជា‌ចារ្យ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖

2 «ចូរប្រាប់កូនចៅអ៊ីស្រា‌អែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទ‌បញ្ជាណាមួយដែលព្រះ‌អម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ:

3 ប្រសិនបើមហាបូជា‌ចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលឲ្យប្រជា‌ជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះ‌អម្ចាស់ជាយញ្ញ‌បូជារំដោះបាប។

4 លោកនាំគោស្ទាវនោះមកថ្វាយព្រះ‌អម្ចាស់នៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។

5 លោកមហាបូជា‌ចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះ‌អម្ចាស់

6 រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំ‌ពីរដង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ខាងមុខវាំងននទី‌សក្ការៈ។

7 លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងពន្លាជួបព្រះ‌អម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញ‌បូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។

8 លោកយកខ្លាញ់ទាំងអស់របស់គោឈ្មោល ដែលថ្វាយជាយញ្ញ‌បូជារំដោះបាបនោះ គឺខ្លាញ់ដែលជាប់នឹងពោះ‌វៀន និងខ្លាញ់ទាំងអស់នៅលើពោះ‌វៀន

9 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។

10 បូជា‌ចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញ‌បូជា ដូចគេដុតចំណែករបស់យញ្ញ‌បូជាមេត្រី‌ភាពដែរ។

11 រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះ‌វៀន និងលាមក

12 ពោលគឺគោទាំងមូលត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ សម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។

យញ្ញ‌បូជារំដោះបាបរបស់សហគមន៍

13 «ប្រសិនបើសហគមន៍អ៊ីស្រា‌អែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុម‌ជំនុំមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ដែលបណ្ដាលឲ្យខ្លួនមានទោស

14 នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅថ្វាយព្រះ‌អម្ចាស់ជាយញ្ញ‌បូជារំដោះបាបនៅមុខពន្លាជួបព្រះ‌អម្ចាស់។

15 អស់លោកព្រឹទ្ធា‌ចារ្យ*របស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ហើយព្រឹទ្ធា‌ចារ្យមួយរូបចាក់កវានៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។

16 លោកមហាបូជា‌ចារ្យ*យកឈាមគោបាចូលទៅក្នុងពន្លាជួបព្រះ‌អម្ចាស់។

17 លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំ‌ពីរដង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ខាងមុខវាំងនន។

18 លោកយកឈាមនោះលាបលើស្នែងអាសនៈ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងពន្លាជួបព្រះ‌អម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញ‌បូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។

19 លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។

20 លោកធ្វើពិធីថ្វាយយញ្ញ‌បូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជា‌ចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជា‌ជន ហើយពួកគេក៏បានរួចពីបាប។

21 បន្ទាប់មក លោកយកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាយញ្ញ‌បូជារំដោះបាបរបស់សហគមន៍អ៊ីស្រា‌អែល»។

យញ្ញ‌បូជារំដោះបាបរបស់មេដឹកនាំ

22 «ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ជាព្រះរបស់គាត់ ដែលបណ្ដាលឲ្យខ្លួនមានទោស

23 នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយព្រះ‌អម្ចាស់។

24 គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញ‌បូជារំដោះបាប។

25 លោកបូជា‌ចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលថ្វាយជាយញ្ញ‌បូជារំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។

26 លោកដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាពដែរ។ លោកបូជា‌ចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។

យញ្ញ‌បូជារំដោះបាបរបស់ប្រជា‌ជនធម្មតា

27 ប្រសិនបើប្រជា‌ជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ដែលបណ្ដាលឲ្យខ្លួនមានទោស

28 នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះ‌អម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។

29 គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញ‌បូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។

30 លោកបូជា‌ចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។

31 លោកពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ លោកបូជា‌ចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។

32 ប្រសិនបើអ្នកនោះចង់ថ្វាយចៀមជាតង្វាយរំដោះបាប គេត្រូវថ្វាយចៀមញីល្អឥតខ្ចោះ។

33 គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញ‌បូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។

34 លោកបូជា‌ចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ដែលថ្វាយជាយញ្ញ‌បូជារំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល ហើយលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។

35 លោកពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀម ដែលថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ រួមជាមួយតង្វាយដែលគេដុតថ្វាយព្រះ‌អម្ចាស់។ លោកបូជា‌ចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។