លេវី‌វិន័យ 10

លោកណាដាប់ និងលោកអប៊ី‌ហ៊ូវបាត់បង់ជីវិត ក្រឹត្យ‌វិន័យស្ដីអំពីការកាន់ទុក្ខបូជា‌ចារ្យ

1 កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប់ និងអប៊ី‌ហ៊ូវ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ផ្ទុយពីបញ្ជារបស់ព្រះ‌អង្គ។

2 ពេលនោះ មានភ្លើងចេញពីព្រះ‌អម្ចាស់ឆេះពួកគេស្លាប់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។

3 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយឲ្យពួកគេលើកតម្កើងសិរី‌រុងរឿងរបស់យើង នៅចំពោះមុខប្រជា‌ជនទាំងមូល”»។ លោកអើរ៉ុនក៏នៅស្ងៀម។

4 លោកម៉ូសេហៅលោកមីសា‌អែល និងលោកអែលសា‌ផាន ជាកូនរបស់លោកអ៊ូ‌ស៊ាល ដែលត្រូវជាឪពុកមាលោកអើរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាក‌សពបង‌ប្អូនរបស់អ្នកពីទី‌សក្ការៈ ចេញទៅក្រៅជំរំ»។

5 ពួកគេធ្វើតាមបង្គាប់លោកម៉ូសេ ដោយរុំសាក‌សពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។

6 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងលោកអេ‌ឡា‌សារ និងលោកអ៊ីថា‌ម៉ារ ជាកូនរបស់លោកអើរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀក‌បំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រា‌អែលទាំងអស់ ជាបង‌ប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយ‌សារភ្លើងរបស់ព្រះ‌អម្ចាស់ចុះ។

7 រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការចាក់ប្រេងតែង‌តាំងឲ្យនៅបម្រើព្រះ‌អម្ចាស់»។ លោកអើរ៉ុន និងកូនរបស់លោក ក៏ធ្វើតាមបង្គាប់លោកម៉ូសេ។

ច្បាប់សម្រាប់បូជា‌ចារ្យ

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអើរ៉ុនថា៖

9 «មុនពេលចូលក្នុងពន្លាជួបព្រះ‌អម្ចាស់អ្នក និងកូនរបស់អ្នក មិនត្រូវផឹកស្រាទំពាំង‌បាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែ‌ប្រួលឡើយ។

10 ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ

11 ហើយអ្នករាល់គ្នាអាចបង្រៀនជន‌ជាតិអ៊ីស្រា‌អែលនូវច្បាប់ទាំងប៉ុន្មាន ដែលយើងប្រគល់ឲ្យពួកគេ តាមរយៈម៉ូសេ»។

12 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេ‌ឡា‌សារ និងអ៊ីថា‌ម៉ារ ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំប៉័ងឥតមេ ហើយបរិភោគនំប៉័ងនេះនៅជិតអាសនៈ ដ្បិតនំប៉័ងនេះជាអាហារដ៏‌វិសុទ្ធបំផុត។

13 អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងនេះក្នុងកន្លែងសក្ការៈ ព្រោះជាចំណែករបស់បង និងកូនរបស់បង បានមកពីតង្វាយដែលគេដុតថ្វាយព្រះ‌អម្ចាស់តាមបញ្ជាដែលខ្ញុំទទួលពីព្រះ‌អង្គ។

14 រីឯសាច់ទ្រូង និងភ្លៅរបស់សត្វ ដែលគេលើកថ្វាយព្រះ‌អម្ចាស់ គឺយញ្ញ‌បូជាមេត្រី‌ភាពរបស់ជន‌ជាតិអ៊ីស្រា‌អែល នោះត្រូវតែបរិភោគនៅក្នុងកន្លែងបរិសុទ្ធជាមួយកូនប្រុសកូនស្រីរបស់បង ព្រោះជាចំណែកសម្រាប់បង និងកូនរបស់បង។

15 ពេលជន‌ជាតិអ៊ីស្រា‌អែលយកខ្លាញ់មកដុតថ្វាយព្រះ‌អម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះ‌អម្ចាស់ រួចប្រគល់ឲ្យបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចព្រះ‌អម្ចាស់បានបង្គាប់»។

16 លោកម៉ូសេសួររកពពែឈ្មោល ដែលជាតង្វាយរំដោះបាប រួចលោកជ្រាបថាគេបានដុតវាផុតទៅហើយ។ លោកក៏ខឹងនឹងលោកអេ‌ឡា‌សារ ព្រមទាំងលោកអ៊ីថា‌ម៉ារ ជាកូនរបស់លោកអើរ៉ុនដែលនៅរស់។ លោកសួរពួកគេថា៖

17 «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់ដែលថ្វាយជាយញ្ញ‌បូជារំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារដ៏‌វិសុទ្ធបំផុត ដែលព្រះ‌អម្ចាស់ប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។

18 ដោយអ្នករាល់គ្នាមិនបានយកឈាមរបស់សត្វ ចូលមកក្នុងកន្លែងសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចខ្ញុំបានបង្គាប់»។

19 លោកអើរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជន‌ជាតិអ៊ីស្រា‌អែលបាននាំយកយញ្ញ‌បូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយព្រះ‌អម្ចាស់ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញ‌បូជារំដោះបាប តើព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យដែរឬ?»។

20 លោកម៉ូសេយល់ស្របនឹងពាក្យនេះ។