លេវី‌វិន័យ 12

ពិធីជម្រះកាយស្ត្រីក្រោយពេលឆ្លងទន្លេ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំ‌ពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។

3 នៅថ្ងៃទីប្រាំ‌បី គេត្រូវធ្វើពិធីកាត់ស្បែក ឲ្យកូនប្រុសនោះ។

4 បន្ទាប់មក នាងត្រូវរង់‌ចាំអស់រយៈពេលសាម‌សិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយ‌សារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសម្រាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះ‌ពាល់អ្វីដែលវិសុទ្ធ ឬចូលទៅក្នុងទី‌សក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបរិសុទ្ធ។

5 ប្រសិនបើនាងសម្រាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសប្ដាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់‌ចាំអស់រយៈពេលហុក‌សិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយ ដោយ‌សារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។

6 លុះផុតពេលកំណត់ដែលនាងធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ ព្រោះតែការសម្រាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបបូជា‌ចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ ដោយនាំកូនចៀមអាយុមួយខួប សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប។

7 បូជា‌ចារ្យថ្វាយសត្វទាំងនេះចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅ‌ហ្មង ដោយ‌សារការធ្លាក់ឈាម នៅពេលសម្រាលកូន។ នេះជាក្រឹត្យ‌វិន័យសម្រាប់ស្ត្រីដែលសម្រាលកូនប្រុស ឬកូនស្រី។

8 ប្រសិនបើនាងគ្មានលទ្ធ‌ភាពថ្វាយកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប។ ក្រោយពីបូជា‌ចារ្យធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។