លេវី‌វិន័យ 17

កន្លែងដែលត្រូវថ្វាយយញ្ញ‌បូជា

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖

2 «ចូរប្រាប់អើរ៉ុន និងកូនប្រុសរបស់គាត់ ព្រមទាំងជន‌ជាតិអ៊ីស្រា‌អែលទាំងមូលថាព្រះ‌អម្ចាស់បានបង្គាប់ដូចតទៅ:

3 ក្នុងចំណោមកូនចៅអ៊ីស្រា‌អែល បើបុរសណាម្នាក់ចង់ចាក់កគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ

4 ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ ដើម្បីថ្វាយជាតង្វាយដល់ព្រះ‌អង្គ នៅមុខព្រះ‌ពន្លា។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជា‌ជនរបស់ខ្លួន។

5 ធ្វើដូច្នេះ ដើម្បីឃាត់ជន‌ជាតិអ៊ីស្រា‌អែលមិនឲ្យសម្លាប់សត្វធ្វើយញ្ញ‌បូជា នៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនបូជា‌ចារ្យ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ ហើយថ្វាយដល់ព្រះ‌អម្ចាស់ទុកជាយញ្ញ‌បូជាមេត្រី‌ភាព។

6 បូជា‌ចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះ‌អម្ចាស់នៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។ បូជា‌ចារ្យត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

7 ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញ‌បូជាទៅព្រះក្លែង‌ក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាច្បាប់ដែលពួកគេ និងពូជ‌ពង្សរបស់ពួកគេ ត្រូវកាន់រហូតតទៅ ឥតប្រែ‌ប្រួលឡើយ។

8 ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រា‌អែល ឬជនបរ‌ទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ថ្វាយតង្វាយដុតទាំងមូល ឬយញ្ញ‌បូជាអ្វីមួយ

9 តែមិននាំសត្វនោះមកថ្វាយជាយញ្ញ‌បូជាដល់ព្រះ‌អម្ចាស់ត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជា‌ជនរបស់ខ្លួន»។

ការហាមឃាត់បរិភោគឈាម

10 «ក្នុងចំណោមកូនចៅអ៊ីស្រា‌អែល ឬជនបរ‌ទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជា‌ជនរបស់ខ្លួន

11 ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។

12 ហេតុនេះ យើងហាមជន‌ជាតិអ៊ីស្រា‌អែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរ‌ទេសដែលនៅជាមួយអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។

13 ក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល និងជនបរ‌ទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុ‌ប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។

14 ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមជន‌ជាតិអ៊ីស្រា‌អែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជា‌ជនរបស់ខ្លួន”។

15 មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរ‌ទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសម្អាតសម្លៀក‌បំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធ រហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។

16 ប្រសិនបើគេមិនលាងសម្លៀក‌បំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។