ក្រឹត្យវិន័យស្ដីអំពីពួកណាសារីត
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់ សម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត*ថ្វាយព្រះអម្ចាស់
3 អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។
4 ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។
5 ក្នុងពេលគេញែកខ្លួនជាអ្នកណាសារីត មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់គេជាមនុស្សដ៏វិសុទ្ធ គេត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃ ដែលគេបានកំណត់ទុក។
6 ក្នុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់គេមិនត្រូវចូលទៅជិតសាកសពឡើយ
7 សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ដូចមានសក់របស់គេជាសញ្ញាសម្គាល់ស្រាប់។
8 ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។
9 ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗ នៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។
10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
11 បូជាចារ្យយកសត្វមួយធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសារីតញែកខ្លួនជាសក្ការៈសាជាថ្មី។
12 គាត់ត្រូវចាប់ផ្ដើមញែកខ្លួនថ្វាយព្រះអម្ចាស់ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។
13 រីឯក្រឹត្យវិន័យស្ដីអំពីអ្នកណាសារីត មានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
14 គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។
15 គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំប៉័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សម្រាប់ច្រួចលើយញ្ញបូជា មកជាមួយផង។
16 បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។
17 លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំប៉័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។
18 ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងស្ថិតនៅពីក្រោមអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។
19 បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចំអិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីត ដែលទើបនឹងកោរសក់សក្ការៈ។
20 បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។
21 នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។
គំរូពាក្យជូនពរ
22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
23 «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ:
24 “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។
25 សូមព្រះអម្ចាស់ទតមកអ្នក
ដោយព្រះហឫទ័យមេត្តាករុណា
សូមព្រះអង្គប្រណីសន្ដោសអ្នក។
26 សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស
ចំពោះអ្នក និងប្រទានឲ្យអ្នក
បានប្រកបដោយសេចក្ដីសុខសាន្ត”។
27 ពេលពួកបូជាចារ្យឲ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។