ជន‌គណនា 21

ជ័យ‌ជំនះលើជន‌ជាតិកាណាន

1 ស្ដេចក្រុងអើរ៉ាត គឺស្ដេចរបស់ជន‌ជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថា‌រីម។ ស្ដេចក៏លើកទ័ពមកវាយអ៊ីស្រា‌អែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។

2 ពេលនោះ ជន‌ជាតិអ៊ីស្រា‌អែលបន់ព្រះ‌អម្ចាស់ថា៖ «ប្រសិនបើព្រះ‌អង្គប្រគល់ជន‌ជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំង‌ឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌អង្គ»។

3 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ពាក្យរបស់អ៊ីស្រា‌អែល ហើយប្រគល់ជន‌ជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រា‌អែលបានបំផ្លាញជន‌ជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោរ‌ម៉ា”។

ពស់ភ្លើង

4 ជន‌ជាតិអ៊ីស្រា‌អែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជា‌ជនបាក់ទឹកចិត្ត

5 ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះ‌អម្ចាស់ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះ‌អង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោ‌ស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញ‌ទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។

6 ពេលនោះព្រះ‌អម្ចាស់ក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល។

7 ប្រជា‌ជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះ‌អម្ចាស់ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូល‌អង្វរព្រះ‌អម្ចាស់សូមព្រះ‌អង្គបណ្ដេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូល‌អង្វរព្រះ‌អង្គឲ្យប្រជា‌ជន។

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។

9 លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។

អ៊ីស្រា‌អែលវាយយកទឹកដីខាងកើតទន្លេយ័រដាន់

10 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។

11 ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-‌អាបា‌រីម ក្នុងវាលរហោ‌ស្ថាននៅខាងកើតស្រុកម៉ូអាប់។

12 ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។

13 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោ‌ស្ថាន។ ស្ទឹងអើណូនជាព្រំ‌ដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។

14 ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ«សង្គ្រាមរបស់ព្រះ‌អម្ចាស់»ស្ដីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំង‌ឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះ ស្ទឹងអើណូន

15 ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំ‌ប្រទល់របស់ស្រុកម៉ូអាប់។

16 បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជា‌ជន ដើម្បីប្រទានទឹកឲ្យពួកគេ។

17 នៅទីនោះ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាច្រៀងចម្រៀងមួយបទដូចតទៅ:

«អណ្ដូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង!

ចូរបន្លឺសំឡេងអបអរ!

18 អណ្ដូងដែលពួកមេដឹកនាំបានខួង

អណ្ដូងដែលពួកវីរ‌ជនបានជីក

ដោយប្រើដំបងរាជ្យ និងឈើច្រត់!»។

19 បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោ‌ស្ថានឆ្ពោះទៅម៉ាថា‌ណា ពីម៉ាថា‌ណាទៅណាហា‌លាល ពីណាហា‌លាលទៅបាម៉ុត

20 ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅជាប់វាល‌រហោ‌ស្ថាន។

21 ជន‌ជាតិអ៊ីស្រា‌អែលចាត់អ្នកនាំសារឲ្យទៅគាល់ព្រះ‌បាទស៊ីហុន ជាស្ដេចរបស់ជន‌ជាតិអាម៉ូរី ទូលថា៖

22 «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះ‌ករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំង‌បាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះ‌ករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះ‌ករុណា»។

23 ព្រះ‌បាទស៊ីហុនមិនព្រមឲ្យជន‌ជាតិអ៊ីស្រា‌អែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកង‌ទ័ពទាំងមូលចេញមកវាយប្រហារជន‌ជាតិអ៊ីស្រា‌អែល នៅវាលរហោ‌ស្ថាន គឺស្ដេចវាយប្រហារជន‌ជាតិអ៊ីស្រា‌អែលនៅយ៉ាហាស់។

24 ជន‌ជាតិអ៊ីស្រា‌អែលបានប្រហារព្រះ‌បាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំ‌ប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹង‌មាំ។

25 ជន‌ជាតិអ៊ីស្រា‌អែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែស‌បូន និងស្រុកភូមិដែលនៅជុំ‌វិញ។

26 ក្រុងហែស‌បូនជារាជធានីរបស់ព្រះ‌បាទស៊ីហុន ជាស្ដេចរបស់ជន‌ជាតិអាម៉ូរី។ ព្រះ‌បាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជន‌ជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាត‌សន្ធឹងរហូតដល់ស្ទឹងអើណូន។

27 ហេតុនេះហើយបានជាពួកកវីតែងពោលថា៖

ចូរនាំគ្នាមកហែស‌បូន!

ចូរសង់ក្រុងរបស់ស្ដេចស៊ីហុន

ហើយរៀប‌ចំឲ្យដូចដើមឡើងវិញ!

28 ដ្បិតមានភ្លើងមួយចេញពីហែស‌បូន

អណ្ដាតភ្លើងមួយចេញពីក្រុងរបស់ស្ដេចស៊ីហុន

ឆាប‌ឆេះក្រុងអើរនៅស្រុកម៉ូអាប់

និងពួកមេ‌កន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។

29 ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ!

ប្រជា‌ជនដែលថ្វាយ‌បង្គំព្រះ‌កេម៉ូសអើយ

អ្នកអន្តរាយហើយ!

ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន

រត់ខ្ចាត់‌ខ្ចាយ

ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយ

របស់ព្រះ‌បាទស៊ីហុន ជាស្ដេចស្រុកអាម៉ូរី!

30 ពួកយើងបានបាញ់ព្រួញទៅលើពួកគេ

យើងបានកម្ទេចស្រុករបស់ពួកគេ

ចាប់ពីក្រុងហែស‌បូន រហូតដល់ក្រុងឌីបូន

យើងបានបំផ្លាញស្រុករបស់ពួកគេ

រហូតដល់ក្រុងណូផា

ដែលនៅជាប់នឹងក្រុងមេឌី‌បា។

31 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាតាំងទីលំ‌នៅ នៅក្នុងស្រុកអាម៉ូរី។

32 លោកម៉ូសេបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ា‌ស៊ើរ ហើយជន‌ជាតិអ៊ីស្រា‌អែលវាយដណ្ដើមយកក្រុង និងស្រុកភូមិដែលនៅជុំ‌វិញ ព្រមទាំងដេញជន‌ជាតិអាម៉ូរីចេញពីទឹកដីនោះ។

33 បន្ទាប់មក ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រា‌អែល នៅអេទ្រី។

34 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្ដេចនេះ និងកង‌ទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែស‌បូនដែរ»។

35 ជន‌ជាតិអ៊ីស្រា‌អែលក៏វាយស្ដេចអុក ព្រមទាំងបុត្ររបស់ស្ដេច និងកង‌ទ័ពទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មក ពួកគេកាន់កាប់ស្រុករបស់ស្ដេចនោះ។