ទុតិយ‌កថា 34

លោកម៉ូសេទទួលមរណ‌ភាព

1 លោកម៉ូសេឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីសកា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ ។ព្រះ‌អម្ចាស់បានបង្ហាញឲ្យលោកឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់

2 ទឹកដីណែប‌ថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណា‌សេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌី‌ទែរ៉ាណេ

3 តំបន់ណេកិប ព្រមទាំងតំបន់ជុំ‌វិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺង‌ម៉ាត់ចំពោះអប្រាហាំ អ៊ីសាក និងយ៉ាកុបថា “យើងនឹងប្រគល់ស្រុកនេះឲ្យពូជ‌ពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។

5 លោកម៉ូសេ ជាអ្នកបម្រើព្រះ‌អម្ចាស់បានទទួលមរណ‌ភាពនៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

6 ព្រះ‌អម្ចាស់បញ្ចុះសពលោកនៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេត‌ពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះ ពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។

7 ពេលលោកម៉ូសេទទួលមរណ‌ភាពនោះ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកលោកមិនអន់ទេ រីឯកម្លាំងរបស់លោក ក៏មិនចុះអន់‌ថយដែរ។

8 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាម‌សិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាម‌សិបថ្ងៃនោះ។

9 លោកយ៉ូស្វេ ជាកូនរបស់លោកនូន ពោរ‌ពេញដោយប្រាជ្ញា‌ញាណ ដ្បិតលោកម៉ូសេបានដាក់ដៃលើលោក ។ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាស្ដាប់បង្គាប់លោកយ៉ូស្វេ ដោយធ្វើតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។

10 នៅស្រុកអ៊ីស្រា‌អែលពុំដែលមានព្យាការីណាម្នាក់ដូចលោកម៉ូសេទេ គឺព្រះ‌អម្ចាស់មានព្រះ‌បន្ទូលជាមួយលោក មុខទល់នឹងមុខ។

11 គ្មាននរណាម្នាក់សម្តែងទីសម្គាល់ និងឫទ្ធិ‌បាដិ‌ហារិយ៍ ដូចព្រះ‌អម្ចាស់ចាត់លោកឲ្យទៅសម្តែងនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ព្រមទាំងរាជបម្រើ និងប្រជា‌ជនទាំងមូលនៅស្រុកនោះឡើយ

12 ហើយក៏គ្មាននរណាម្នាក់អាចសម្តែងឫទ្ធិ‌បារមីគួរឲ្យស្ញែងខ្លាច នៅចំពោះមុខជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ដូចលោកម៉ូសេដែរ។