យ៉ូស្វេ 1

លោកយ៉ូស្វេបន្តមុខ‌ងារពីលោកម៉ូសេ

1 ក្រោយពីលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានទទួលមរណ‌ភាពផុតទៅព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់លោកម៉ូសេថា៖

2 «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជា‌ជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។

3 អ្នករាល់គ្នាឈានជើងជាន់កន្លែងណា យើងប្រគល់ឲ្យទាំងអស់ ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ហើយ ។

4 ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់តាំងពីវាលរហោ‌ស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជន‌ជាតិហេតទាំងមូល ។

5 ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជា‌និច្ច យើងមិនបោះបង់ចោលអ្នកឡើយ។

6 ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជា‌ជននេះឲ្យគ្រប់‌គ្រងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។

7 ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមក្រឹត្យ‌វិន័យ*ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីក្រឹត្យ‌វិន័យនេះ ដោយងាកទៅស្ដាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យ‌ជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។

8 ត្រូវទន្ទេញគម្ពីរនៃក្រឹត្យ‌វិន័យនេះជា‌និច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចម្រុង‌ចម្រើន និងទទួលជោគ‌ជ័យ។

9 តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់‌ស្លុតឲ្យសោះ ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។

ការរៀបចំមុននឹងឆ្លងទន្លេយ័រដាន់

10 នៅពេលនោះ លោកយ៉ូស្វេបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជា‌ជនដូចតទៅ៖

11 «ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជា‌ជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។

12 បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កុល‌សម្ព័ន្ធ*រូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ដូចតទៅ៖

13 «ចូរចងចាំនូវពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បង្គាប់អ្នករាល់គ្នាថា “ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺព្រះ‌អង្គប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។

14 ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលលោកម៉ូសេបានប្រគល់ឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់‌អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបង‌ប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ

15 រហូតដល់ព្រះ‌អម្ចាស់ប្រទានឲ្យបង‌ប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។

16 ពួកគេឆ្លើយទៅលោកយ៉ូស្វេថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។

17 យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះ‌អម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះ‌អង្គបានគង់នៅជាមួយលោកម៉ូសេដែរ។

18 ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លា‌ហានឡើង»។