យ៉ូស្វេ 11

សមរ‌ភូមិនៅត្រង់ជ្រោះមេរ៉ូម

1 កាលព្រះ‌បាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ ជ្រាបហេតុ‌ការណ៍ទាំងនោះហើយ ស្ដេចផ្ញើរាជ‌សារទៅព្រះ‌បាទយ៉ូបាប់ ជាស្ដេចក្រុងម៉ាដូន ទៅស្ដេចក្រុងស៊ីម‌រ៉ូន និងទៅស្ដេចក្រុងអាសាប

2 ព្រមទាំងស្ដេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគី‌ណា‌រ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។

3 ស្ដេចក៏បានផ្ញើរាជ‌សារទៅជន‌ជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ ជន‌ជាតិអាម៉ូរី ជន‌ជាតិហេត ជន‌ជាតិពេរី‌ស៊ីត ជន‌ជាតិយេប៊ូស នៅតំបន់ភ្នំ និងជន‌ជាតិហេវីនៅតំបន់ជើងភ្នំហ៊ើរ‌ម៉ូន ក្នុងស្រុកមីសប៉ា។

4 ស្ដេចទាំងនោះបានលើករេហ៍៍‌ពលចេញមកផ្ដុំគ្នា ជាកង‌ទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។

5 ស្ដេចទាំងនោះបានព្រមព្រៀងពួត‌ដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រា‌អែល។

6 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រា‌អែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។

7 លោកយ៉ូស្វេ និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។

8 ព្រះ‌អម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជន‌ជាតិអ៊ីស្រា‌អែល។ ជន‌ជាតិអ៊ីស្រា‌អែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីស‌រិផូត-‌ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជន‌ជាតិអ៊ីស្រា‌អែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។

9 លោកយ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។

លោកយ៉ូស្វេវាយយកក្រុងហាសោរ

10 ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្ដេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរជារាជធានីនៃអាណា‌ចក្រទាំងនោះ។

11 កង‌ទ័ពអ៊ីស្រា‌អែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌ជាម្ចាស់ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។

12 លោកយ៉ូស្វេវាយយកក្រុងទាំងអស់ និងចាប់ស្ដេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌ជាម្ចាស់ ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបម្រើព្រះ‌អម្ចាស់។

13 ជន‌ជាតិអ៊ីស្រា‌អែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើក‌លែងតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលលោកយ៉ូស្វេបានដុតចោល។

14 ជន‌ជាតិអ៊ីស្រា‌អែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះ ទុកជាជយ‌ភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។

15 ព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះ‌អង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស្វេយ៉ាងនោះដែរ ហើយលោកយ៉ូស្វេធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេស‌ប្រហែសត្រង់ណាឡើយ។

សមរ‌ភូមិចុងក្រោយ

16 លោកយ៉ូស្វេយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិបទាំងមូល ស្រុកកូសែនទាំងមូល តំបន់វាលទំនាប តំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រា‌អែល និងវាលទំនាបនៃតំបន់នោះ។

17 លោកវាយឈ្នះ និងប្រហារជីវិតស្ដេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាល‌កាដ ក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើរ‌ម៉ូន។

18 លោកយ៉ូស្វេធ្វើសង្គ្រាមជាមួយស្ដេចទាំងនោះអស់រយៈពេលយ៉ាងយូរ។

19 គ្មានក្រុងណាមួយសុំសន្តិ‌ភាពពីជន‌ជាតិអ៊ីស្រា‌អែលទេ លើក‌លែងតែជន‌ជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជន‌ជាតិអ៊ីស្រា‌អែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។

20 ព្រះ‌អម្ចាស់បានធ្វើឲ្យប្រជា‌ជននៅស្រុកនោះ មានចិត្តរឹង‌រូសចង់ធ្វើសង្គ្រាមជាមួយជន‌ជាតិអ៊ីស្រា‌អែល ដើម្បីឲ្យប្រជា‌ជនអ៊ីស្រា‌អែលបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌អង្គ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានបង្គាប់មកលោកម៉ូសេ។

21 នៅគ្រាដដែលនោះ លោកយ៉ូស្វេលើកទ័ពទៅវាយជន‌ជាតិអា‌ណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរ ក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និងស្រុកអ៊ីស្រា‌អែលទាំងមូល។ លោកយ៉ូស្វេបំផ្លាញពួកគេ និងក្រុងរបស់គេ ថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់

22 គ្មានសេស‌សល់ជន‌ជាតិអា‌ណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រា‌អែលឡើយ គឺមានសល់តែនៅក្រុងកាសា ក្រុងកាថ និងក្រុងអាស‌ដូតប៉ុណ្ណោះ។

23 លោកយ៉ូស្វេយកបានស្រុកទាំងមូល ស្របតាមព្រះ‌បន្ទូលទាំងប៉ុន្មានដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។ លោកយ៉ូស្វេយកទឹកដីនោះមកចែកឲ្យជន‌ជាតិអ៊ីស្រា‌អែល ទុកជាមត៌ក តាមកុល‌សម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខ‌សាន្ត‌ត្រាណ គ្មានសង្គ្រាមទៀតឡើយ។