យ៉ូស្វេ 13

ទឹកដីដែលត្រូវវាយយកបន្តទៀត

1 នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ រីឯទឹកដីដែលត្រូវវាយយក ក៏នៅសល់ច្រើនណាស់ដែរ។

2 ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូ‌រីទាំងមូល

3 ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជន‌ជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំ‌ប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះ មាននគរប្រាំរបស់ជន‌ជាតិភីលីស្ទីន ដែលមានរាជធានីនៅក្រុងកាសា ក្រុងអាស‌ដូឌ ក្រុងអាស‌កាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជន‌ជាតិអាវីមក៏រស់នៅលើទឹកដីដែរ។

4 នៅខាងត្បូង មានស្រុកកាណានទាំងមូល និងក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជន‌ជាតិស៊ីដូន រហូតទៅដល់ក្រុងអាផែក និងព្រំ‌ប្រទល់ស្រុកអាម៉ូរី

5 ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាល‌កាដ នៅជើងភ្នំហ៊ើរ‌ម៉ូន រហូតដល់ច្រកហា‌ម៉ាត់។

6 ក្នុងនោះក៏មានទឹកដីទាំងប៉ុន្មានរបស់ជន‌ជាតិស៊ីដូន ដែលរស់នៅតាមតំបន់ភ្នំ គឺចាប់តាំងពីភ្នំលីបង់រហូតដល់ក្រុងមីស‌រិផូត-‌ម៉ែមដែរ។ យើងនឹងបណ្ដេញជន‌ជាតិទាំងនោះ ចេញពីមុខជន‌ជាតិអ៊ីស្រា‌អែល។ ត្រូវបែងចែកទឹកដីនោះដល់ជន‌ជាតិអ៊ីស្រា‌អែល ដូចយើងបានបង្គាប់ដល់អ្នកស្រាប់ហើយ។

7 ឥឡូវនេះ ចូរបែងចែកទឹកដីកុល‌សម្ព័ន្ធទាំងប្រាំបួន និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ទុកជាមត៌កទៅ»។

ការបែងចែកទឹកដីនៅខាងកើតទន្លេយ័រដាន់

8 កុល‌សម្ព័ន្ធរូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។

9 ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូ‌អ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេ‌បាទាំងមូល រហូតដល់ក្រុងឌីបូន។

10 ទឹកដីនោះលាតសន្ធឹងរហូតដល់ព្រំ‌ប្រទល់នៃស្រុករបស់ជន‌ជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះ‌បាទស៊ីហុន ជាស្ដេចនៃជន‌ជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេស‌បូន

11 និងស្រុកកាឡាដទឹកដីស្រុកកេ‌ស៊ួ‌រី និងម៉ាកា‌ធី ព្រមទាំងតំបន់ភ្នំហ៊ើរ‌ម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាល‌កា

12 ពោលគឺអាណា‌ចក្រទាំងមូលរបស់ព្រះ‌បាទអុក នៅស្រុកបាសាន ហើយជាជន‌ជាតិរេផែមមួយរូប ក្នុងចំណោមជន‌ជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថា‌រ៉ូត និងក្រុងអេទ្រី។ លោកម៉ូសេបានវាយយកទឹកដីពីស្ដេចទាំងនោះ។

13 ក៏ប៉ុន្តែ ជន‌ជាតិអ៊ីស្រា‌អែលពុំបានបណ្ដេញជន‌ជាតិកេស៊ូ‌រី និងជន‌ជាតិម៉ាកា‌ធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជន‌ជាតិកេស៊ួ‌រី និងជន‌ជាតិម៉ាកា‌ធី រស់នៅជាមួយជន‌ជាតិអ៊ីស្រា‌អែល រហូតមកដល់សព្វថ្ងៃ។

14 មានតែកុល‌សម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុត ដែលប្រជា‌ជនយកមកថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល។ នេះហើយជាមត៌ករបស់ពួកគេ ដូចព្រះ‌អង្គបានបង្គាប់មកពួកគេ។

ទឹកដីរបស់កុល‌សម្ព័ន្ធរូបេន

15 លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុល‌សម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។

16 ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូ‌អ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេ‌ដេបា

17 ក្រុងហេស‌បូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-‌បាល ក្រុងបេតបាល‌មេយ៉ូន

18 ក្រុងយ៉ាហាស ក្រុងកេដេ‌មូត ក្រុងមេផាត

19 ក្រុងគារយ៉ា‌ថែម ក្រុងស៊ីប‌ម៉ា ក្រុងសេរេត-‌ហា‌សាកា ដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប

20 ក្រុងបេត‌ពេ‌អ៊រ ជម្រាលភ្នំពីសកា ក្រុងបេត‌យេ‌ស៊ីម៉ុត

21 ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណា‌ចក្រទាំងមូលរបស់ព្រះ‌បាទស៊ីហុន ជាស្ដេចរបស់ជន‌ជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេស‌បូន។ លោកម៉ូសេបានវាយប្រហារព្រះ‌បាទស៊ីហុន ព្រមទាំងស្ដេចឯទៀតៗ ដែលជាចំណុះរបស់ព្រះ‌បាទស៊ីហុន គឺមានស្ដេចរបស់ជន‌ជាតិម៉ាឌាន ជន‌ជាតិអេវី ជន‌ជាតិរេគែម ជន‌ជាតិស៊ើរ ជន‌ជាតិហ៊ើរ និងជន‌ជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។

22 ក្នុងចំណោមអស់អ្នកដែលជន‌ជាតិអ៊ីស្រា‌អែលបានសម្លាប់ មានលោកបាឡាមជាគ្រូទាយ ដែលត្រូវជាកូនរបស់លោកបេអ៊រ។

23 ព្រំ‌ប្រទល់ខាងលិចនៃទឹកដីរបស់កុល‌សម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុល‌សម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។

ទឹកដីរបស់កុល‌សម្ព័ន្ធកាដ

24 លោកម៉ូសេក៏បានប្រគល់ទឹកដីមួយចំណែកឲ្យកុល‌សម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។

25 ពួកគេទទួលបានទឹកដីស្រុកយ៉ា‌ស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូ‌អើរ ដែលនៅខាងមុខក្រុងរ៉ាបាត។

26 ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងហេស‌បូន រហូតដល់ក្រុងរ៉ាម៉ាត-‌មីសប៉េ និងក្រុងបេ‌ថូ‌នីម ហើយចាប់តាំងពីក្រុងម៉ាហា‌ណែមរហូតដល់ព្រំ‌ប្រទល់ស្រុកដេបៀរ។

27 នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេត‌ហា‌រ៉ាម ក្រុងបេត‌នីម‌រ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណា‌ចក្ររបស់ព្រះ‌បាទស៊ីហុន ជាស្ដេចនៅក្រុងហេស‌បូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ ដែលជាព្រំ‌ប្រទល់ ព្រមទាំងស្រុកភូមិនៅជុំ‌វិញ រហូតដល់ចុងសមុទ្រគេ‌នេ‌សារ៉ែត។

28 នេះជាមត៌ករបស់កុល‌សម្ព័ន្ធកាដ តាមអំបូរ និងស្រុកភូមិរបស់គេ។

ទឹកដីរបស់កុល‌សម្ព័ន្ធម៉ាណា‌សេខាងកើត

29 លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់‌កណ្ដាល ទៅតាមអំបូររបស់គេ។

30 ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហា‌ណែម ស្រុកបាសាន ជាអាណា‌ចក្រទាំងមូលរបស់ព្រះ‌បាទអុក ស្ដេចស្រុកបាសាន ព្រមទាំងភូមិហុក‌សិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន

31 ពាក់កណ្ដាលស្រុកកាឡាដ ក្រុងអាសថា‌រ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ព្រះ‌បាទអុក នៅស្រុកបាសាន។ លោកម៉ូសេបានប្រគល់ទឹកដីទាំងនោះ ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុល‌សម្ព័ន្ធម៉ាណា‌សេ។

32 នេះហើយជាទឹកដីដែលលោកម៉ូសេបានប្រគល់ឲ្យពួកគេ ទុកជាមត៌ក នៅខាងកើតក្រុងយេរីខូ និងត្រើយខាងកើតទន្លេយ័រដាន់ គឺនៅវាលរាបស្រុកម៉ូអាប់។

33 លោកម៉ូសេពុំបានចែកទឹកដីឲ្យកុល‌សម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែ លោកប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបម្រើព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។