ចៅហ្វាយ 10

លោកថូឡា និងលោកយ៉ាអៀរ

1 ក្រោយពេលលោកអប៊ីម៉ា‌ឡេកទទួលមរណ‌ភាពផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុល‌សម្ព័ន្ធអ៊ីសា‌ខារ បានងើបឡើងរំដោះជន‌ជាតិអ៊ីស្រា‌អែល។ លោកជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។

2 លោកបានគ្រប់‌គ្រងលើស្រុកអ៊ីស្រា‌អែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណ‌ភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។

3 ក្រោយពេលលោកថូឡាទទួលមរណ‌ភាពទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់‌គ្រងលើស្រុកអ៊ីស្រា‌អែលអស់រយៈពេលម្ភៃពីរឆ្នាំ។

4 លោកមានកូនប្រុសសាម‌សិបនាក់ ដែលមានលាសាម‌សិបជាជំនិះ និងគ្រប់‌គ្រងលើក្រុងសាម‌សិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។

5 បន្ទាប់មក លោកយ៉ាអៀរក៏ទទួលមរណ‌ភាព គេបញ្ចុះសពរបស់លោកនៅក្រុងកាម៉ូន។

ជន‌ជាតិអាំម៉ូនវាយប្រហារអ៊ីស្រា‌អែល

6 គ្រានោះ ជន‌ជាតិអ៊ីស្រា‌អែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះ‌អាស‌ថារ៉ូត ព្រមទាំងព្រះនានារបស់ជន‌ជាតិស៊ីរី ព្រះរបស់ជន‌ជាតិស៊ីដូន ព្រះរបស់ជន‌ជាតិម៉ូអាប់ ព្រះរបស់ជន‌ជាតិអាំម៉ូន និងព្រះរបស់ជន‌ជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះ‌អម្ចាស់ហើយមិនគោរពថ្វាយ‌បង្គំព្រះ‌អង្គទៀតឡើយ។

7 ដូច្នេះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធជាមួយជន‌ជាតិអ៊ីស្រា‌អែល ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ជន‌ជាតិភីលីស្ទីន និងជន‌ជាតិអាំម៉ូន។

8 ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជន‌ជាតិទាំងពីរបានសង្កត់‌សង្កិន និងធ្វើបាបជន‌ជាតិអ៊ីស្រា‌អែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជន‌ជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។

9 រីឯជន‌ជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុល‌សម្ព័ន្ធយូដា បេន‌យ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជន‌ជាតិអ៊ីស្រា‌អែលរងទុក្ខលំបាកយ៉ាងខ្លាំង។

10 ដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាស្រែកអង្វរព្រះ‌អម្ចាស់ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះ‌ហឫទ័យព្រះ‌អង្គ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះ‌អង្គដែលជាព្រះនៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។

11 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតបមកជន‌ជាតិអ៊ីស្រា‌អែលវិញថា៖ «ពេលជន‌ជាតិអេស៊ីប ជន‌ជាតិអាម៉ូរី ជន‌ជាតិអាំម៉ូន ជន‌ជាតិភីលីស្ទីន

12 ជន‌ជាតិស៊ីដូន ជន‌ជាតិអាម៉ា‌ឡេក និងជន‌ជាតិម៉ាអូន បានជិះ‌ជាន់សង្កត់‌សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃគេទេឬអី?

13 ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបម្រើព្រះផ្សេងៗទៀត យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។

14 ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។

15 ជន‌ជាតិអ៊ីស្រា‌អែលទូលព្រះ‌អង្គវិញថា៖ «ឱព្រះ‌អម្ចាស់អើយ យើងខ្ញុំធ្វើខុសហើយ សូមដាក់ទោសយើងខ្ញុំ តាមព្រះ‌ហឫទ័យរបស់ព្រះ‌អង្គចុះ តែថ្ងៃនេះ សូមទ្រង់មេត្តារំដោះយើងខ្ញុំផង!»។

16 ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើព្រះ‌អម្ចាស់វិញ ធ្វើឲ្យព្រះ‌អង្គរំជួលព្រះ‌ហឫទ័យ ដោយឃើញទុក្ខវេទនារបស់ជន‌ជាតិអ៊ីស្រា‌អែល។

17 គ្រានោះ ជន‌ជាតិអាំម៉ូនប្រមូលផ្ដុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជន‌ជាតិអ៊ីស្រា‌អែលក៏ប្រមូលគ្នាបោះទ័ពនៅមីស‌ប៉ាដែរ។

18 ប្រជា‌ជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជន‌ជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជា‌ជនកាឡាដទាំងមូល។