នាងរស់ 4

ពិធីមង្គលការនាងរស់ និងលោកបូអូស

1 លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់‌ញាតិជិតបំផុតរបស់លោកអេលី‌ម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។

2 លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។

3 លោកមានប្រសាសន៍ទៅកាន់សាច់‌ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលី‌ម៉ាឡេក។

4 ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបង‌ប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។

5 លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ ជាសាសន៍ម៉ូអាប់ ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បង‌ប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។

6 បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរ‌អាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។

7 កាលពីដើមនៅស្រុកអ៊ីស្រា‌អែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅឲ្យម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។

8 ហេតុនេះហើយបានជានៅពេលបុរសនោះពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។

9 លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជា‌ជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលី‌ម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលី‌យ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។

10 ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរ‌មត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជ‌ពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់‌វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះ អស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។

11 ពួកចាស់ទុំ និងប្រជា‌ជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះ‌អម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជន‌ជាតិអ៊ីស្រា‌អែលដែរ! សូមឲ្យលោកមានសម្បត្តិស្ដុក‌ស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេ‌ហិម។

12 សូមព្រះ‌អម្ចាស់ប្រទានឲ្យលោក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារលោក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។

លោកបូអូស និងពូជ‌ពង្សរបស់លោក

13 លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមកព្រះ‌អម្ចាស់បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ។

14 ពួកស្ត្រីនៅភូមិបេថ្លេ‌ហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះ‌គុណព្រះ‌អម្ចាស់ដ្បិតព្រះ‌អង្គបានប្រោសប្រទានឲ្យអ្នកមានចៅប្រុសមួយសម្រាប់ថែ‌រក្សាអ្នក!។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បី‌ល្បាញ ក្នុងស្រុកអ៊ីស្រា‌អែល

15 ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែ‌រក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំ‌ពីរនាក់ទៅទៀត»។

16 នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។

17 ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ លោកអូបេដនេះហើយ ដែលត្រូវជាឪពុកលោកអ៊ីសាយ ហើយលោកអ៊ីសាយជាបិតារបស់ព្រះ‌បាទដាវីឌ។

18 នេះជាពូជ‌ពង្សលោកពេរេស: លោកពេរេសបង្កើតលោកហេត‌ស្រុន

19 លោកហេត‌ស្រុនបង្កើតលោករ៉ាម លោករ៉ាមបង្កើតលោកអមី‌ណា‌ដាប់

20 លោកអមី‌ណា‌ដាប់បង្កើតលោកណា‌សូន លោកណា‌សូនបង្កើតលោកសាល‌ម៉ូន

21 លោកសាល‌ម៉ូនបង្កើតលោកបូអូស លោកបូអូសបង្កើតលោកអូបេដ

22 លោកអូបេដបង្កើតលោកអ៊ីសាយ ហើយលោកអ៊ីសាយបង្កើតព្រះ‌បាទដាវីឌ។