កាឡាទី 6

ការជួយធុរៈគ្នាទៅវិញទៅមក

1 បង‌ប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បង‌ប្អូនដែលមានព្រះ‌វិញ្ញាណនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្តស្លូត‌បូត។ ក៏ប៉ុន្តែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។

2 ត្រូវជួយរំលែកទុក្ខ‌ធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបង‌ប្អូនបំពេញតាមក្រឹត្យ‌វិន័យរបស់ព្រះ‌គ្រិស្ដ*ទាំងស្រុង។

3 ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។

4 ម្នាក់ៗត្រូវពិនិត្យ‌ពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ត ប្រសិនបើរកឃើញហេតុដែលធ្វើឲ្យខ្លួនឯងខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ

5 ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត។

6 ចំពោះអ្នកដែលទទួលការអប់រំខាងព្រះ‌បន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។

7 សូមបង‌ប្អូនកុំយល់ច្រឡំ គ្មាននរណាមើល‌ងាយព្រះ‌ជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។

8 អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផលដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះ‌វិញ្ញាណវិញ នឹងច្រូតយកផលជាជីវិតអស់‌កល្បជា‌និច្ច មកពីព្រះ‌វិញ្ញាណ។

9 យើងមិនត្រូវនឿយ‌ណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់ យើងនឹងច្រូតបានផលជាមិនខាន។

10 ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបង‌ប្អូនរួមជំនឿ។

ពាក្យរំឭកដាស់‌តឿនចុងបញ្ចប់

11 តួអក្សរធំៗដែលបង‌ប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបង‌ប្អូនដោយដៃខ្ញុំផ្ទាល់។

12 អស់អ្នកដែលចង់បានកិត្តិយសខាងលោកីយ៍ បានបង្ខំបង‌ប្អូនឲ្យកាត់ស្បែក* ក្នុងគោលបំណងកុំឲ្យមានគេបៀត‌បៀន ព្រោះតែឈើឆ្កាងរបស់ព្រះ‌គ្រិស្ដប៉ុណ្ណោះ។

13 ចំពោះអ្នកដែលកាត់ស្បែកទាំងនោះ ខ្លួនគេផ្ទាល់ពុំកាន់តាមក្រឹត្យ‌វិន័យទេ គឺគេចង់ឲ្យបង‌ប្អូនកាត់ស្បែក ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានកាត់ស្បែកឲ្យបង‌ប្អូន។

14 រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះ‌យេស៊ូគ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើងឡើយ។ ដោយ‌សារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់‌ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់‌ទាមអ្វីនឹងពិភពលោកទៀតដែរ ។

15 ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯ‌ណោះ ទើបសំខាន់។

16 សូមព្រះ‌ជាម្ចាស់ប្រទានសេចក្ដីសុខ‌សាន្ត និងមេត្តា‌ករុណាដល់អស់អ្នកដែលអនុវត្តតាមគោលគំនិតនេះ និងដល់ប្រជា‌រាស្ត្រអ៊ីស្រា‌អែលរបស់ព្រះ‌អង្គ។

17 អំណើះតទៅ សូមកុំឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំពិបាកចិត្តទៀតឡើយ ដ្បិតខ្ញុំមានស្លាក‌ស្នាម របស់ព្រះ‌យេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។

18 បង‌ប្អូនអើយ សូមព្រះ‌គុណរបស់ព្រះ‌អម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បង‌ប្អូន។ អាម៉ែន។

—https://d1b84921e69nmq.cloudfront.net/364/32k/GAL/6-7592ea900685b23ba33360c5885f5a1a.mp3?version_id=85—