១ សាំយូ‌អែល 13

ព្រះ‌បាទសូលធ្វើសង្គ្រាមនឹងពួកភីលីស្ទីន

1 ព្រះ‌បាទសូលបានឡើងគ្រងរាជ្យនៅពេលស្ដេចមានព្រះ‌ជន្មាយុ…វស្សា។ លុះគ្រងរាជ្យលើជន‌ជាតិអ៊ីស្រា‌អែលបានពីរឆ្នាំហើយ

2 ព្រះ‌បាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជា‌ជនអ៊ីស្រា‌អែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីក‌ម៉ាស់ និងតំបន់ភ្នំបេត‌អែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណា‌ថាន នៅភូមិគីបៀរ ក្នុងស្រុកបេន‌យ៉ាមីន។ រីឯប្រជា‌ជនដែលនៅសេស‌សល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។

3 ថ្ងៃមួយ សម្ដេចយ៉ូណា‌ថានបានវាយទីតាំងរបស់ជន‌ជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជន‌ជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះ ព្រះ‌បាទសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូល ដោយប្រកាសថា៖ «ជន‌ជាតិហេប្រឺអើយ ចូរនាំគ្នាស្ដាប់!»។

4 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលទទួលដំណឹងថា ព្រះ‌បាទសូលបានវាយទីតាំងទ័ពរបស់ជន‌ជាតិភីលីស្ទីន ធ្វើឲ្យជន‌ជាតិភីលីស្ទីនខឹងនឹងជន‌ជាតិអ៊ីស្រា‌អែលយ៉ាងខ្លាំង។ ប្រជា‌ជនក៏មកប្រមូលផ្ដុំគ្នាជុំ‌វិញព្រះ‌បាទសូល នៅគីល‌កាល់។

5 ជន‌ជាតិភីលីស្ទីនប្រមូលទ័ពចេញមកច្បាំងតទល់នឹងជន‌ជាតិអ៊ីស្រា‌អែល។ ពួកគេមានរទេះចំបាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះ‌ករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីក‌ម៉ាស់ ខាងកើតបេត‌អាវេន។

6 កាលប្រជា‌ជនអ៊ីស្រា‌អែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រា‌អែលត្រូវខ្មាំងឡោម‌ព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមគុហា តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។

7 មានជន‌ជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯព្រះ‌បាទសូលវិញ ទ្រង់គង់នៅគីល‌កាល់នៅឡើយ ហើយកង‌ទ័ពទាំងប៉ុន្មានដែលនៅជាមួយស្ដេច ញ័ររន្ធត់យ៉ាងខ្លាំង។

8 ព្រះ‌បាទសូលរង់‌ចាំជួបលោកសាំយូ‌អែល អស់រយៈពេលប្រាំ‌ពីរថ្ងៃ តែមិនឃើញលោកអញ្ជើញមកគីល‌កាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្ដេច។

9 ព្រះ‌បាទសូលមានរាជ‌ឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាព មកឲ្យខ្ញុំ»។ ស្ដេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។

10 នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូ‌អែលអញ្ជើញមកដល់។ ព្រះ‌បាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។

11 លោកសាំយូ‌អែលមានប្រសាសន៍ថា៖ «តើព្រះ‌ករុណាធ្វើអ្វីហ្នឹង?»។ ព្រះ‌បាទសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោតក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្ដុំគ្នានៅមីក‌ម៉ាស់

12 នោះខ្ញុំគិតថា “ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីល‌កាល់ជាមិនខាន តែខ្ញុំមិនបានទូល‌អង្វរព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តថ្វាយតង្វាយដុតនេះទៅ»។

13 លោកសាំយូ‌អែលទូលព្រះ‌បាទសូលថា៖ «ព្រះ‌ករុណាបានប្រព្រឹត្ត ដោយឥតពិចារណា! គឺព្រះ‌ករុណាមិនធ្វើតាមបទ‌បញ្ជាដែលព្រះ‌អម្ចាស់ជាព្រះរបស់ព្រះ‌ករុណា បានបង្គាប់មកទេ។ បើព្រះ‌ករុណាធ្វើតាមនោះ ម៉្លេះសមព្រះ‌អម្ចាស់ពង្រឹងរាជ្យរបស់ព្រះ‌ករុណា ឲ្យនៅស្ថិត‌ស្ថេរលើជន‌ជាតិអ៊ីស្រា‌អែលមិនខាន។

14 ឥឡូវនេះ រាជ្យរបស់ព្រះ‌ករុណាមិនអាចគង់‌វង្សឡើយព្រះ‌អម្ចាស់ស្វែងរកមនុស្សម្នាក់ដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ រួចតែង‌តាំងឲ្យធ្វើជាមេដឹកនាំលើប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ព្រោះព្រះ‌ករុណាមិនបានធ្វើតាមបទ‌បញ្ជា ដែលព្រះ‌អម្ចាស់បានបង្គាប់មកទេ»។

15 លោកសាំយូ‌អែលចាកចេញពីគីល‌កាល់ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកបេន‌យ៉ាមីន។ ព្រះ‌បាទសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថាមានប្រហែលប្រាំមួយរយនាក់។

16 ព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិកេបា ក្នុងស្រុកបេន‌យ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីក‌ម៉ាស់។

17 ពេលនោះ មានកង‌ទ័ពស្រួចបីក្រុមចេញពីជំរំភីលីស្ទីន ក្រុមទីមួយសំដៅទៅក្រុងអូប្រា នៅស្រុកស៊ូអាល

18 ក្រុមទីពីរទៅតាមផ្លូវក្រុងបេត‌ហូ‌រ៉ូន និងក្រុមទីបីទៅតាមផ្លូវព្រំ‌ប្រទល់ ដែលចុះទៅច្រកភ្នំសេ‌បោម ប៉ែកខាងវាលរហោ‌ស្ថាន។

19 នៅក្នុងស្រុកអ៊ីស្រា‌អែលទាំងមូលគ្មានជាងដែកទេ ដ្បិតជន‌ជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។

20 ដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលគ្រប់ៗរូបតែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាលនង្គ័ល ចប ពូថៅ ឬដឹង។

21 តម្លៃច្រុងផាលនង្គ័ល និងចប គឺពីរស្លឹង ហើយតម្លៃសំលៀងពូថៅ និងតម្រង់រនាស់ គឺមួយស្លឹង។

22 ហេតុនេះ នៅថ្ងៃប្រយុទ្ធ ក្នុងកង‌ទ័ពអ៊ីស្រា‌អែល គ្មាននរណាមានដាវ ឬលំពែងទេ លើក‌លែងតែព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថាន ជាបុត្រប៉ុណ្ណោះដែលមានអាវុធ។

23 ជន‌ជាតិភីលីស្ទីនបញ្ជូនទាហានមួយក្រុមឲ្យទៅត្រៀមនៅច្រកមីក‌ម៉ាស់។