១ សាំយូ‌អែល 15

ព្រះ‌បាទសូលធ្វើសង្គ្រាមជាមួយជន‌ជាតិអាម៉ា‌ឡេក

1 លោកសាំយូ‌អែលទូលព្រះ‌បាទសូលថា៖ «ព្រះ‌អម្ចាស់បានចាត់ទូលបង្គំឲ្យមកចាក់ប្រេងអភិសេកព្រះ‌ករុណា ជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់ព្រះ‌ជាម្ចាស់។ ឥឡូវនេះ សូមព្រះ‌ករុណាព្រះ‌សណ្ដាប់សេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូល។

2 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា“យើងចង់ដាក់ទោសជន‌ជាតិអាម៉ា‌ឡេក ដែលបានធ្វើបាបជន‌ជាតិអ៊ីស្រា‌អែល គឺរារាំងផ្លូវជន‌ជាតិអ៊ីស្រា‌អែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។

3 ឥឡូវនេះ ចូរទៅវាយជន‌ជាតិអាម៉ា‌ឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។

4 ព្រះ‌បាទសូលក៏កេណ្ឌទ័ព ហើយយាងចេញមកត្រួតពលនៅថេ‌លែម មានទ័ពថ្មើរជើងចំនួន២០០ ០០០នាក់ ព្រមទាំងមានទាហាន ១០ ០០០នាក់ ពីកុល‌សម្ព័ន្ធយូដាថែមទៀតផង។

5 កាលព្រះ‌បាទសូលយាងទៅដល់ក្រុងរបស់ជន‌ជាតិអាម៉ា‌ឡេក ទ្រង់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។

6 បន្ទាប់មក ព្រះ‌បាទសូលមានរាជ‌ឱង្ការទៅជន‌ជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ា‌ឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នាជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជន‌ជាតិអ៊ីស្រា‌អែល ដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជន‌ជាតិកែនចាកចេញពីចំណោមជន‌ជាតិអាម៉ា‌ឡេក។

7 ព្រះ‌បាទសូលវាយពួកអាម៉ា‌ឡេក ចាប់ពីហាវី‌ឡា រហូតដល់ស៊ើរ ដែលនៅខាងកើតស្រុកអេស៊ីប។

8 ស្ដេចចាប់បានព្រះ‌បាទអកាក់ ជាស្ដេចរបស់ពួកអាម៉ា‌ឡេក ទាំងរស់ ហើយប្រហារជីវិតប្រជា‌ជនទាំងអស់ដោយមុខដាវ ថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់

9 តែព្រះ‌បាទសូល និងកង‌ទ័ពបានទុកជីវិតឲ្យស្ដេចអកាក់ ព្រមទាំងសត្វដ៏ល្អៗជាងគេ មានគោ ចៀម សត្វធាត់ៗ កូនចៀម និងអ្វីៗដែលល្អបំផុត ពួកគេមិនព្រមបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះ‌ជាម្ចាស់ទេ។ ពួកគេបំផ្លាញតែអ្វីៗដែលគ្មានតម្លៃ និងគ្មានប្រយោជន៍ប៉ុណ្ណោះ។

ព្រះ‌អម្ចាស់បោះបង់ចោលស្ដេចសូល

10 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសាំយូ‌អែលថា

11 «យើងសោកស្ដាយណាស់ដោយបានតែង‌តាំងសូល ជាស្ដេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទ‌បញ្ជារបស់យើងទេ»។ លោកសាំយូ‌អែលរន្ធត់ចិត្តជាខ្លាំង លោកទូល‌អង្វរព្រះ‌អម្ចាស់ពេញមួយយប់។

12 លោកសាំយូ‌អែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះ‌បាទសូល តែគេជម្រាបលោកថា ព្រះ‌បាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីល‌កាល់។

13 កាលលោកសាំយូ‌អែលជួបព្រះ‌បាទសូលហើយ ព្រះ‌បាទសូលមានរាជ‌ឱង្ការថា៖ «សូមព្រះ‌អម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ហើយ»។

14 លោកសាំយូ‌អែលទូលសួរថា៖ «ចុះហេតុអ្វីបានជាទូលបង្គំឮសម្រែកចៀម និងគោដូច្នេះ?»។

15 ព្រះ‌បាទសូលមានរាជ‌ឱង្ការថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ា‌ឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់អស់ហើយ»។

16 លោកសាំយូ‌អែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ទូលបង្គំកាលពីយប់‌មិញ»។ ព្រះ‌បាទសូលមានរាជ‌ឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។

17 លោកសាំយូ‌អែលទូលថា៖ «ទោះបីព្រះ‌ករុណាយល់ថាខ្លួនជាមនុស្សទន់‌ទាបក្ដី ក៏ព្រះ‌ករុណានៅតែជាអ្នកដឹកនាំលើកុល‌សម្ព័ន្ធនានានៃជន‌ជាតិអ៊ីស្រា‌អែលដែរ ដ្បិតព្រះ‌អម្ចាស់បានចាក់ប្រេងអភិសេកព្រះ‌ករុណា ជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែលរួចហើយ។

18 ព្រះ‌អម្ចាស់ចាត់ព្រះ‌ករុណាឲ្យទៅច្បាំង ដោយមានព្រះ‌បន្ទូលថា “ចូរទៅបំផ្លាញជន‌ជាតិអាម៉ា‌ឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាប‌សូន្យទៅ”។

19 ហេតុអ្វីបានជាព្រះ‌ករុណាមិនគោរពតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់? ហេតុអ្វីបានជាព្រះ‌ករុណាយកជយ‌ភ័ណ្ឌពីខ្មាំង ហើយប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះ‌ហឫទ័យព្រះ‌អង្គទៀតដូច្នេះ?»។

20 ព្រះ‌បាទសូលមានរាជ‌ឱង្ការតបទៅលោកសាំយូ‌អែលថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះ‌អម្ចាស់ហើយ ខ្ញុំបានចេញទៅច្បាំងនៅស្រុកដែលព្រះ‌អម្ចាស់ចាត់ឲ្យទៅ។ ខ្ញុំចាប់បានអកាក់ ជាស្ដេចរបស់ជន‌ជាតិអាម៉ា‌ឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជន‌ជាតិអាម៉ា‌ឡេកទាំងអស់ថ្វាយព្រះ‌អង្គដែរ។

21 ពួកពលទាហានរើសយកជយ‌ភ័ណ្ឌ មានគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់ដើម្បីធ្វើជាយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់លោកនៅគីល‌កាល់»។

22 លោកសាំយូ‌អែលមានប្រសាសន៍ថា៖ «តើព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យនឹងតង្វាយដុតទាំងមូល ព្រមទាំងយញ្ញ‌បូជា ខ្លាំងជាងការស្ដាប់បង្គាប់ព្រះ‌អង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាងថ្វាយយញ្ញ‌បូជាទៅទៀត ការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។

23 រីឯការបះ‌បោរអាក្រក់ដូចការរកគ្រូទាយ ហើយចិត្តរឹង‌រូសក៏អាក្រក់ដូចការគោរពព្រះក្លែង‌ក្លាយដែរ។ ព្រះ‌ករុណាបោះបង់ចោលព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដូច្នេះ ព្រះ‌អង្គក៏បោះបង់ចោលព្រះ‌ករុណាលែងឲ្យធ្វើជាស្ដេចទៀតហើយ»។

24 ព្រះ‌បាទសូលមានរាជ‌ឱង្ការទៅកាន់លោកសាំយូ‌អែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។

25 ឥឡូវនេះ ខ្ញុំអង្វរលោក សូមមេត្តាអត់‌ទោសឲ្យខ្ញុំដែលបានប្រព្រឹត្តអំពើបាបនេះផង។ សូមលោកត្រឡប់មកជាមួយខ្ញុំវិញ ដើម្បីឲ្យខ្ញុំទៅក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់»។

26 លោកសាំយូ‌អែលទូលតបព្រះ‌បាទសូលថា៖ «ទូលបង្គំមិនវិលទៅជាមួយព្រះ‌ករុណាវិញទេ ដ្បិតព្រះ‌ករុណាបានបោះបង់ចោលព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ព្រះ‌អម្ចាស់ក៏បោះបង់ចោលព្រះ‌ករុណា លែងឲ្យធ្វើជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែលទៀតដែរ»។

27 កាលលោកសាំយូ‌អែលបែរខ្នងចេញទៅ ព្រះ‌បាទសូលចាប់ទាញជាយអាវធំរបស់លោក ធ្វើឲ្យរហែក។

28 លោកសាំយូ‌អែលទូលស្ដេចថា៖ «ថ្ងៃនេះព្រះ‌អម្ចាស់ដកហូតរាជចេញពីព្រះ‌ករុណា លែងឲ្យគ្រងរាជលើជន‌ជាតិអ៊ីស្រា‌អែលទៀតហើយ ព្រះ‌អង្គប្រគល់រាជសម្បត្តិនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងព្រះ‌ករុណា។

29 ព្រះ‌អម្ចាស់ ដែលជាសិរី‌រុងរឿងរបស់ជន‌ជាតិអ៊ីស្រា‌អែល មិនចេះកុហក មិនក្រឡាស់ពាក្យសម្ដី ហើយមិនចេះស្ដាយក្រោយដូចមនុស្សលោកទេ»។

30 ព្រះ‌បាទសូលមានរាជ‌ឱង្ការថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះ ខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកព្រឹទ្ធា‌ចារ្យនៃប្រជា‌ជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រា‌អែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់ជាព្រះរបស់លោក»។

31 លោកសាំយូ‌អែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះ‌បាទសូល ហើយព្រះ‌បាទសូលក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់។

32 លោកសាំយូ‌អែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជន‌ជាតិអាម៉ា‌ឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូ‌អែល ដោយទឹកមុខស្រស់‌បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។

33 លោកសាំយូ‌អែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូ‌អែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នៅគីល‌កាល់។

34 លោកសាំយូ‌អែលវិលទៅរ៉ាម៉ាវិញ ហើយព្រះ‌បាទសូលក៏វិលទៅដំណាក់នៅគីបៀរដែរ។

35 លោកសាំយូ‌អែលលែងទៅជួបព្រះ‌បាទសូលទៀតរហូតដល់ថ្ងៃស្លាប់។ លោកសាំយូ‌អែលយំសោកស្ដាយព្រះ‌បាទសូល ដ្បិតព្រះ‌អម្ចាស់ខកព្រះ‌ហឫទ័យ ដោយបានតែង‌តាំងព្រះ‌បាទសូល ឲ្យគ្រងរាជ្យលើជន‌ជាតិអ៊ីស្រា‌អែល។