អេភេសូ 1

សេចក្ដីផ្ដើម

1 ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យតាំងជាសាវ័ក*របស់ព្រះ‌គ្រិស្ដ*យេស៊ូ សូមជម្រាបមកបង‌ប្អូនជាប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះ‌គ្រិស្ដ‌យេស៊ូ។

2 សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។

ព្រះ‌ពរដ៏លើស‌លប់ដែលព្រះ‌ជាម្ចាស់ប្រទានដល់អ្នកជឿ

3 សូមលើកតម្កើងព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូគ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះ‌ពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរម‌សុខ*មកយើង ក្នុងអង្គព្រះ‌គ្រិស្ដ។

4 ព្រះ‌អង្គបានជ្រើស‌រើសយើងក្នុងអង្គព្រះ‌គ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅ‌ហ្មងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ ព្រោះព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើង ។

5 ព្រះ‌អង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះ‌អង្គ ដោយ‌សារព្រះ‌យេស៊ូគ្រិស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះ‌អង្គ

6 ដើម្បីឲ្យយើងលើកតម្កើងសិរី‌រុងរឿងនៃព្រះ‌គុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះ‌បុត្រាដ៏ជាទីស្រឡាញ់របស់ព្រះ‌អង្គ។

7 ដោយយើងរួមក្នុងអង្គព្រះ‌គ្រិស្ដនេះ ព្រះ‌ជាម្ចាស់បានលោះយើង ដោយព្រះ‌លោហិតរបស់ព្រះ‌អង្គ និងលើក‌លែងទោសឲ្យយើងបានរួចពីបាប ស្របតាមព្រះ‌គុណដ៏លើស‌លប់របស់ព្រះ‌អង្គ។

8 ព្រះ‌ជាម្ចាស់ប្រណី‌សន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាង‌វៃគ្រប់យ៉ាង។

9 ព្រះ‌អង្គបានប្រោសឲ្យយើងស្គាល់គម្រោង‌ការដ៏លាក់‌កំបាំង*នៃព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ តាមព្រះ‌បំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះ‌អង្គផ្ទាល់។

10 ព្រះ‌អង្គចាត់ចែងគម្រោង‌ការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរម‌សុខ និងនៅលើផែន‌ដី ឲ្យរួមគ្នានៅក្នុងអង្គព្រះ‌គ្រិស្ដ ជាម្ចាស់តែមួយ។

11 ព្រះ‌ជាម្ចាស់បានជ្រើស‌រើសយើងទុកដោយឡែក ក្នុងអង្គព្រះ‌គ្រិស្ដ ព្រះ‌អង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះ‌អង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ

12 ដើម្បីឲ្យយើងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ គឺយើងដែលបានសង្ឃឹមលើព្រះ‌គ្រិស្ដមុនគេបង្អស់។

13 ដោយរួមក្នុងអង្គព្រះ‌គ្រិស្ដ បង‌ប្អូនបានស្ដាប់ព្រះ‌បន្ទូលនៃសេចក្ដីពិត ជាដំណឹង‌ល្អដែលសង្គ្រោះបង‌ប្អូន។ ក្នុងអង្គព្រះ‌គ្រិស្ដបង‌ប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ តាមព្រះ‌បន្ទូលសន្យាដែរ។

14 ព្រះ‌ជាម្ចាស់ប្រទានព្រះ‌វិញ្ញាណនេះមកបញ្ចាំចិត្តយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះ‌អង្គលោះប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ។

ពាក្យអធិស្ឋានរបស់លោកប៉ូល

15 ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បង‌ប្អូន ក្នុងអង្គព្រះ‌អម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បង‌ប្អូនចំពោះប្រជា‌ជនដ៏‌វិសុទ្ធ*ទាំងអស់

16 នោះខ្ញុំអរព្រះ‌គុណព្រះ‌ជាម្ចាស់ឥតឈប់ឈរ ព្រោះតែបង‌ប្អូន។ ពេលខ្ញុំអធិ‌ស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បង‌ប្អូនជា‌និច្ច

17 សូមឲ្យព្រះរបស់ព្រះ‌យេស៊ូគ្រិស្ដជាអម្ចាស់នៃយើង គឺព្រះ‌បិតាប្រកបដោយសិរី‌រុងរឿង ប្រទានព្រះ‌វិញ្ញាណឲ្យបង‌ប្អូនមានប្រាជ្ញា និងសម្តែងឲ្យបង‌ប្អូនស្គាល់ព្រះ‌អង្គយ៉ាងច្បាស់។

18 សូមព្រះ‌បិតាបំភ្លឺចិត្តគំនិតបង‌ប្អូនឲ្យយល់ថា ដោយព្រះ‌អង្គត្រាស់ហៅបង‌ប្អូន បង‌ប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបង‌ប្អូនទទួលមត៌ករួមជាមួយប្រជា‌ជនដ៏‌វិសុទ្ធ* បង‌ប្អូននឹងមានសិរី‌រុងរឿងដ៏ប្រសើរលើស‌លប់យ៉ាងណាដែរ!។

19 សូមទ្រង់ប្រទានឲ្យបង‌ប្អូនយល់ទៀតថា ឫទ្ធា‌នុភាពដ៏អស្ចារ្យបំផុតដែលព្រះ‌អង្គសម្តែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំ‌ធេងយ៉ាងណា ស្របតាមមហិទ្ធិ‌ឫទ្ធិនៃព្រះ‌ចេស្ដាដ៏ខ្លាំង‌ក្លា ដែលទ្រង់បានសម្តែងក្នុងអង្គព្រះ‌គ្រិស្ដ។

20 ព្រះ‌អង្គបានសម្តែងមហិទ្ធិ‌ឫទ្ធិនេះ ដោយប្រោសព្រះ‌គ្រិស្ដឲ្យមានព្រះ‌ជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះ‌អង្គនៅស្ថានបរម‌សុខ

21 ខ្ពស់ជាងវត្ថុស័ក្ដិ‌សិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់‌គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង ។

22 ព្រះ‌ជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះ‌បាទារបស់ព្រះ‌គ្រិស្ដព្រមទាំងប្រទានឲ្យព្រះ‌អង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុម‌ជំនុំ

23 ដែលជាព្រះ‌កាយរបស់ព្រះ‌អង្គ។ ក្រុម‌ជំនុំនេះបានពោរ‌ពេញដោយគ្រប់លក្ខណ‌សម្បត្តិរបស់ព្រះ‌គ្រិស្ដ ហើយព្រះ‌គ្រិស្ដផ្ទាល់ក៏បានពោរ‌ពេញដោយគ្រប់លក្ខណ‌សម្បត្តិរបស់ព្រះ‌ជាម្ចាស់ដែរ ។

—https://d1b84921e69nmq.cloudfront.net/364/32k/EPH/1-86ce04cbe25b97c8a6fede9183098ce7.mp3?version_id=85—