១ សាំយូ‌អែល 28

1 នៅគ្រានោះ ជន‌ជាតិភីលីស្ទីនបានប្រមូលកង‌ពលរបស់ពួកគេមកផ្ដុំគ្នាជាកង‌ទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល។ ព្រះ‌បាទអគីសមានរាជ‌ឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថាលោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកង‌ពលរបស់យើង»។

2 លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះ‌ករុណាស្រាប់ហើយ ដូច្នេះ ព្រះ‌ករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខ‌ងារណាមួយបាន»។ ព្រះ‌បាទអគីសមានរាជ‌ឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែង‌តាំងលោកជាអង្គ‌រក្សរបស់យើងរហូតតទៅ»។

ស្ដេចសូលទៅរកមេ‌មត់

3 នៅគ្រានោះ លោកសាំយូ‌អែលទទួលមរណ‌ភាពផុតទៅហើយ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះ‌បាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រា‌អែល។

4 ថ្ងៃមួយ ជន‌ជាតិភីលីស្ទីនប្រមូលផ្ដុំគ្នា មកបោះទ័ពនៅស៊ូ‌ណែម។ រីឯព្រះ‌បាទសូលក៏ប្រមូលកង‌ពលអ៊ីស្រា‌អែលទាំងមូល មកបោះទ័ពនៅគីល‌បោដែរ។

5 កាលព្រះ‌បាទសូលឃើញជំរំរបស់កង‌ទ័ពភីលីស្ទីន ទ្រង់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។

6 ព្រះ‌បាទសូលទូលសួរព្រះ‌អម្ចាស់ប៉ុន្តែ ព្រះ‌អង្គមិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្ដិ ការផ្សងយូរីម* ឬតាមរយៈព្យាការីក្ដី។

7 ព្រះ‌បាទសូលមានរាជ‌ឱង្ការទៅកាន់រាជបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ រាជបម្រើទូលស្ដេចវិញថា៖ «នៅឯអេន-‌ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។

8 ព្រះ‌បាទសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជា‌ជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្ដេចយាងទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយមានរាជ‌ឱង្ការទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។

9 ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ព្រះ‌បាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។

10 ព្រះ‌បាទសូលបានស្បថក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅថា «នាងមិនទទួលទោសអ្វីក្នុងរឿងនោះឡើយ»។

11 ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូ‌អែលឲ្យខ្ញុំ!»។

12 ពេលស្ត្រីនោះឃើញលោកសាំយូ‌អែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយទូលសួរព្រះ‌បាទសូលថា៖ «ហេតុអ្វីបានជាព្រះ‌ករុណាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ព្រះ‌ករុណាជាព្រះ‌បាទសូលទេតើ!»។

13 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះ ទូលថា៖ «ខ្ញុំម្ចាស់ឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។

14 ស្ដេចសួរទៀតថា៖ «តើគេមានទ្រង់‌ទ្រាយដូចម្ដេចដែរ?»។ នាងទូលថា៖ «គឺមនុស្សចាស់ម្នាក់ដណ្ដប់អាវធំ កំពុងតែឡើងមក»។ ព្រះ‌បាទសូលជ្រាបភ្លាមថាជាលោកសាំយូ‌អែល ស្ដេចក៏ក្រាបចុះ អោនព្រះ‌ភ័ក្ត្រដល់ដី។

15 លោកសាំយូ‌អែលទូលសួរព្រះ‌បាទសូលថា៖ «ហេតុអ្វីបានជាព្រះ‌ករុណារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ព្រះ‌បាទសូលមានរាជ‌ឱង្ការតបថា៖ «ខ្ញុំមានទុក្ខ‌ធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយព្រះ‌ជាម្ចាស់បោះបង់ខ្ញុំចោល ព្រះ‌អង្គលែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈព្យាការី ឬការយល់សប្ដិក្ដី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។

16 លោកសាំយូ‌អែលទូលថា៖ «ហេតុអ្វីបានជាព្រះ‌ករុណាសួរយោបល់ពីទូលបង្គំដូច្នេះ?ព្រះ‌អម្ចាស់បានបោះបង់ព្រះ‌ករុណាចោល ហើយព្រះ‌អង្គក្លាយទៅជាបច្ចា‌មិត្តរបស់ព្រះ‌ករុណា។

17 ព្រះ‌អម្ចាស់ប្រព្រឹត្តចំពោះព្រះ‌ករុណា ស្របតាមព្រះ‌បន្ទូល ដែលទូលបង្គំទូលថ្វាយរួចស្រេចហើយ។ ព្រះ‌អង្គបានដកហូតយករាជសម្បត្តិពីព្រះ‌ករុណា ដើម្បីប្រគល់ទៅឲ្យលោកដាវីឌ

18 ដ្បិតព្រះ‌ករុណាពុំបានគោរពតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គទេ គឺព្រះ‌ករុណាពុំបានបំផ្លាញជន‌ជាតិអាម៉ា‌ឡេក តាមព្រះ‌ពិរោធរបស់ព្រះ‌អម្ចាស់ឡើយ។ ហេតុនេះហើយបានជាព្រះ‌អម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះព្រះ‌ករុណានៅថ្ងៃនេះ។

19 ព្រះ‌អម្ចាស់នឹងប្រគល់ព្រះ‌ករុណា ព្រមទាំងអ៊ីស្រា‌អែល ទៅក្នុងកណ្ដាប់ដៃរបស់ជន‌ជាតិភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រមទាំងបុត្រារបស់ព្រះ‌ករុណា នឹងទៅជួបទូលបង្គំនៅស្ថានមនុស្សស្លាប់ ហើយព្រះ‌អម្ចាស់នឹងប្រគល់កង‌ទ័ពអ៊ីស្រា‌អែលទៅក្នុងកណ្ដាប់ដៃពួកភីលីស្ទីន»។

20 រំពេចនោះ ព្រះ‌បាទសូលដួលទាំងជំហរ ព្រោះពាក្យរបស់លោកសាំយូ‌អែលធ្វើឲ្យស្ដេចភ័យតក់‌ស្លុតយ៉ាងខ្លាំង។ មួយវិញទៀត ព្រះ‌បាទសូលអស់កម្លាំង ព្រោះទ្រង់ពុំបានសោយព្រះ‌ស្ងោយមួយថ្ងៃមួយយប់មកហើយ។

21 ស្ត្រីនោះក៏ចូលទៅជិតស្ដេច ឃើញថា ទ្រង់ភ័យតក់‌ស្លុតយ៉ាងខ្លាំង។ ដូច្នេះ នាងទូលស្ដេចថា៖ «ខ្ញុំម្ចាស់បានគោរពតាមបញ្ជារបស់ព្រះ‌ករុណាហើយ។ ខ្ញុំម្ចាស់ប្រថុយជីវិតដោយធ្វើតាមសំណូមពររបស់ព្រះ‌ករុណា។

22 ឥឡូវនេះ សូមស្ដាប់ខ្ញុំម្ចាស់សិន សូមរាជា‌នុញ្ញាតឲ្យខ្ញុំម្ចាស់រៀបចំព្រះ‌ស្ងោយថ្វាយព្រះ‌ករុណា ដើម្បីឲ្យព្រះ‌ករុណាសោយ ហើយមានកម្លាំងបន្តដំណើរទៅមុខទៀត»។

23 ព្រះ‌បាទសូលប្រកែកមិនព្រមសោយទេ តែដោយពួករាជបម្រើ និងស្ត្រីនោះ ទទូចអង្វរពេក ស្ដេចក៏យល់ព្រម។ ស្ដេចក្រោកពីដី ឡើងទៅគង់លើគ្រែ។

24 ស្ត្រីនោះប្រញាប់‌ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំប៉័ងឥតមេ។

25 បន្ទាប់មក នាងលើកម្ហូបអាហារមកថ្វាយព្រះ‌បាទសូល និងរាជបម្រើ។ ក្រោយមក ស្ដេចក្រោកឡើង ចេញដំណើរជាមួយរាជបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។