២ សាំយូ‌អែល 6

ការដង្ហែហិបនៃសម្ពន្ធ‌មេត្រីចូលក្រុងយេរូ‌សាឡឹម

1 ព្រះ‌បាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកង‌ទ័ពអ៊ីស្រា‌អែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។

2 ព្រះ‌បាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះ‌ជាម្ចាស់ពីក្រុងបា‌លេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះ‌នាមព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។

3 គេបានដាក់ហិបរបស់ព្រះ‌ជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ី‌ណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ី‌យ៉ូ ជាកូនរបស់លោកអប៊ី‌ណាដាប់ ជាអ្នកបររទេះថ្មីនោះ។

4 គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ី‌ណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ី‌យ៉ូដើរនៅខាងមុខ។

5 ព្រះ‌បាទដាវីឌ និងប្រជា‌ជនអ៊ីស្រា‌អែលទាំងមូល សប្បាយរីក‌រាយយ៉ាងខ្លាំង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។

6 កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះ‌ជាម្ចាស់ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។

7 ពេលនោះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងលោកអ៊ូសា ហើយព្រះ‌អង្គប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព ។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះ‌ជាម្ចាស់។

8 ព្រះ‌បាទដាវីឌរំជួលព្រះ‌ហឫទ័យ យ៉ាងខ្លាំង ដោយឃើញព្រះ‌អម្ចាស់វាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-‌អ៊ូសា» រហូតដល់សព្វថ្ងៃ។

9 នៅថ្ងៃនោះ ព្រះ‌បាទដាវីឌភ័យខ្លាចព្រះ‌អម្ចាស់ហើយមានរាជ‌ឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះ‌អម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។

10 ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះ‌អម្ចាស់ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះ‌បាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដ‌អេដុម ជាអ្នកស្រុកកាថ។

11 ហិបរបស់ព្រះ‌អម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដ‌អេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ព្រះ‌អម្ចាស់ប្រទានពរដល់លោកអូបេដ‌អេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។

ហិបនៃសម្ពន្ធ‌មេត្រីមកដល់ក្រុងយេរូ‌សាឡឹម

12 មានគេទូលព្រះ‌បាទដាវីឌថា៖ «ព្រះ‌អម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដ‌អេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយ‌សារតែហិបរបស់ព្រះ‌ជាម្ចាស់»។ ពេលនោះ ព្រះ‌បាទដាវីឌក៏យាងទៅផ្ទះលោកអូបេដ‌អេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះ‌បាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីក‌រាយផង។

13 នៅពេលពួកអ្នកសែងហិបរបស់ព្រះ‌អម្ចាស់ដើរបានប្រាំមួយជំហាន ព្រះ‌បាទដាវីឌយកគោឈ្មោលមួយ និងកូនគោធាត់មួយ មកថ្វាយជាយញ្ញ‌បូជា។

14 ព្រះ‌បាទដាវីឌរាំ លោតកព្ឆោងថ្វាយព្រះ‌អម្ចាស់យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ* ធ្វើពីក្រណាត់ទេស‌ឯកប៉ុណ្ណោះ។

15 ព្រះ‌បាទដាវីឌ និងប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលដង្ហែហិបរបស់ព្រះ‌អម្ចាស់ឡើងមកក្រុងយេរូ‌សាឡឹម ពួកគេស្រែកជយ‌ឃោស និងផ្លុំត្រែយ៉ាងរំពង។

16 ពេលហិបរបស់ព្រះ‌អម្ចាស់ចូលមកដល់បុរីព្រះ‌បាទដាវីឌ ព្រះ‌នាងមិកាល់ ជាបុត្រីព្រះ‌បាទសូល អើតតាមបង្អួច ឃើញព្រះ‌បាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់ព្រះ‌នាងក៏មានចិត្តមើល‌ងាយព្រះ‌បាទដាវីឌ។

17 កាលដង្ហែហិបរបស់ព្រះ‌អម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះ‌ពន្លា ដែលព្រះ‌បាទដាវីឌបានបម្រុងទុក។ ព្រះ‌បាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាព។

18 លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាពរួចហើយ ព្រះ‌បាទដាវីឌក៏ប្រទានពរដល់ប្រជា‌ជនក្នុងនាមព្រះ‌អម្ចាស់នៃពិភពទាំងមូល។

19 ព្រះ‌បាទដាវីឌប្រទានម្ហូបអាហារដល់ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់ទាំង ប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំប៉័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំង‌បាយជូរមួយដុំ។ បន្ទាប់មក ប្រជា‌ជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

20 ព្រះ‌បាទដាវីឌវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់ព្រះ‌រាជ‌វង្ស។ ព្រះ‌នាងមិកាល់ ជាបុត្រីរបស់ព្រះ‌បាទសូល ចេញមកទទួលស្ដេច ទាំងពោលថា៖ «ថ្ងៃនេះ ស្ដេចរបស់ជន‌ជាតិអ៊ីស្រា‌អែលរុងរឿងណាស់! ព្រោះស្ដេចបង្ហាញខ្លួនទទេនៅមុខរាជបម្រើទាំងប្រុសទាំងស្រី ដូចមនុស្សវិកល‌ចរិត!»។

21 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការតបទៅព្រះ‌នាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះ‌អម្ចាស់! ព្រះ‌អង្គបានជ្រើសរើសយើងឲ្យដឹកនាំជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ជំនួសបិតារបស់នាង និងរាជ‌វង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះ‌អម្ចាស់!

22 យើងចង់ដាក់ខ្លួនឲ្យរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាង ក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបម្រើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។

23 ព្រះ‌នាងមិកាល់ ជាបុត្រីរបស់ព្រះ‌បាទសូល គ្មានបុត្រឡើយ រហូតដល់ស្លាប់។