អេភេសូ 3

ភារ‌កិច្ចរបស់លោកប៉ូលក្នុងការនាំជន‌ជាតិដទៃឲ្យស្គាល់ព្រះ‌ជាម្ចាស់

1 ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំ‌ឃាំង ព្រោះតែព្រះ‌គ្រិស្ដ‌យេស៊ូ ដើម្បីជាប្រយោជន៍ដល់បង‌ប្អូនសាសន៍ដទៃ…។

2 បង‌ប្អូនប្រហែលជាបានឮគេនិយាយអំពីមុខ‌ងារដែលព្រះ‌ជាម្ចាស់ប្រណី‌សន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បង‌ប្អូននោះហើយមើលទៅ។

3 ព្រះ‌អង្គបានបង្ហាញគម្រោង‌ការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។

4 ពេលបង‌ប្អូនអានសេចក្ដីនោះ បង‌ប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌គ្រិស្ដ។

5 នៅជំនាន់ដើម មនុស្ស‌ម្នាពុំបានស្គាល់គម្រោង‌ការនេះ ដូចព្រះ‌ជាម្ចាស់បានបង្ហាញឲ្យក្រុមសាវ័ក* និងព្យាការី*ដ៏‌វិសុទ្ធ*របស់ព្រះ‌អង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះ‌វិញ្ញាណនោះឡើយ

6 គឺថា ដោយ‌សារដំណឹង‌ល្អ* សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះ‌កាយតែមួយ និងមានសិទ្ធិទទួលព្រះ‌ពរ តាមព្រះ‌បន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រា‌អែល ក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូដែរ។

7 ខ្ញុំបានទទួលមុខ‌ងារបម្រើដំណឹង‌ល្អនេះ តាមព្រះ‌អំណោយទាននៃព្រះ‌គុណរបស់ព្រះ‌ជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះ‌អំណោយទានដែលព្រះ‌អង្គប្រោសប្រទានមកខ្ញុំ ដោយឫទ្ធា‌នុភាពដ៏ខ្លាំងពូកែរបស់ព្រះ‌អង្គ។

8 ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុត ក្នុងចំណោមប្រជា‌ជនដ៏‌វិសុទ្ធ*ក្ដី ក៏ព្រះ‌ជាម្ចាស់បានផ្ដល់ព្រះ‌គុណនេះមកខ្ញុំ ដើម្បីនាំដំណឹង‌ល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះ‌ជន្មដ៏បរិបូណ៌បំផុតរបស់ព្រះ‌គ្រិស្ដ ដែលមនុស្សលោកគិតមិនដល់នោះដែរ។

9 ព្រះ‌ជាម្ចាស់ក៏ប្រណី‌សន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះ‌អង្គចាត់ចែងគម្រោង‌ការដែលលាក់ទុក តាំងពីអស់‌កល្បជា‌និច្ចរៀងមក ក្នុងព្រះ‌ជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។

10 នៅពេលនេះ ដោយ‌សារក្រុម‌ជំនុំ វត្ថុស័ក្តិ‌សិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះ‌ប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះ‌ជាម្ចាស់

11 តាមផែន‌ការដែលព្រះ‌អង្គបានគ្រោងទុក តាំងពីអស់‌កល្បជា‌និច្ចរៀងមក ហើយទ្រង់បានសម្រេចដោយ‌សារព្រះ‌គ្រិស្ដ‌យេស៊ូ ជាព្រះ‌អម្ចាស់នៃយើង។

12 ដោយរួមក្នុងអង្គព្រះ‌គ្រិស្ដ និងដោយមានជំនឿលើព្រះ‌អង្គ យើងមានចិត្តអង់‌អាច និងមានផ្លូវចូលទៅរកព្រះ‌ជាម្ចាស់ ទាំងទុកចិត្ត។

13 ហេតុនេះ សូមបង‌ប្អូនកុំធ្លាក់ទឹកចិត្ត ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បង‌ប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរី‌រុងរឿងរបស់បង‌ប្អូនវិញទេ។

ព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌គ្រិស្ដ

14 ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយ‌បង្គំ ព្រះ‌បិតា

15 ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរម‌សុខ* ទាំងនៅផែន‌ដី

16 សូមព្រះ‌អង្គមេត្តាប្រោសបង‌ប្អូន ឲ្យមានកម្លាំងមាំ‌មួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះ‌វិញ្ញាណរបស់ព្រះ‌អង្គ តាមសិរី‌រុងរឿងដ៏ប្រសើរបំផុតរបស់ព្រះ‌អង្គ។

17 សូមព្រះ‌គ្រិស្ដគង់នៅក្នុងចិត្តបង‌ប្អូនដោយជំនឿ និងសូមឲ្យបង‌ប្អូនបានចាក់ឫសយ៉ាងមាំ‌មួនក្នុងសេចក្ដីស្រឡាញ់

18 ដើម្បីឲ្យបង‌ប្អូនមានសមត្ថ‌ភាពអាចយល់ រួមជាមួយប្រជា‌ជនដ៏‌វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកំពស់

19 គឺឲ្យបង‌ប្អូនស្គាល់ព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌គ្រិស្ដ ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបង‌ប្អូនបានពោរ‌ពេញដោយគ្រប់លក្ខណ‌សម្បត្តិរបស់ព្រះ‌ជាម្ចាស់។

20 ព្រះ‌ជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយ‌សារឫទ្ធា‌នុភាពរបស់ព្រះ‌អង្គដែលបំពេញសកម្ម‌ភាពនៅក្នុងយើង

21 សូមលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គក្នុងក្រុម‌ជំនុំ និងក្នុងព្រះ‌គ្រិស្ដ‌យេស៊ូ នៅគ្រប់ជំនាន់អស់‌កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

—https://d1b84921e69nmq.cloudfront.net/364/32k/EPH/3-9ea5cb7d8a78ab9aebc2ad7d71c6d35a.mp3?version_id=85—