២ សាំយូ‌អែល 21

អ្នកស្រុកគីបៀន និងពូជ‌ពង្សរបស់ស្ដេចសូល

1 ក្នុងរជ្ជ‌កាលព្រះ‌បាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះ‌បាទដាវីឌទូលសួរព្រះ‌អម្ចាស់ព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់ស្ដេចថា៖ «ហេតុ‌ការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជ‌ពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។

2 ព្រះ‌រាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ (អ្នកស្រុកពុំមែនជាជន‌ជាតិអ៊ីស្រា‌អែលទេ គឺជាជន‌ជាតិអាម៉ូរីដែលនៅសេស‌សល់។ ជន‌ជាតិអ៊ីស្រា‌អែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះ‌បាទសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្តែងឲ្យជន‌ជាតិអ៊ីស្រា‌អែល និងជន‌ជាតិយូដាឃើញថាស្ដេចស្នេហាជាតិ)។

3 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្ដេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជា‌រាស្ត្ររបស់ព្រះ‌អម្ចាស់»។

4 អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះ‌បាទសូល និងរាជ‌វង្សា‌នុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជន‌ជាតិអ៊ីស្រា‌អែលណាម្នាក់ឡើយ»។ ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។

5 អ្នកស្រុកគីបៀនទូលស្ដេចថា៖ «ព្រះ‌បាទសូលមានគោលបំណងកម្ទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រា‌អែលឡើយ។

6 ដូច្នេះ សូមព្រះ‌ករុណាប្រគល់មនុស្សប្រាំ‌ពីរនាក់ ក្នុងចំណោមពូជ‌ពង្សរបស់ព្រះ‌បាទសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចងកនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នៅគីបៀរ ជាក្រុងរបស់ព្រះ‌បាទសូល ជាស្ដេចដែលព្រះ‌អម្ចាស់បានជ្រើសរើស»។ ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។

7 ព្រះ‌បាទដាវីឌសន្ដោសប្រណីដល់លោកមេភី‌បូសែត ជាបុត្ររបស់សម្ដេចយ៉ូណា‌ថាន និងជាចៅរបស់ព្រះ‌បាទសូល ព្រោះតែពាក្យដែលព្រះ‌រាជាបានស្បថជាមួយសម្ដេចយ៉ូណា‌ថាន នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។

8 ព្រះ‌រាជាបង្គាប់គេឲ្យទៅចាប់លោកអើ‌ម៉ូនី និងលោកមេភី‌បូសែត ជាកូនរបស់នាងរីស‌ប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺបុត្រដែលនាងបានបង្កើតថ្វាយព្រះ‌បាទសូល។ ព្រះ‌រាជាក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ព្រះ‌បាទសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រី‌អែល ជាកូនរបស់លោកបាស៊ី‌ឡៃ ជាអ្នកស្រុកមហូ‌ឡា។

9 ព្រះ‌រាជាប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ពួកគេទាំងប្រាំ‌ពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។

10 នាងរីស‌ប៉ា ជាកូនស្រីរបស់លោកអយ៉ា បានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចម្រូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាក‌សព។ នៅពេលថ្ងៃ នាងដេញសត្វមិនឲ្យហើរមកទំលើសាក‌សព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។

11 គេនាំដំណឹងទៅទូលព្រះ‌បាទដាវីឌពីការដែលនាងរីស‌ប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ព្រះ‌បាទសូលបានប្រព្រឹត្ត។

12 ពេលនោះ ព្រះ‌បាទដាវីឌយាងទៅយកអដ្ឋិ‌ធាតុរបស់ព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលព្រះ‌បាទសូលទទួលបរា‌ជ័យនៅគីល‌បោ ជន‌ជាតិភីលីស្ទីនបានយកសពរបស់ព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថាន ជាបុត្រ ទៅព្យួរនៅទីធ្លាក្រុងបេត‌សាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។

13 ព្រះ‌បាទដាវីឌនាំយកអដ្ឋិ‌ធាតុរបស់ព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថាន ព្រមទាំងប្រមូលយកអដ្ឋិ‌ធាតុរបស់អ្នកទាំងប្រាំ‌ពីរ ដែលគេចងកនោះមកដែរ។

14 គេបានបញ្ចុះអដ្ឋិ‌ធាតុរបស់ព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថាន ក្នុងផ្នូររបស់លោកគីស ជាបិតារបស់ព្រះ‌បាទសូលនៅសេឡា ក្នុងស្រុកបេន‌យ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្ដេច ហើយព្រះ‌ជាម្ចាស់ទ្រង់សម្តែងព្រះ‌ហឫទ័យមេត្តាករុណាដល់ស្រុកនោះវិញ។

ចំបាំងតទល់នឹងជន‌ជាតិភីលីស្ទីន

15 ពេលនោះ ជន‌ជាតិភីលីស្ទីនបានមកច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែលសាជាថ្មី។ ព្រះ‌បាទដាវីឌនាំពលទាហានចេញទៅវាយជន‌ជាតិភីលីស្ទីន។ ព្រះ‌បាទដាវីឌនឿយ‌ហត់ជាខ្លាំង។

16 ជន‌ជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-‌បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និងប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងធ្វើគុតព្រះ‌បាទដាវីឌ។

17 ប៉ុន្តែ លោកអប៊ី‌សាយ ជាកូនរបស់លោកស្រីសេរូយ៉ា ទៅជួយព្រះ‌បាទដាវីឌ ហើយសម្លាប់ជន‌ជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរព្រះ‌បាទដាវីឌ សូមកុំឲ្យស្ដេចយាងចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជន‌ជាតិអ៊ីស្រា‌អែលបាត់បង់ស្ដេច ។

18 ក្រោយមក ជន‌ជាតិភីលីស្ទីនច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែលសាជាថ្មី នៅកូប។ ពេលនោះ លោកស៊ីប‌បាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។

19 បន្ទាប់មកទៀត មានកើតចំបាំងសាជាថ្មីជាមួយជន‌ជាតិភីលីស្ទីននៅកូបដែរ។ ពេលនោះ លោកអែល‌ហាណាន ជាកូនរបស់លោកយារេ-‌អូរេ‌គីម ជាអ្នកភូមិបេថ្លេ‌ហិម បានសម្លាប់កូលី‌យ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលី‌យ៉ាតមានរាងដូចផ្សំរបស់កី‌តម្បាញ។

20 បន្ទាប់មក ក៏កើតមានចំបាំងសាជាថ្មីនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មានមាឌមាំមានម្រាមដៃ និងម្រាមជើង ម្ខាងៗប្រាំមួយ សរុបទាំងអស់គាត់មានម្រាមម្ភៃបួន ហើយគាត់ជាកូនចៅរបស់ហារ៉ាផាដែរ។

21 គាត់បានបបួលជន‌ជាតិអ៊ីស្រា‌អែលឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណា‌ថាន ជាកូនរបស់លោកសាំ‌ម៉ា និងជាក្មួយរបស់ព្រះ‌បាទដាវីឌ បានសម្លាប់អ្នកនោះចោលទៅ។

22 ទាហានភីលីស្ទីនទាំងបួននាក់ ដែលព្រះ‌បាទដាវីឌ និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។