១ ពង្សា‌វតារ‌ក្សត្រ 21

ចម្ការទំពាំង‌បាយជូររបស់លោកណា‌បោត

1 ក្រោយព្រឹត្តិ‌ការណ៍ទាំងនោះមក មានហេតុ‌ការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណា‌បោត គាត់មានចម្ការទំពាំងបាយ‌ជូរមួយ នៅជិតរាជ‌វាំងព្រះ‌បាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។

2 ថ្ងៃមួយ ព្រះ‌បាទអហាប់មានរាជ‌ឱង្ការទៅកាន់លោកណា‌បោតថា៖ «ចូរប្រគល់ចម្ការទំពាំង‌បាយជូររបស់អ្នកមកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំង‌បាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។

3 លោកណា‌បោតទូលព្រះ‌បាទអហាប់ថា៖ «សូមព្រះ‌អម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរ‌មត៌កពីដូនតានេះ ថ្វាយព្រះ‌ករុណាបានទេ»។

4 ព្រះ‌បាទអហាប់យាងចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងក្រេវ‌ក្រោធ ព្រោះតែពាក្យសម្ដីដែលលោកណា‌បោត ជាអ្នកស្រុកយេសរាល ទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរ‌មត៌កពីដូនតានេះ ថ្វាយព្រះ‌ករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែន បែរព្រះ‌ភ័ក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះ‌ស្ងោយឡើយ។

5 ម្ចាស់ក្សត្រីយេសិ‌បិល ជាមហេសី យាងមកគាល់ស្ដេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះ‌ករុណាមានព្រះ‌ហឫទ័យមួម៉ៅ មិនព្រមសោយព្រះ‌ស្ងោយដូច្នេះ?»។

6 ស្ដេចមានរាជ‌ឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណា‌បោតជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំង‌បាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំង‌បាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំង‌បាយជូររបស់ទូលបង្គំ ថ្វាយព្រះ‌ករុណាទេ!”»។

7 ម្ចាស់ក្សត្រីយេសិ‌បិល ជាមហេសី ទូលថា៖ «តើព្រះ‌ករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រា‌អែលទេឬ! សូមតើនឡើង សោយព្រះ‌ស្ងោយ ហើយរីក‌រាយក្នុងព្រះ‌ហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំង‌បាយជូររបស់លោកណា‌បោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។

8 ម្ចាស់ក្សត្រីយេសិ‌បិលសរសេររាជ‌សារក្នុងនាមព្រះ‌បាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធា‌ចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណា‌បោត។

9 ក្នុងរាជ‌សារទាំងនោះ ម្ចាស់ក្សត្រីយេសិ‌បិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជា‌ជនធ្វើពិធីតមអាហារ ហើយឲ្យលោកណា‌បោតអង្គុយនៅកន្លែងគណៈអធិបតី។

10 ត្រូវឲ្យមនុស្សខិល‌ខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះ‌ជាម្ចាស់ និងប្រមាថព្រះ‌មហា‌ក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។

11 ពួកព្រឹទ្ធា‌ចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណា‌បោត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រីយេសិ‌បិលបានបញ្ជាក្នុងរាជ‌សារ។

12 ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណា‌បោតអង្គុយនៅកន្លែងគណៈ‌អធិ‌បតី។

13 មនុស្សខិល‌ខូចពីរនាក់មកអង្គុយនៅទល់មុខលោកណា‌បោត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជា‌ជនថា៖ «លោកណា‌បោតបានប្រមាថព្រះ‌ជាម្ចាស់ និងប្រមាថព្រះ‌មហា‌ក្សត្រ!»។ ដូច្នេះ គេនាំលោកណា‌បោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។

14 គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រីយេសិ‌បិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណា‌បោតហើយ»។

15 កាលម្ចាស់ក្សត្រីយេសិ‌បិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណា‌បោហើយនោះ ម្ចាស់ក្សត្រីក៏ទូលព្រះ‌បាទអហាប់ថា៖ «សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំង‌បាយជូររបស់ណា‌បោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ថ្វាយព្រះ‌ករុណាចុះ ដ្បិតណា‌បោតស្លាប់បាត់បង់ជីវិតហើយ»។

16 កាលព្រះ‌បាទអហាប់ជ្រាបថា លោកណា‌បោតស្លាប់ហើយ ទ្រង់ក៏តើនឡើងយាងចុះទៅចាប់យកចម្ការទំពាំង‌បាយជូររបស់លោកណា‌បោត ជាអ្នកស្រុកយេសរាល។

ព្រះ‌អម្ចាស់ដាក់ទោសព្រះ‌បាទអហាប់ និងម្ចាស់ក្សត្រីយេសិ‌បិល

17 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេស‌ប៊ី‌ថា៖

18 «ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រា‌អែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំង‌បាយជូររបស់ណា‌បោត ដែលខ្លួនទើបចាប់យកបាន។

19 ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណា‌បោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។

20 ព្រះ‌បាទអហាប់មានរាជ‌ឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះ‌ករុណា ព្រោះព្រះ‌ករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

21 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជ‌ពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រា‌អែល។

22 យើងនឹងធ្វើឲ្យពូជ‌ពង្សរបស់អ្នក បានដូចពូជ‌ពង្សរបស់យេរ៉ូ‌បោម ជាកូនរបស់នេបាត និងដូចពូជ‌ពង្សរបស់បាសា ជាកូនរបស់អហ៊ី‌យ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជា‌ជនអ៊ីស្រា‌អែលប្រព្រឹត្តអំពើបាបទៀតផង”។

23 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលអំពីម្ចាស់ក្សត្រីយេសិ‌បិលថា “ឆ្កែនឹងហែកស៊ីយេសិ‌បិល នៅជើងកំពែងក្រុងយេសរាល។

24 កូនចៅរបស់អហាប់ដែលស្លាប់នៅក្នុងទីក្រុងនឹងត្រូវឆ្កែហែក‌ស៊ី ហើយកូនចៅដែលស្លាប់នៅទីវាលនឹងត្រូវត្មាតចឹកស៊ីដែរ”» ។

25 មិនដែលមាននរណាដូចព្រះ‌បាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ក្រោមការញុះ‌ញង់របស់ម្ចាស់ក្សត្រីយេសិ‌បិល ជាមហេសី។

26 ស្ដេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ ដូចជន‌ជាតិអាម៉ូរី ដែលព្រះ‌អម្ចាស់បានបណ្ដេញចេញពីមុខប្រជា‌ជនអ៊ីស្រា‌អែល។

27 កាលព្រះ‌បាទអហាប់ឮព្រះ‌បន្ទូលទាំងនោះហើយ ទ្រង់ហែកព្រះ‌ពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្ដេចស្លៀកបាវដែរ ហើយយាងយឺតៗ។

28 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេស‌ប៊ី‌ថា៖

29 «អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជ‌ពង្សរបស់គេ នៅជំនាន់ក្រោយ»។