២ ពង្សា‌វតារ‌ក្សត្រ 1

ព្រះ‌ជាម្ចាស់ដាក់ទោសព្រះ‌បាទអហា‌ស៊ីយ៉ា

1 ក្រោយពីព្រះ‌បាទអហាប់សោយទិវង្គត ជន‌ជាតិម៉ូអាប់បានបះ‌បោរប្រឆាំងនឹងជន‌ជាតិអ៊ីស្រា‌អែល។

2 ថ្ងៃមួយ ព្រះ‌បាទអហា‌ស៊ីយ៉ាបានធ្លាក់ពីរាន‌ហាលបន្ទប់ជាន់លើបំផុតនៃព្រះ‌ដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្ដេចបានចាត់អ្នកនាំសារឲ្យទៅទូលសួរព្រះបាល-‌សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើទ្រង់អាចជាសះ‌ស្បើយពីរបួសនេះឬទេ?

3 ពេលនោះ ទេវតារបស់ព្រះ‌អម្ចាស់ថ្លែងទៅកាន់លោកអេលីយ៉ា ជាអ្នកស្រុកធេស‌ប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្ដេចក្រុងសា‌ម៉ារី ហើយសួរថា “តើនៅស្រុកអ៊ីស្រា‌អែលគ្មានព្រះទេឬ បានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-‌សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”

4 ហេតុនេះហើយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីយ៉ាក៏ចាកចេញទៅ។

5 ពួកអ្នកនាំសារវិលមកគាល់ស្ដេចវិញ ហើយស្ដេចមានរាជ‌ឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»។

6 ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រា‌អែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-‌សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។

7 ស្ដេចសួរអ្នកនាំសារថា៖ «តើបុរសដែល មកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្ដេច?»។

8 ពួកគេទូលស្ដេចថា៖ «បុរសនោះស្លៀកសម្លៀក‌បំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្ដេចក៏មានរាជ‌ឱង្ការថា៖ «គឺពិតជាអេលីយ៉ា អ្នកស្រុកធេស‌ប៊ី!»

ព្រះ‌បាទអហា‌ស៊ីយ៉ារកចាប់ព្យាការីអេលីយ៉ា

9 ស្ដេចក៏ចាត់មេកងម្នាក់ឲ្យនាំពលទាហានហា‌សិបនាក់ ទៅរកចាប់លោកអេលីយ៉ា។ គេនាំគ្នាឡើងទៅរកចាប់លោកអេលីយ៉ា ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះ‌រាជា»។

10 លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហា‌សិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហា‌សិបនាក់នោះមែន។

11 ស្ដេចចាត់មេ‌ទ័ពម្នាក់ទៀតឲ្យនាំពលទាហានហា‌សិបនាក់ទៅរកចាប់លោកអេលីយ៉ា។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះ‌រាជា!»។

12 លោកអេលីយ៉ាមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហា‌សិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហា‌សិបនាក់នោះមែន។

13 ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហា‌សិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហា‌សិបនាក់នេះផង។

14 មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទផង!»។

15 ទេវតា*របស់ព្រះ‌អម្ចាស់ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើង ហើយទៅជាមួយគេ ចូលគាល់ស្ដេច

16 ទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាល-‌សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រា‌អែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។

17 ព្រះ‌បាទអហា‌ស៊ីយ៉ាសោយទិវង្គតស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះ‌បាទអហា‌ស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះ‌បាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជ‌កាលព្រះ‌បាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះ‌បាទយ៉ូសា‌ផាត ស្ដេចស្រុកយូដា។

18 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទអហា‌ស៊ីយ៉ា និងអ្វីៗដែលទ្រង់បានធ្វើ សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិ‌សាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រា‌អែល។