២ ពង្សា‌វតារ‌ក្សត្រ 8

ស្ដេចអ៊ីស្រា‌អែលរកយុត្តិធម៌ជូនស្ត្រីអ្នកភូមិស៊ូ‌ណែម

1 ថ្ងៃមួយ លោកអេលីសេមានប្រសាសន៍ប្រាប់ស្ត្រី ដែលលោកបានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណាដែលនាងអាចនៅបាន ដ្បិតព្រះ‌អម្ចាស់ធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំ‌ពីរឆ្នាំ»។

2 ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់បានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំ‌ពីរឆ្នាំ។

3 លុះគ្រប់ប្រាំ‌ពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅគាល់ស្ដេច ដើម្បីទាម‌ទារផ្ទះសម្បែង និងដី‌ធ្លីរបស់នាងវិញ។

4 ពេលនោះ ស្ដេចកំពុងសំណេះ‌សំណាលជាមួយកេហា‌ស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះ‌ជាម្ចាស់ ទ្រង់មានរាជ‌ឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។

5 នៅពេលកេហា‌ស៊ីរៀបរាប់ថ្វាយស្ដេច អំពីលោកអេលីសេធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្ដាយក៏ចូលមកគាល់ស្ដេច ដើម្បីទាម‌ទារទូលសូមផ្ទះសម្បែង និងដី‌ធ្លីរបស់នាង។ កេហា‌ស៊ីទូលថា៖ «បពិត្រព្រះ‌ករុណាជាអម្ចាស់ នេះហើយស្ត្រីដែលជាម្ដាយ ព្រមទាំងកូនរបស់នាង ដែលលោកអេលីសេបានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។

6 ស្ដេចមានរាជ‌ឱង្ការសួរនាង ហើយនាងក៏រៀបរាប់ទូលស្ដេចតាមដំណើររឿង។ ពេលនោះ ស្ដេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគ‌ផលពីស្រែចម្ការរបស់នាង តាំងពីពេលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។

ព្យាការីអេលីសេ និងលោកហាសែល

7 លោកអេលីសេធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះ ព្រះ‌បាទបេនហា‌ដាដជាស្ដេចស្រុកស៊ីរី កំពុងតែប្រឈួន។ គេទូលស្ដេចថា៖ «អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ អញ្ជើញមកដល់ហើយ»។

8 ស្ដេចមានរាជ‌ឱង្ការទៅកាន់លោកហាសែល ថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ រួចទូលសួរព្រះ‌អម្ចាស់តាមរយៈលោកថា តើយើងនឹងបានជាសះ‌ស្បើយពីជំងឺនេះឬទេ?»។

9 លោកហាសែលក៏ទៅជួបលោកអេលីសេ ដោយនាំយកជំនូនដ៏ល្អៗបំផុតដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែ‌សិបក្បាល ដឹកទៅជូន។ ពេលទៅដល់ លោកហាសែលចូលជួបលោកអេលីសេ ជម្រាបថា៖ «ព្រះ‌បាទបេនហា‌ដាដ ជាស្ដេចស្រុកស៊ីរី ជាកូនរបស់លោក ចាត់ខ្ញុំប្របាទឲ្យមកជម្រាបសួរលោកថា តើស្ដេចនឹងជាសះ‌ស្បើយពីជំងឺឬទេ?»។

10 លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះ‌ករុណាវិញថា ស្ដេចនឹងបានជាសះ‌ស្បើយពិតមែន! ប៉ុន្តែព្រះ‌អម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះ‌ករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។

11 អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ សម្លឹងមុខលោកហាសែលមិនដាក់ភ្នែក រួចលោកយំ។

12 លោកហាសែលសួរព្យាការីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលលោកនឹងប្រព្រឹត្តទៅលើជន‌ជាតិអ៊ីស្រា‌អែល គឺលោកនឹងដុតបំផ្លាញទីក្រុងរបស់គេ លោកនឹងសម្លាប់ពួកយុវជនដោយមុខដាវ លោកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានគភ៌ផង»។

13 លោកហាសែលតបថា៖ «ខ្ញុំប្របាទនេះប្រៀបដូចជាឆ្កែ តើខ្ញុំប្របាទអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ លោកអេលីសេឆ្លើយថា៖ «ព្រះ‌អម្ចាស់បានសម្តែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្ដេចលើស្រុកស៊ីរី»។

14 លោកហាសែលចាកចេញពីលោកអេលីសេ វិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ។ ស្ដេចមានរាជ‌ឱង្ការសួរថា៖ «តើលោកអេលីសេមានប្រសាសន៍ដូចម្ដេច»។ លោកហាសែលឆ្លើយថា៖ «លោកប្រាប់ទូលបង្គំថា ព្រះ‌ករុណានឹងជាសះ‌ស្បើយពិតមែន»។

15 ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះ‌ភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។

ព្រះ‌បាទយ៉ូរ៉ាមសោយរាជ្យនៅស្រុកយូដា

16 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះ‌បាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះ‌បាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទយ៉ូរ៉ាម ជាបុត្រព្រះ‌បាទយ៉ូសា‌ផាត បានឡើងសោយរាជ្យនៅស្រុកយូដា

17 ក្នុងព្រះ‌ជន្មាយុសាម‌សិបពីរវស្សា ទ្រង់សោយរាជ្យបានប្រាំបីឆ្នាំ នៅក្រុងយេរូ‌សាឡឹម។

18 ព្រះ‌បាទយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្ដេចទាំង‌ឡាយនៅស្រុកអ៊ីស្រា‌អែល និងប្រព្រឹត្តដូចរាជ‌វង្សរបស់ព្រះ‌បាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយបុត្រីរបស់ព្រះ‌បាទអហាប់ ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

19 ប៉ុន្តែព្រះ‌អម្ចាស់មិនសព្វព្រះ‌ហឫទ័យលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះព្រះ‌អង្គបានសន្យានឹងព្រះ‌បាទដាវីឌ ជាអ្នកបម្រើរបស់ព្រះ‌អង្គថា ព្រះ‌អង្គប្រោសប្រទានឲ្យពូជ‌ពង្សរបស់ព្រះ‌បាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ ។

20 ក្នុងរជ្ជកាលព្រះ‌បាទយ៉ូរ៉ាម ជន‌ជាតិអេដុមបានបះ‌បោរប្រឆាំងនឹងការត្រួត‌ត្រារបស់ជន‌ជាតិយូដា ហើយនាំគ្នាតែង‌តាំងស្ដេចមួយអង្គឲ្យឡើងគ្រងរាជ្យលើពួកគេ។

21 ពេលនោះ ព្រះ‌បាទយ៉ូរ៉ាមយាងចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កង‌ទ័ពអេដុមបានឡោម‌ព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំ‌នៅរៀងៗខ្លួនវិញ។

22 តាំងពីពេលនោះមក ជន‌ជាតិអេដុមបានរំដោះខ្លួនពីការត្រួត‌ត្រារបស់ជន‌ជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីប‌ណាក៏បះ‌បោរដែរ។

23 រាជកិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទយ៉ូរ៉ាម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិ‌សាស្ត្ររបស់ស្ដេចស្រុកយូដា។

24 លុះព្រះ‌បាទយ៉ូរ៉ាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជ‌វង្ស នៅបុរីព្រះ‌បាទដាវីឌ ហើយព្រះ‌បាទអហា‌ស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។

ព្រះ‌បាទអហា‌ស៊ីយ៉ាសោយរាជ្យនៅស្រុកយូដា

25 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះ‌បាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះ‌បាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទអហា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា

26 ក្នុងព្រះ‌ជន្មាយុម្ភៃពីរវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា អថា‌លា ជាចៅរបស់ព្រះ‌បាទអូមរី ស្ដេចស្រុកអ៊ីស្រា‌អែល។

27 ព្រះ‌បាទអហា‌ស៊ីយ៉ាដើរតាមមាគ៌ារបស់រាជ‌វង្សព្រះ‌បាទអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចរាជ‌វង្សព្រះ‌បាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិ‌សេកជាមួយញាតិ‌វង្សរបស់ព្រះ‌បាទអហាប់។

28 ព្រះ‌បាទអហា‌ស៊ីយ៉ាយាងចេញទៅច្បាំងនឹងព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានព្រះ‌បាទយ៉ូរ៉ាម ជាស្ដេចស្រុកអ៊ីស្រា‌អែលយាងទៅជាមួយផង។ នៅពេលប្រយុទ្ធ កង‌ទ័ពស៊ីរីវាយព្រះ‌បាទយ៉ូរ៉ាមឲ្យរបួស។

29 ព្រះ‌បាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកង‌ទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ា ក្នុងពេលស្ដេចប្រយុទ្ធជាមួយព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី។ ពេលនោះ ព្រះ‌បាទអហា‌ស៊ីយ៉ា ជាបុត្រព្រះ‌បាទយ៉ូរ៉ាម ស្ដេចស្រុកយូដា យាងចុះទៅក្រុងយេសរាល សួរសុខទុក្ខព្រះ‌បាទយ៉ូរ៉ាម ជាបុត្រព្រះ‌បាទអហាប់ ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។