២ ពង្សា‌វតារ‌ក្សត្រ 19

ព្រះ‌បាទហេ‌សេគាសួរយោបល់លោកអេសាយ

1 កាលព្រះ‌បាទហេ‌សេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះ‌ភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

2 ព្រះ‌រាជាចាត់លោកអេលា‌គីម ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរម‌រាជវាំង និងលោកសិប‌ណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជា‌ចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។

3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌ‌កម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។

4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេ‌ទ័ពឲ្យមកជេរប្រមាថព្រះ‌អម្ចាស់ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះ‌អម្ចាស់ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេ‌ទ័ពនោះដែរ ហើយព្រះ‌អង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះ‌អង្គបានឮ។ ហេតុនេះ សូមទូល‌អង្វរព្រះ‌អម្ចាស់ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជា‌ជនដែលនៅសេស‌សល់នេះផង»។

5 មន្ត្រីរបស់ព្រះ‌បាទហេ‌សេគាក៏នាំគ្នាទៅជួបលោកអេសាយ

6 ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះ‌ករុណាថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។

7 បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវ នៅស្រុកនោះ”»។

ការគំរាមកំហែងសាជាថ្មីពីសំណាក់ស្ដេចសាន‌ហេរីប

8 មេ‌ទ័ពបានវិលទៅជួបស្ដេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលទ្រង់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីប‌ណា។

9 ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កង‌ទ័ពអេស៊ីបដឹកនាំដោយព្រះ‌ចៅទីរ៉ា‌កា ជាជន‌ជាតិអេត្យូ‌ពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី

10 ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅទូលព្រះ‌បាទហេ‌សេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយឲ្យព្រះរបស់ព្រះ‌ករុណា គឺព្រះដែលព្រះ‌ករុណាទុកចិត្ត បញ្ឆោតព្រះ‌ករុណា ដោយអះ‌អាងថា “ក្រុងយេរូ‌សាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។

11 ព្រះ‌ករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះ‌ករុណាវិញ តើព្រះ‌ករុណាស្មានថានឹងរួចខ្លួនកើតឬ?

12 ពេលពួកអយ្យ‌កោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡា‌ស៊ើរ គ្មានព្រះណាមួយរបស់ប្រជា‌ជាតិទាំងនោះរំដោះពួកគេបានឡើយ។

13 រីឯស្ដេចទាំង‌ឡាយរបស់ក្រុងហា‌ម៉ាត ក្រុងអើផាឌ ក្រុងសេផា‌វែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។

ពាក្យទូល‌អង្វររបស់ព្រះ‌បាទហេ‌សេគា

14 ព្រះ‌បាទហេ‌សេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះ‌វិហារ យកលិខិតនោះទៅបង្ហាញព្រះ‌អម្ចាស់។

15 ព្រះ‌បាទហេ‌សេគាទូល‌អង្វរព្រះ‌អម្ចាស់ថា៖

«ឱព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះ‌អង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ និងផែនដី។

16 ព្រះ‌អម្ចាស់អើយ សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ទូលបង្គំ!ព្រះ‌អម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះ‌សណ្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលស្ដេចសាន‌ហេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះ‌ជន្មគង់នៅ!

17 ព្រះ‌អម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជា‌ជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ

18 ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នា‌ដៃរបស់មនុស្សប៉ុណ្ណោះ។

19 ឥឡូវនេះព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ស្ដេចសាន‌ហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះ‌ជាម្ចាស់!»។

លោកអេសាយនាំព្រះ‌បន្ទូលមកថ្លែងប្រាប់ព្រះ‌រាជា

20 ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅទូលព្រះ‌បាទហេ‌សេគាថា៖ «ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែលមានព្រះ‌បន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូល‌អង្វរយើងស្ដីអំពីសាន‌ហេរីប ជាស្ដេចរបស់ស្រុកអាស្ស៊ីរីហើយ”។

21 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលប្រឆាំងនឹងស្ដេចនោះថា:

សាន‌ហេរីបអើយ

ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី

ប្រមាថមើល‌ងាយអ្នក

អ្នកក្រុងយេរូ‌សាឡឹមគ្រវីក្បាល ចំអកឲ្យអ្នក។

22 តើអ្នកបានជេរ និងត្មះ‌តិះ‌ដៀលនរណា?

តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា?

គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏‌វិសុទ្ធ*

របស់ជន‌ជាតិអ៊ីស្រា‌អែល!

23 អ្នកបានចាត់ពួកនាំសាររបស់អ្នក

ឲ្យមកជេរព្រះ‌អម្ចាស់ហើយអ្នកពោលថា:

ដោយអញមានរទេះចំបាំងដ៏ច្រើន

អញឡើងទៅលើកំពូលភ្នំ

អញចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់

ដើម្បីកាប់ដើមតាត្រៅ និងដើមស្រឡៅដ៏ល្អៗ

អញនឹងឡើងទៅដល់ចុងកំពូល

ហើយចូលទៅដល់ព្រៃស្រោង។

24 អញបានជីកអណ្ដូង

ហើយផឹកទឹករបស់សាសន៍ដទៃ

ពេលអញឈានជើងជាន់តំបន់ទន្លេនីល

នោះទឹកទន្លេរីងអស់ជាមិនខាន។

25 សាន‌ហេរីបអើយ អ្នកមិនដឹងទេឬថា

យើងបានគ្រោងទុក និងរៀបចំព្រឹត្តិ‌ការណ៍

ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!

ឥឡូវនេះ យើងធ្វើឲ្យសម្រេច

ដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹង‌មាំ

ឲ្យក្លាយទៅជាគំនរឥដ្ឋ។

26 អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ

ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ

ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល

ឬដូចរុក្ខ‌ជាតិនៅតាមចម្ការ

និងដូចស្មៅដុះនៅលើដំបូលផ្ទះ

ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ

មុនពេលមានពន្លកលូតចេញមក។

27 ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ

យើងដឹងទាំងអស់!

ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូល

ពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ

28 ដ្បិតអ្នកច្រឡោតខឹងនឹងយើង

យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក

ហេតុនេះហើយបានជាយើងយកកន្លុះ

មកដាក់ច្រមុះអ្នក

និងយកបង្ហៀរមកដាក់មាត់អ្នក

ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ

តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។

29 ចំពោះអ្នកវិញ ហេសេ‌គាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ អ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយ អ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំង‌បាយជូរ រួចបរិភោគ‌ផលនោះទៅ។

30 អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេស‌សល់ប្រៀបដូចជាដើមឈើ ដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។

31 ដោយព្រះ‌ហឫទ័យស្រឡាញ់ដ៏លើស‌លប់របស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល ព្រះ‌អង្គនឹងទុកឲ្យប្រជា‌ជនមួយចំនួនសេស‌សល់នៅក្រុងយេរូ‌សាឡឹម ហើយឲ្យប្រជា‌ជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន។

32 ចំពោះស្ដេចអាស្ស៊ីរីវិញព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូ‌សាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬប្រើខែល និងលើកដី ដើម្បីវាយលុកក្រុងនេះដែរ”។

33 ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

34 យើងនឹងការ‌ពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើងដែរ»។

ជន‌ជាតិអាស្ស៊ីរីដកទ័ពថយ ស្ដេចសាន‌ហេរីបសោយទិវង្គត

35 នៅយប់នោះ ទេវតា*របស់ព្រះ‌អម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាក‌សពនៅពាស‌ពេញទីតាំងទ័ព។

36 ព្រះ‌ចៅសាន‌ហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។

37 ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយ‌បង្គំព្រះនីស‌រ៉ុក នៅក្នុងវិហារ នោះបុត្របង្កើតពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ា‌ម៉ាឡេក និងសារេ‌ស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ា‌រ៉ាត។ ព្រះ‌រាជបុត្រមួយអង្គទៀតព្រះ‌នាមអេសារ-‌ហាដោន ឡើងស្នងរាជ្យ។