ភីលីព 4

1 បង‌ប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបង‌ប្អូនខ្លាំងណាស់ បង‌ប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បង‌ប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយព្រះ‌អម្ចាស់ដូច្នេះតរៀងទៅ!

សេចក្ដីដាស់‌តឿនផ្សេងៗ

2 ខ្ញុំសូមទូន្មាននាងអ៊ើ‌រ៉ូឌា និងនាងស៊ុន‌ទីចថា ចូរមានចិត្តគំនិតតែមួយ ឲ្យសមជាអ្នករួមរស់ជាមួយព្រះ‌អម្ចាស់។

3 រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹង‌ល្អ* ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។

4 ចូរបង‌ប្អូនអរសប្បាយ ដោយរួមជាមួយព្រះ‌អម្ចាស់ជា‌និច្ច ខ្ញុំសូមជម្រាបបង‌ប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!

5 ចូរសម្តែងឲ្យមនុស្ស‌ម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បង‌ប្អូន ព្រះ‌អម្ចាស់ជិតយាងមកដល់ហើយ។

6 សូមកុំខ្វល់‌ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ត្រូវទូលព្រះ‌ជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បង‌ប្អូន ដោយអធិស្ឋាន* និងទូល‌អង្វរ ទាំងអរព្រះ‌គុណព្រះ‌អង្គផង។

7 ធ្វើដូច្នេះ សេចក្ដីសុខ‌សាន្តរបស់ព្រះ‌ជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបង‌ប្អូន ដែលរួមក្នុងអង្គព្រះ‌គ្រិស្ដយេស៊ូមិនខាន។

8 ជាទីបញ្ចប់ បង‌ប្អូនអើយ សូមបង‌ប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។

9 សេចក្ដីដែលបង‌ប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបង‌ប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបង‌ប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះ‌ជាម្ចាស់ជាប្រភពនៃសេចក្ដីសុខ‌សាន្តនឹងគង់ជាមួយបង‌ប្អូនមិនខាន។

លោកប៉ូលអរ‌គុណគ្រិស្ដ‌បរិស័ទនៅក្រុងភីលីព

10 ខ្ញុំមានអំណរក្នុងព្រះ‌អម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បង‌ប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បង‌ប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបង‌ប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បង‌ប្អូនចំពោះខ្ញុំ។

11 ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈ‌ទេសៈ។

12 ទោះ‌បីទ័លក្រក្ដី មានបរិបូណ៌ក្ដី ក៏ខ្ញុំចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈ‌ទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជា‌និច្ច។

13 ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះ‌អង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។

14 ទោះជាយ៉ាងណាក្ដី បង‌ប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។

15 បង‌ប្អូននៅក្រុងភីលីពអើយ បង‌ប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វ‌ផ្សាយដំណឹង‌ល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេ‌ដូនមកនោះ ក្រៅពីបង‌ប្អូន គ្មានក្រុម‌ជំនុំ*ណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។

16 កាលខ្ញុំនៅក្រុងថេស្សា‌ឡូនិក បង‌ប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។

17 ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបង‌ប្អូនទេ តែខ្ញុំចង់ឲ្យបង‌ប្អូនបានទទួលព្រះ‌ពរ ដ៏បរិបូណ៌។

18 ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបង‌ប្អូន តាមរយៈលោកអេប៉ោ‌ប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយ‌ឈ្ងប់ ជាយញ្ញ‌បូជាដែលព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យ និងយល់ព្រមទទួល។

19 ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បង‌ប្អូន ស្របតាមសិរី‌រុងរឿងដ៏ប្រសើរបំផុតរបស់ព្រះ‌អង្គ ដោយរួមក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ។

20 សូមលើកតម្កើងសិរី‌រុងរឿងព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង អស់‌កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

អវសាន‌កថា

21 សូមជម្រាបសួរប្រជា‌ជនដ៏‌វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះ‌គ្រិស្ដ*យេស៊ូឲ្យខ្ញុំផង។

22 បង‌ប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបង‌ប្អូនទាំងអស់គ្នា។ បង‌ប្អូនទាំងអស់ដែលជាប្រជា‌ជនដ៏‌វិសុទ្ធ* ជាពិសេស បង‌ប្អូនដែលជាអ្នករាជការរបស់ព្រះចៅ‌អធិរាជ ក៏សូមជម្រាបសួរមកបង‌ប្អូនដែរ។

23 សូមព្រះ‌គុណរបស់ព្រះ‌អម្ចាស់យេស៊ូគ្រិស្ដនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បង‌ប្អូន!

—https://d1b84921e69nmq.cloudfront.net/364/32k/PHP/4-03c3fe1f5f59febefde987e43f2ffc94.mp3?version_id=85—