កូឡូស 1

សេចក្ដីផ្ដើម

1 ខ្ញុំ ប៉ូល ដែលព្រះ‌ជា‌ម្ចាស់សព្វព្រះ‌ហឫទ័យតែង‌តាំងជាសាវ័ករបស់ព្រះ‌គ្រិស្ដ‌យេស៊ូ និងលោកធីម៉ូថេ

2 សូមជម្រាបមកប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ* និងបង‌ប្អូនដែលជឿលើព្រះ‌គ្រិស្ដ នៅក្រុងកូឡូស។ សូមព្រះ‌ជា‌ម្ចាស់ជាព្រះ‌បិតារបស់យើងប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។

ពាក្យអរព្រះ‌គុណ និងពាក្យទូល‌អង្វររបស់លោកប៉ូល

3 យើងសូមអរព្រះ‌គុណព្រះ‌ជា‌ម្ចាស់ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូគ្រិស្ដ* ជា‌អម្ចាស់នៃយើងជា‌និច្ច គ្រប់ពេលដែលយើងអធិស្ឋាន*ឲ្យបង‌ប្អូន

4 ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បង‌ប្អូនលើព្រះ‌គ្រិស្ដ‌យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បង‌ប្អូន ចំពោះប្រជា‌ជនដ៏‌វិសុទ្ធ*ទាំងអស់

5 ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះ‌អង្គបម្រុងទុកសម្រាប់បង‌ប្អូននៅស្ថានបរម‌សុខ*។ បង‌ប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយ‌សារព្រះ‌បន្ទូលនៃសេចក្ដីពិត គឺដំណឹង‌ល្អ*

6 ដែលបានមកដល់បង‌ប្អូន។ ចាប់តាំងពីថ្ងៃដែលបង‌ប្អូនបានទទួល និងបានស្គាល់ព្រះ‌គុណរបស់ព្រះ‌ជា‌ម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹង‌ល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបង‌ប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។

7 បង‌ប្អូនបានទទួលការអប់រំនេះពីសំណាក់លោកអេប៉ា‌ប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការ‌ងារជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ‌គ្រិស្ដសម្រាប់បង‌ប្អូន។

8 គាត់បានប្រាប់ឲ្យយើងដឹងច្បាស់អំពីសេចក្ដីស្រឡាញ់ ដែលព្រះ‌វិញ្ញាណប្រទានមកបង‌ប្អូន។

9 ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបង‌ប្អូន យើងចេះតែអធិ‌ស្ឋាន និងទូល‌អង្វរព្រះ‌ជា‌ម្ចាស់ឲ្យបង‌ប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបង‌ប្អូនស្គាល់ព្រះ‌ហឫទ័យរបស់ព្រះ‌អង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះ‌វិញ្ញាណ។

10 សូមឲ្យបង‌ប្អូនរស់នៅបានសមរម្យនឹងព្រះ‌អម្ចាស់ ដើម្បីឲ្យបានគាប់ព្រះ‌ហឫទ័យព្រះ‌អង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បង‌ប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបង‌ប្អូនធ្វើ ហើយបង‌ប្អូននឹងស្គាល់ព្រះ‌ជា‌ម្ចាស់កាន់តែច្បាស់ឡើងៗ។

11 សូមឲ្យបង‌ប្អូនមានកម្លាំងមាំ‌មួនគ្រប់ចំពូក ដោយព្រះ‌ចេស្ដាដ៏រុងរឿងរបស់ព្រះ‌អង្គ ដើម្បីឲ្យបង‌ប្អូនអាចស៊ូ‌ទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់‌ធ្មត់ទៀតផង។

12 ចូរអរព្រះ‌គុណព្រះ‌បិតា ដោយចិត្តរីក‌រាយ ព្រោះព្រះ‌អង្គបានប្រោសប្រទានឲ្យបង‌ប្អូន មានសមត្ថ‌ភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជា‌ជនដ៏‌វិសុទ្ធ*នៅក្នុងពន្លឺ។

13 ព្រះ‌អង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះ‌រាជ្យ*នៃព្រះ‌បុត្រាដ៏ជាទីស្រឡាញ់របស់ព្រះ‌អង្គ។

14 ដោយយើងរួមក្នុងអង្គព្រះ‌បុត្រា ព្រះ‌អង្គបានលោះយើង និងលើក‌លែងទោសយើងឲ្យរួចពីបាប។

15 ព្រះ‌គ្រិស្ដជាតំណាង របស់ព្រះ‌ជា‌ម្ចាស់

ដែលយើងមើលពុំឃើញ

ព្រះ‌អង្គជារៀម‌ច្បងនៃអ្វីៗទាំងអស់

ដែលព្រះ‌ជា‌ម្ចាស់បានបង្កើតមក

16 ដ្បិតព្រះ‌ជា‌ម្ចាស់បានបង្កើតអ្វីៗ

សព្វសារពើក្នុងអង្គព្រះ‌គ្រិស្ដ

ទាំងនៅស្ថានបរម‌សុខ* ទាំងនៅលើផែន‌ដី

ទាំងអ្វីៗដែលមើលឃើញ

ទាំងអ្វីៗដែលមើលមិនឃើញ

ទាំងទេវ‌រាជ

ទាំងអ្វីៗដែលមានបារមីគ្រប់‌គ្រង

ទាំងវត្ថុស័ក្តិ‌សិទ្ធិ និងអំណាចនានា

ព្រះ‌ជា‌ម្ចាស់បានបង្កើតទាំងអស់មក

ដោយ‌សារព្រះ‌គ្រិស្ដ

និងសម្រាប់ព្រះ‌គ្រិស្ដ។

17 ព្រះ‌គ្រិស្ដមានព្រះ‌ជន្មមុនអ្វីៗទាំងអស់

ហើយអ្វីៗទាំងអស់ក៏នៅស្ថិត‌ស្ថេររួមគ្នា

ដោយ‌សារព្រះ‌អង្គដែរ។

18 ព្រះ‌អង្គជាសិរសានៃព្រះ‌កាយរបស់ព្រះ‌អង្គ

គឺក្រុម‌ជំនុំ*

ព្រះ‌អង្គជាដើមកំណើតនៃអ្វីៗទាំងអស់។

ក្នុងចំណោមមនុស្សស្លាប់ទាំងអស់

ព្រះ‌អង្គមានព្រះ‌ជន្មរស់ឡើងវិញមុនគេ

ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់

19 ដ្បិតព្រះ‌ជា‌ម្ចាស់សព្វព្រះ‌ហឫទ័យឲ្យ

គ្រប់លក្ខណ‌សម្បត្តិរបស់ព្រះ‌អង្គ

ស្ថិតនៅក្នុងព្រះ‌គ្រិស្ដ។

20 ព្រះ‌ជា‌ម្ចាស់បានសម្រុះ‌សម្រួលអ្វីៗទាំងអស់

នៅលើផែន‌ដី និងនៅស្ថានបរម‌សុខ

ឲ្យជានានឹងព្រះ‌អង្គវិញ

ដោយ‌សារព្រះ‌គ្រិស្ដ និងសម្រាប់ព្រះ‌គ្រិស្ដ

គឺព្រះ‌ជា‌ម្ចាស់បានធ្វើឲ្យមានសន្តិ‌ភាព

ដោយព្រះ‌បុត្រាបង្ហូរព្រះ‌លោហិត

នៅលើឈើឆ្កាង។

21 ចំពោះបង‌ប្អូនវិញ ពីដើម បង‌ប្អូននៅខាងក្រៅប្រជា‌រាស្ដ្ររបស់ព្រះ‌ជា‌ម្ចាស់ ហើយជាសត្រូវនឹងព្រះ‌អង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បង‌ប្អូន។

22 តែឥឡូវនេះ ព្រះ‌អង្គបានសម្រុះ‌សម្រួលបង‌ប្អូនឲ្យជា‌នានឹងព្រះ‌អង្គវិញ ដោយព្រះ‌បុត្រា ដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឲ្យបង‌ប្អូនបានវិសុទ្ធ*ឥតសៅ‌ហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។

23 ក៏ប៉ុន្តែ បង‌ប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹង‌ប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបង‌ប្អូនមាន តាំងពីបានឮដំណឹង‌ល្អ*មកនោះ គឺជាដំណឹង‌ល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខ‌ងារបម្រើដំណឹង‌ល្អនេះដែរ។

កិច្ចការដ៏លំបាករបស់លោកប៉ូល

24 ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បង‌ប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះ‌គ្រិស្ដ សម្រាប់ព្រះ‌កាយរបស់ព្រះ‌អង្គ ដែលជាក្រុម‌ជំនុំ*។

25 ខ្ញុំបានទទួលមុខ‌ងារបម្រើក្រុម‌ជំនុំនេះ តាមការចាត់ចែងដែលព្រះ‌ជា‌ម្ចាស់បានផ្ទុក‌ផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែ‌នាំបង‌ប្អូនឲ្យស្គាល់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គបានសព្វគ្រប់។

26 នេះហើយជាគម្រោង‌ការដ៏លាក់កំបាំងដែលព្រះ‌ជា‌ម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះ‌អង្គបានបង្ហាញឲ្យប្រជា‌ជនដ៏‌វិសុទ្ធ*របស់ព្រះ‌អង្គស្គាល់។

27 ព្រះ‌ជា‌ម្ចាស់សព្វព្រះ‌ហឫទ័យឲ្យប្រជា‌ជនដ៏‌វិសុទ្ធនេះ ស្គាល់សិរី‌រុងរឿងដ៏ប្រសើរបំផុតនៃគម្រោង‌ការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះ‌គ្រិស្ដគង់នៅក្នុងបង‌ប្អូន ព្រះ‌អង្គប្រទានឲ្យបង‌ប្អូនមានសង្ឃឹមថា នឹងបានទទួលសិរី‌រុងរឿងរបស់ព្រះ‌អង្គ។

28 ដូច្នេះ យើងផ្សព្វ‌ផ្សាយដំណឹងអំពីព្រះ‌គ្រិស្ដនេះហើយ យើងដាស់‌តឿន និងប្រៀន‌ប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះ‌គ្រិស្ដ។

29 ខ្ញុំធ្វើការនឿយ‌ហត់ដើម្បីសម្រេចគោល‌ដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិ‌ឫទ្ធិរបស់ព្រះ‌អង្គ ដែលកំពុងតែមានសកម្ម‌ភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។

—https://d1b84921e69nmq.cloudfront.net/364/32k/COL/1-c35ad290318064cf9d76f369924096c2.mp3?version_id=85—