ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែល ស្ដេចទូលសូមប្រាជ្ញាពីព្រះជាម្ចាស់
1 ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ព្រះអម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្ដេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
2 ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។
3 ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។
4 រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលស្ដេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។
5 អាសនៈលង្ហិនដែលលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។
6 ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។
7 នៅយប់នោះព្រះអម្ចាស់បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។
8 ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏ឲ្យទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។
9 បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសម្រេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនា ដូចធូលី។
10 សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យទូលបង្គំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ព្រះអង្គបាន?»។
11 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូមឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមឲ្យមានអាយុវែងដែរ តែអ្នកទូលសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រ ដែលយើងបានតែងតាំងអ្នកឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ
12 យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្ដេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី»។
13 ព្រះបាទសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀន គឺត្រង់ពន្លាជួបព្រះអម្ចាស់វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
អំណាច និងរាជ្យទ្រព្យរបស់ព្រះបាទសាឡូម៉ូន
14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។
15 ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។
16 ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។
17 ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។