២ របាក្សត្រ 13

ព្រះ‌បាទអប៊ី‌យ៉ាសោយរាជ្យនៅស្រុកយូដា

1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជ‌កាលព្រះ‌បាទយេរ៉ូ‌បោម ព្រះ‌បាទអប៊ី‌យ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។

2 ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូ‌សាឡឹម មាតារបស់ស្ដេចមាននាមថា មីកា‌យ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះ‌បាទអប៊ី‌យ៉ា និងព្រះ‌បាទយេរ៉ូ‌បោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។

3 ព្រះ‌បាទអប៊ី‌យ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់‌អាចចេញទៅប្រយុទ្ធ ហើយព្រះ‌បាទយេរ៉ូ‌បោមក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់‌អាច ចេញមកតទល់វិញដែរ។

4 ព្រះ‌បាទអប៊ី‌យ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ា‌រែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយេរ៉ូ‌បោម និងកង‌ទ័ពអ៊ីស្រា‌អែលថា៖ «ចូរស្ដាប់យើង!

5 អ្នករាល់គ្នាត្រូវដឹងថាព្រះ‌អម្ចាស់ជាព្រះនៃអ៊ីស្រា‌អែល ប្រទានឲ្យព្រះ‌បាទដាវីឌ និងរាជ‌វង្ស សោយរាជ្យលើអាណា‌ចក្រអ៊ីស្រា‌អែលរហូតតទៅ គឺជាសម្ពន្ធ‌មេត្រី*ដែលមិនអាចប្រែ‌ប្រួលបានឡើយ ។

6 ប៉ុន្តែ យេរ៉ូ‌បោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះ‌បាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះ‌បាទដាវីឌ បានក្រោកឡើងបះ‌បោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។

7 មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្ដេចយេរ៉ូ‌បោម ហើយពួកគេមានប្រៀបលើព្រះ‌បាទរេហូ‌បោម ជាបុត្ររបស់ព្រះ‌បាទសាឡូម៉ូន។ ព្រះ‌បាទរេហូ‌បោមនៅក្មេងខ្ចី ខ្វះបទពិសោធ ពុំអាចទប់ទល់នឹងពួកគេបានទេ។

8 ឥឡូវនេះ អ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់ព្រះ‌អម្ចាស់ដែលស្ថិតនៅក្រោមការគ្រប់‌គ្រងនៃកូនចៅរបស់ព្រះ‌បាទដាវីឌទៀត។ អ្នករាល់គ្នាមានកង‌ទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្ដេចយេរ៉ូ‌បោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។

9 អ្នករាល់គ្នាបានបណ្ដេញពួកបូជា‌ចារ្យ*របស់ព្រះ‌អម្ចាស់ជាពូជ‌ពង្សរបស់លោកអើរ៉ុន និងពួកលេវីចេញ រួចជ្រើសរើសបូជា‌ចារ្យតាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំ‌ពីរមក នោះគេមុខតែបានទទួលការតែង‌តាំងជាបូជា‌ចារ្យនៃវត្ថុដែលមិនមែនជាព្រះ។

10 រីឯពួកយើងវិញព្រះ‌អម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះ‌អង្គឡើយ។ ពួកបូជា‌ចារ្យដែលបំពេញមុខ‌ងារបម្រើព្រះ‌អម្ចាស់សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខ‌ងាររបស់ខ្លួនដែរ។

11 ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះ‌អម្ចាស់រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិ‌ប័តន៍តាមសេចក្ដីដែលព្រះ‌អម្ចាស់ជាព្រះនៃយើង បានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះ‌អង្គ។

12 មើលចុះ ព្រះ‌ជាម្ចាស់ និងពួកបូជា‌ចារ្យរបស់ព្រះ‌អង្គស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកបូជា‌ចារ្យត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រា‌អែលអើយ! ចូរកុំធ្វើសឹកទល់នឹងព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។

13 ព្រះ‌បាទយេរ៉ូ‌បោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកង‌ទ័ពអ៊ីស្រា‌អែលស្ថិតនៅពីមុខកង‌ទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកង‌ទ័ពយូដាដែរ។

14 កាលកង‌ទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះ‌អម្ចាស់ហើយពួកបូជា‌ចារ្យក៏ផ្លុំត្រែឡើងដែរ។

15 កង‌ទ័ពយូដាបន្លឺជយ‌ឃោស ហើយនៅពេលដែលកង‌ទ័ពយូដាស្រែកឡើងព្រះ‌អម្ចាស់បានវាយប្រហារព្រះ‌បាទយេរ៉ូ‌បោម និងកង‌ទ័ពអ៊ីស្រា‌អែល នៅមុខព្រះ‌បាទអប៊ី‌យ៉ា និងកង‌ទ័ពយូដា។

16 ទាហានអ៊ីស្រា‌អែលបាក់ទ័ពរត់នៅចំពោះមុខកង‌ទ័ពយូដា ព្រះ‌ជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កង‌ទ័ពយូដា។

17 ព្រះ‌បាទអប៊ី‌យ៉ា និងកង‌ទ័ពយូដា ធ្វើឲ្យអ៊ីស្រា‌អែលបរា‌ជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកង‌ទ័ពអ៊ីស្រា‌អែល អស់ ៥០០ ០០០ នាក់។

18 នៅគ្រានោះ កូនចៅអ៊ីស្រា‌អែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់ខ្លួន។

19 ព្រះ‌បាទអប៊ី‌យ៉ាដេញតាមព្រះ‌បាទយេរ៉ូ‌បោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះ‌បាទយេរ៉ូ‌បោម គឺក្រុងបេត‌អែល និងស្រុកភូមិនៅជុំ‌វិញ ក្រុងយេសា‌ណា និងស្រុកភូមិនៅជុំ‌វិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំ‌វិញ។

20 ក្នុងរជ្ជ‌កាលរបស់ព្រះ‌បាទអប៊ី‌យ៉ា ព្រះ‌បាទយេរ៉ូ‌បោមចុះទន់ខ្សោយ ហើយបន្ទាប់មកព្រះ‌អម្ចាស់បានប្រហារស្ដេចឲ្យសោយទិវង្គតទៅ។

21 ផ្ទុយទៅវិញ ព្រះ‌បាទអប៊ី‌យ៉ាពង្រឹងអំណាចយ៉ាងរឹង‌មាំ។ ស្ដេចមានមហេសីដប់‌បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។

22 រាជ‌កិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទអប៊ី‌យ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជ‌ឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅអត្ថា‌ធិប្បាយរបស់ព្យាការីអ៊ីដោ។