២ របាក្សត្រ 18

ព្រះ‌បាទយ៉ូសា‌ផាតចងស្ពាន‌មេត្រីនឹងព្រះ‌បាទអហាប់

1 ព្រះ‌បាទយ៉ូសា‌ផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានចងស្ពាន‌មេត្រីនឹងព្រះ‌បាទអហាប់ តាមចំណងអាពាហ៍‌ពិពាហ៍ ។

2 ប៉ុន្មានឆ្នាំក្រោយមក ព្រះ‌បាទយ៉ូសា‌ផាតយាងទៅសួរសុខទុក្ខព្រះ‌បាទអហាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះ‌បាទអហាប់រៀប‌ចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះ‌បាទយ៉ូសា‌ផាត និងអស់អ្នកដែលអមដំណើរស្ដេច។ ព្រះ‌បាទអហាប់ក៏បានបបួលព្រះ‌បាទយ៉ូសា‌ផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។

3 ព្រះ‌បាទអហាប់ ជាស្ដេចស្រុកអ៊ីស្រា‌អែល មានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូសា‌ផាតថា៖ «តើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះ‌បាទយ៉ូសា‌ផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះ‌ករុណា ប្រជា‌រាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជា‌រាស្ត្ររបស់ព្រះ‌ករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះ‌ករុណាដែរ!»។

ពួកអ្នកប្រកបរបរជាព្យាការីប្រកាសអំពីជ័យ‌ជំនះ

4 ព្រះ‌បាទយ៉ូសា‌ផាតទូលទៀតថា៖ «ឥឡូវនេះ សូមព្រះ‌ករុណាទូលសួរព្រះ‌អម្ចាស់សិន»។

5 ស្ដេចអ៊ីស្រា‌អែលកោះហៅព្យាការីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះ‌ករុណាយាងទៅចុះ ព្រះ‌ជាម្ចាស់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះ‌ករុណាមិនខាន»។

6 ព្រះ‌បាទយ៉ូសា‌ផាតមានរាជ‌ឱង្ការសួរថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះ‌អម្ចាស់ដែលយើងអាចទូលសួរព្រះ‌អង្គទេឬ?»។

7 ស្ដេចស្រុកអ៊ីស្រា‌អែលទូលព្រះ‌បាទយ៉ូសា‌ផាតថា៖ «នៅមានមនុស្សម្នាក់ទៀតដែលអាចទូលសួរព្រះ‌អម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺគាត់ទាយតែពីការអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកា‌យ៉ា ជាកូនរបស់លោកយីម‌ឡា»។ ព្រះ‌បាទយ៉ូសា‌ផាតមានរាជ‌ឱង្ការថា៖ «សូមព្រះ‌ករុណាកុំមានរាជ‌ឱង្ការបែបនេះឡើយ!»។

8 ស្ដេចស្រុកអ៊ីស្រា‌អែលក៏ហៅមហា‌តលិកមក ហើយមានរាជ‌ឱង្ការថា៖ «ចូរទៅហៅលោកមីកា‌យ៉ា ជាកូនរបស់លោកយីម‌ឡា មកជាប្រញាប់!»។

9 ស្ដេចស្រុកអ៊ីស្រា‌អែល និងព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន គង់ត្រង់ព្រលានដែលនៅទល់មុខទ្វារក្រុងសាម៉ារី ព្យាការីទាំងអស់នាំគ្នាទស្សន៍‌ទាយថ្វាយស្ដេច។

10 លោកសេដេ‌គាជាកូនរបស់លោកក្នាណាធ្វើស្នែងដែក ហើយពោលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកង‌ទ័ពស៊ីរីឲ្យវិនាសសូន្យ!»។

11 ព្យាការីទាំងអស់ក៏ទស្សន៍‌ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះ‌ករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះ‌ករុណាមុខជាទទួលជ័យ‌ជំនះមិនខាន។ព្រះ‌អម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះ‌ករុណាហើយ!»។

ព្យាការីមីកា‌យ៉ាប្រកាសប្រាប់ពីបរា‌ជ័យ

12 មហា‌តលិកដែលស្ដេចចាត់ឲ្យទៅតាមហៅលោកមីកា‌យ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែទស្សន៍‌ទាយការល្អព្រមគ្នា ថ្វាយព្រះ‌រាជា ដូច្នេះ សូមលោកទាយការល្អថ្វាយព្រះ‌រាជាដូចគេដែរទៅ!»។

13 លោកមីកា‌យ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅថា ព្រះរបស់ខ្ញុំមានព្រះ‌បន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។

14 ពេលលោកមកដល់ ព្រះ‌រាជាមានរាជ‌ឱង្ការមកកាន់លោកថា៖ «មីកា‌យ៉ាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកា‌យ៉ាទូលថា៖ «សូមព្រះ‌ករុណាទាំងពីរយាងទៅចុះ! ព្រះ‌ករុណាមុខជាទទួលជ័យ‌ជំនះមិនខាន!ព្រះ‌អម្ចាស់ប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះ‌ករុណាហើយតើ!»។

15 ប៉ុន្តែ ស្ដេចមានរាជ‌ឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះ‌អម្ចាស់?»។

16 លោកមីកា‌យ៉ាទូលថា៖

«ទូលបង្គំបានឃើញពលទាហានអ៊ីស្រា‌អែល

ទាំងមូលបាក់ទ័ព រត់ខ្ចាត់‌ខ្ចាយនៅលើភ្នំ

ពួកគេប្រៀបដូចជាហ្វូងចៀម

ដែលគ្មាននរណាឃ្វាល។

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

អ្នកទាំងនោះគ្មានមេដឹកនាំទេ

ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន

ដោយសុខ‌សាន្តចុះ!»។

17 ស្ដេចស្រុកអ៊ីស្រា‌អែលមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូសា‌ផាតថា៖ «ទូលបង្គំបានទូលព្រះ‌ករុណាហើយថា គាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺទាយតែពីការអាក្រក់ប៉ុណ្ណោះ!»។

18 លោកមីកា‌យ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ ទូលបង្គំឃើញព្រះ‌អម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកង‌ពលនៃស្ថានបរម‌សុខទាំងមូលឈរគាល់ព្រះ‌អង្គ ទាំងឆ្វេង ទាំងស្ដាំផង។

19 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “តើអ្នកណាចង់ល្បួងអហាប់ ជាស្ដេចស្រុកអ៊ីស្រា‌អែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។

20 ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ហើយទូលថា “ទូលបង្គំនឹងទៅល្បួង!”ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”។

21 វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេច ឲ្យពោលតែពាក្យភូតកុហក”។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “នេះជាមធ្យោ‌បាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។

22 ឥឡូវនេះព្រះ‌អម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះ‌ករុណា ដ្បិតព្រះ‌អម្ចាស់បានសម្រេចដាក់ទោសព្រះ‌ករុណាឲ្យរងទុក្ខវេទនាហើយ»។

23 ពេលនោះ លោកសេដេ‌គា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកា‌យ៉ា ទាំងពោលថា៖ «តើព្រះ‌វិញ្ញាណរបស់ព្រះ‌អម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។

24 លោកមីកា‌យ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។

25 ស្ដេចស្រុកអ៊ីស្រា‌អែលមានរាជ‌ឱង្ការថា៖ «ចូរចាប់លោកមីកា‌យ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!

26 រួចប្រាប់គេថា “ព្រះ‌ករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកបន្តិច‌បន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះ‌ករុណាវិលមកពីច្បាំងវិញ ដោយសុខ‌សាន្ត”»។

27 លោកមីកា‌យ៉ាទូលថា៖ «ប្រសិនបើព្រះ‌ករុណាពិតជាយាងត្រឡប់មកវិញ ដោយសុខ‌សាន្តមែននោះ បានសេចក្ដីថាព្រះ‌អម្ចាស់ពុំមានព្រះ‌បន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជា‌ជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។

ព្រះ‌បាទអហាប់សោយទិវង្គតក្នុងសមរ‌ភូមិ

28 ស្ដេចស្រុកអ៊ីស្រា‌អែល និងព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។

29 ស្ដេចស្រុកអ៊ីស្រា‌អែលមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូសា‌ផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះ‌ករុណាវិញ សូមទ្រង់ព្រះ‌ភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រា‌អែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្ដេចទាំងពីរយាងចេញទៅច្បាំង។

30 ស្ដេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជា‌ការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រា‌អែលប៉ុណ្ណោះ»។

31 កាលមេបញ្ជា‌ការរទេះចំបាំងទាំងនោះឃើញព្រះ‌បាទយ៉ូសា‌ផាត ពួកគេពោលថា “នុ៎ះ ស្ដេចអ៊ីស្រា‌អែល” ពួកគេក៏ឡោម‌ព័ទ្ធ ដើម្បីវាយប្រហារស្ដេច ប៉ុន្តែ ពេលព្រះ‌បាទយ៉ូសា‌ផាតស្រែកឡើង។ព្រះ‌អម្ចាស់យាងមកជួយស្ដេច ដោយធ្វើឲ្យមេ‌ទ័ពទាំងនោះចេញឆ្ងាយពីស្ដេច។

32 ពួកមេបញ្ជា‌ការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រា‌អែលទេ ពួកគេក៏ឈប់ដេញតាម។

33 ប៉ុន្តែ មានទាហានស៊ីរីម្នាក់ យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្ដេចស្រុកអ៊ីស្រា‌អែលត្រង់ចន្លោះអាវ‌ក្រោះ។ ស្ដេចមានរាជ‌ឱង្ការទៅកាន់អ្នកបររាជ‌រថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរ‌ភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។

34 នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់‌ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចអ៊ីស្រា‌អែលចេញពីសមរ‌ភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជ‌រថរហូតដល់ល្ងាច ហើយស្ដេចក៏សោយទិវង្គតនៅពេលថ្ងៃលិច។