កូឡូស 4

1 បង‌ប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្តអំពើណាដែលសុចរិត និងយុត្តិធម៌ដល់អ្នកបម្រើរបស់ខ្លួន ដោយដឹងថា បង‌ប្អូនផ្ទាល់ក៏មានម្ចាស់មួយព្រះ‌អង្គនៅស្ថានបរម‌សុខ*ដែរ។

ពាក្យដាស់‌តឿន និងពាក្យសួរសុខទុក្ខផ្សេងៗ

2 ចូរព្យាយាមអធិស្ឋាន* ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះ‌គុណព្រះ‌ជា‌ម្ចាស់ផង។

3 ចូរទូល‌អង្វរព្រះ‌ជា‌ម្ចាស់ឲ្យយើងដែរ ដើម្បីព្រះ‌អង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះ‌បន្ទូល គឺប្រកាសអំពីគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌គ្រិស្ដ ដ្បិតខ្ញុំជាប់ឃុំ‌ឃាំង ព្រោះតែគម្រោង‌ការនេះឯង។

4 សូមទូល‌អង្វរព្រះ‌អង្គ ឲ្យខ្ញុំអាចបក‌ស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។

5 ចូរប្រព្រឹត្តចំពោះអស់អ្នកដែលមិនមែនជាគ្រិស្ដ‌បរិស័ទ ដោយប្រើប្រាជ្ញា និងចេះប្រើ‌ប្រាស់ពេលវេលាផង។

6 សូមបង‌ប្អូននិយាយពាក្យសម្ដីទន់‌ភ្លន់ជា‌និច្ច មានខ្លឹមសារ ដើម្បីឲ្យបង‌ប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។

7 លោកទីឃី‌កុស ជាបង‌ប្អូនដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាសហការីរបស់ខ្ញុំក្នុងកិច្ចការរបស់ព្រះ‌អម្ចាស់ នឹងជម្រាបបង‌ប្អូនឲ្យបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។

8 ខ្ញុំចាត់គាត់ឲ្យមករកបង‌ប្អូន ក្នុងគោលបំណងនេះឯង គឺឲ្យបង‌ប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបង‌ប្អូនទៀតផង។

9 ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូណេ‌ស៊ីម ជាបង‌ប្អូនដ៏ស្មោះត្រង់ និងដ៏ជាទីស្រឡាញ់ ជាអ្នកដែលនៅស្រុកជាមួយបង‌ប្អូន។ អ្នកទាំងពីរនឹងជម្រាបបង‌ប្អូនឲ្យជ្រាបអំពីសភាព‌ការណ៍នៅទីនេះ។

10 លោកអើរី‌ស្ដាក ដែលជាប់ឃុំ‌ឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបង‌ប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់‌ញាតិនឹងលោកបារណា‌បាស ក៏សូមជម្រាបសួរមកបង‌ប្អូនដែរ (បង‌ប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបង‌ប្អូនទទួលដោយរាក់‌ទាក់ផង)។

11 រីឯលោកយេស៊ូហៅយូស្ទូស ក៏សូមជម្រាបសួរមកបង‌ប្អូនផងដែរ។ ក្នុងចំណោមជន‌ជាតិយូដា មានតែបង‌ប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសម្រាប់ព្រះ‌រាជ្យ*ព្រះ‌ជា‌ម្ចាស់ជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្តខ្ញុំទៀតផង។

12 លោកអេប៉ា‌ប្រាសដែលនៅស្រុកជាមួយបង‌ប្អូន ក៏សូមជម្រាប‌សួរមកបង‌ប្អូនដែរ។ គាត់ជាអ្នកបម្រើព្រះ‌គ្រិស្ដ‌យេស៊ូ ហើយគាត់តែងតែតយុទ្ធសម្រាប់បង‌ប្អូន ដោយអធិស្ឋាន* ឥតឈប់ឈរ ដើម្បីឲ្យបង‌ប្អូនមានជំហររឹង‌ប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្តធ្វើតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជា‌ម្ចាស់ គ្រប់ចំពូកទាំងអស់។

13 ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះ‌ខ្នែងយ៉ាងខ្លាំង សម្រាប់បង‌ប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌី‌សេ និងអស់អ្នកនៅស្រុកហេរ៉ា‌ប៉ូល។

14 លោកគ្រូពេទ្យលូកាដ៏ជាទីស្រឡាញ់របស់យើង និងលោកដេម៉ាស ក៏សូមជម្រាបសួរមកបង‌ប្អូនដែរ។

15 សូមជម្រាបសួរបង‌ប្អូននៅស្រុកឡៅឌី‌សេ និងជម្រាប‌សួរនាងនឹមផាស ព្រមទាំងក្រុម‌ជំនុំដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។

16 ពេលណាបង‌ប្អូនអានសំបុត្រនេះរួចហើយ សូមលៃ‌លកយ៉ាងណាឲ្យក្រុម‌ជំនុំនៅស្រុកឡៅឌី‌សេអានផង ហើយបង‌ប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌី‌សេដែរ។

17 សូមជម្រាបលោកអើ‌ឃីពថា ត្រូវយកចិត្តទុកដាក់ចំពោះមុខ‌ងារដែលលោកបានទទួលពីព្រះ‌អម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។

18 ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបង‌ប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំ‌ឃាំង។ សូមឲ្យបង‌ប្អូនបានប្រកបដោយព្រះ‌គុណ។

—https://d1b84921e69nmq.cloudfront.net/364/32k/COL/4-b296eafe0cd1974df8394f2f0790afa0.mp3?version_id=85—