២ របាក្សត្រ 20

កង‌ទ័ពម៉ូអាប់ និងកង‌ទ័ពអាំម៉ូនវាយលុកស្រុកយូដា ពាក្យអធិស្ឋានរបស់ព្រះ‌បាទយ៉ូសា‌ផាត

1 ក្រោយមកទៀត ជន‌ជាតិម៉ូអាប់ និងជន‌ជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះ‌បាទយ៉ូសា‌ផាត។

2 មានគេមកទូលព្រះ‌បាទយ៉ូសា‌ផាតថា៖ «កង‌ទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះ‌ករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសា‌សូន-‌តាម៉ារ គឺនៅអេន‌កេឌី»។

3 ព្រះ‌បាទយ៉ូសា‌ផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះ‌អម្ចាស់ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។

4 អ្នកស្រុកយូដាជួប‌ជុំគ្នាស្វែងរកព្រះ‌អម្ចាស់ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះ‌អម្ចាស់។

5 ព្រះ‌បាទយ៉ូសា‌ផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជន‌ជាតិយូដា និងអ្នកក្រុងយេរូ‌សាឡឹម ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ខាងមុខព្រលានថ្មី។

6 ស្ដេចមានរាជ‌ឱង្ការថា៖

«បពិត្រព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះ‌អង្គគង់នៅស្ថានបរម‌សុខ ព្រះ‌អង្គគ្រប់‌គ្រងលើនគរទាំងអស់នៃប្រជា‌ជាតិនានា។ ព្រះ‌អង្គប្រកបដោយព្រះ‌ចេស្ដា និងឫទ្ធា‌នុភាព គ្មាននរណាអាចតទល់នឹងព្រះ‌អង្គបានឡើយ!

7 ឱព្រះនៃយើងខ្ញុំអើយ ព្រះ‌អង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជ‌ពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះ‌អង្គ រហូតតទៅ។

8 ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទី‌សក្ការៈមួយថ្វាយព្រះ‌នាមរបស់ព្រះ‌អង្គ ដោយពោលថា

9 “ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះ‌ដំណាក់នេះ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ ដ្បិតព្រះ‌នាមរបស់ព្រះ‌អង្គស្ថិតនៅក្នុងព្រះ‌ដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូល‌អង្វរសូមព្រះ‌អង្គជួយ។ ពេលនោះ សូមទ្រង់ព្រះ‌សណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។

10 ឥឡូវនេះ ជន‌ជាតិអាំម៉ូន និងជន‌ជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះ‌អង្គហាមអ៊ីស្រា‌អែលមិនឲ្យឆ្លងកាត់ នៅពេលចាកចេញពីស្រុកអេស៊ីប –

11 ប៉ុន្តែ ជន‌ជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះ‌អង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។

12 ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះ‌អង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកង‌ទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះ‌អង្គប៉ុណ្ណោះ»។

13 អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ដោយមានប្រពន្ធកូន និងទារក នៅជាមួយដែរ។

ព្រះ‌អម្ចាស់ប្រទានជ័យ‌ជំនះដល់ជន‌ជាតិយូដា

14 ពេលនោះ ព្រះ‌វិញ្ញាណរបស់ព្រះ‌អម្ចាស់យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហា‌សៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាកា‌រី ជាចៅរបស់លោកបេន‌ណា‌យ៉ា ជាចៅ‌ទួតរបស់លោកយី‌អែល និងជាចៅ‌លួតរបស់លោកម៉ាថា‌នា ដែលជាពូជ‌ពង្សរបស់លោកអេ‌សាភ។

15 លោកយ៉ាហា‌សៀលប្រកាសថា៖ «បពិត្រព្រះ‌ករុណាយ៉ូសា‌ផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូ‌សាឡឹម សូមត្រង‌ត្រាប់ស្ដាប់!ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្រះ‌ករុណា និងបង‌ប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់‌ស្លុត នៅចំពោះមុខកង‌ទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះ‌ជាម្ចាស់។

16 ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោ‌ស្ថានយេ‌រួល។

17 អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះ‌អម្ចាស់ប្រទានជ័យ‌ជំនះ ដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមអើយ កុំភ័យខ្លាច និងតក់‌ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះព្រះ‌អម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។

18 ព្រះ‌បាទយ៉ូសា‌ផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូ‌សាឡឹម ក៏នាំគ្នាអោនកាយ ក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់ដែរ។

19 ក្រុមលេវីដែលមកពីអំបូរកេ‌ហាត់ និងពូជ‌ពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ដោយបន្លឺសំឡេងយ៉ាងរំពង។

20 ប្រជា‌ជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោ‌ស្ថានត្កូអា។ មុនពេលចេញដំណើរ ព្រះ‌បាទយ៉ូសា‌ផាតក្រោកឈរឡើង ហើយមានរាជ‌ឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាកា‌រីរបស់ព្រះ‌អង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។

21 បន្ទាប់មក ព្រះ‌រាជាពិភាក្សាជាមួយប្រជា‌ជន រួចតែង‌តាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកង‌ទ័ព ដោយច្រៀងតម្កើងព្រះ‌អម្ចាស់ថា «ចូរលើកតម្កើងព្រះ‌អម្ចាស់ដ្បិតព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ!»។

22 ក្នុងពេលដែលពួកគេបន្លឺសំឡេងចម្រៀងសរសើរតម្កើងព្រះ‌អម្ចាស់បានធ្វើឲ្យកើតវឹក‌វរនៅក្នុងជួរទ័ពរបស់ជន‌ជាតិអាំម៉ូន ជន‌ជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ធ្វើឲ្យពួកគេវាយគ្នាឯង។

23 មុនដំបូង កង‌ទ័ពអាំម៉ូនព្រួតគ្នាជាមួយកង‌ទ័ពម៉ូអាប់ វាយកម្ទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរឲ្យវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។

24 ពេលជន‌ជាតិយូដាទៅដល់កន្លែង ដែលសម្រាប់ពិនិត្យមើលវាលរហោ‌ស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាក‌សពនៅពាស‌ពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។

25 ព្រះ‌បាទយ៉ូសា‌ផាត និងប្រជា‌ជនរបស់ស្ដេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀក‌បំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើន ដែលនៅជាប់នឹងសាក‌សព។ ដោយជយ‌ភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។

26 នៅថ្ងៃទីបួន ពួកគេជួប‌ជុំគ្នានៅជ្រលងភ្នំបេរ៉ា‌កា ហើយអរព្រះ‌គុណព្រះ‌អម្ចាស់។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ា‌កា រហូតដល់សព្វថ្ងៃ។

27 អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមទាំងមូល វិលមកក្រុងយេរូ‌សាឡឹមវិញយ៉ាងសប្បាយ ដោយមានព្រះ‌បាទយ៉ូសា‌ផាតយាងនាំមុខពួកគេ។ព្រះ‌អម្ចាស់ប្រទានអំណរដ៏លើស‌លប់ដល់ពួកគេ ដោយធ្វើឲ្យខ្មាំងសត្រូវបរា‌ជ័យ។

28 ពួកគេចូលទៅក្នុងក្រុងយេរូ‌សាឡឹម តាមចង្វាក់ឃឹម ពិណ និងត្រែ រហូតដល់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

29 ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថាព្រះ‌អម្ចាស់បានវាយប្រហារខ្មាំងសត្រូវរបស់ជន‌ជាតិអ៊ីស្រា‌អែល ពួកគេភ័យខ្លាចជាខ្លាំង។

30 រាជ្យរបស់ព្រះ‌បាទយ៉ូសា‌ផាតបានសុខក្សេម‌ក្សាន្ត ដ្បិតព្រះ‌ជាម្ចាស់ប្រទានឲ្យស្ដេចមានសន្តិ‌ភាព នៅគ្រប់ទិស‌ទី។

ចុងរជ្ជ‌កាលរបស់ព្រះ‌បាទយ៉ូសា‌ផាត

31 ព្រះ‌បាទយ៉ូសា‌ផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលទ្រង់មានជន្មាយុសាម‌សិបប្រាំព្រះ‌វស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថាអស៊ូ‌បា ជាកូនរបស់លោកស៊ីល‌ហ៊ី។

32 ព្រះ‌បាទយ៉ូសា‌ផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះ‌បាទអេ‌សា ជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

33 ប៉ុន្តែ ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជា‌ជនពុំជំពាក់ចិត្តទាំងស្រុងលើព្រះនៃបុព្វបុរសខ្លួនឡើយ។

34 រាជ‌កិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទយ៉ូសា‌ផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេ‌ហ៊ូវ ជាកូនរបស់លោកហាណា‌នី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្ដេចស្រុកអ៊ីស្រា‌អែល។

35 មួយវិញទៀត ព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា បានរួមសហ‌ការជាមួយព្រះ‌បាទអហា‌ស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រា‌អែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។

36 ស្ដេចទាំងពីរអង្គឲ្យគេសង់សំពៅ សម្រាប់ដើរផ្លូវឆ្ងាយ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ាន-‌គេប៊ើរ។

37 ពេលនោះ ព្យាកា‌រីអេលា‌ស៊ើរ ជាកូនរបស់លោកដូដា‌វ៉ា អ្នកស្រុកម៉ារី‌សា ថ្លែងព្រះ‌បន្ទូលទាស់នឹងព្រះ‌បាទយ៉ូសា‌ផាត ដូចតទៅ៖ «ដោយព្រះ‌ករុណារួមសហ‌ការជាមួយព្រះ‌បាទអហា‌ស៊ីយ៉ា នោះព្រះ‌អម្ចាស់នឹងរំលាយអ្វីៗដែលព្រះ‌ករុណាបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅបានឡើយ។