២ របាក្សត្រ 24

ព្រះ‌បាទយ៉ូអាសជួស‌ជុលព្រះ‌វិហារ

1 ព្រះ‌បាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំ‌ពីរព្រះ‌វស្សា ទ្រង់សោយរាជ្យបានសែ‌សិបឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា ស៊ីប‌យ៉ា ជាអ្នកស្រុកបៀរ‌សេ‌បា។

2 ព្រះ‌បាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់អស់មួយជីវិតរបស់លោកបូជា‌ចារ្យយេហូ‌យ៉ាដា។

3 លោកយេហូ‌យ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះ‌បាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។

4 ក្រោយមក ព្រះ‌បាទយ៉ូអាសមានបំណងជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

5 ស្ដេចកោះហៅក្រុមបូជា‌ចារ្យ និងក្រុមលេវី ឲ្យមកជួប‌ជុំគ្នា ហើយមានរាជ‌ឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល ដើម្បីជួស‌ជុលព្រះ‌ដំណាក់នៃព្រះរបស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួស‌រាន់ទេ។

6 ព្រះ‌រាជាក៏ត្រាស់ហៅលោកមហាបូជា‌ចារ្យយេហូ‌យ៉ាដាមក ហើយមានរាជ‌ឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាម‌ទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជា‌ជននៅស្រុកយូដា និងក្រុងយេរូ‌សាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានបង្គាប់ឲ្យសហគមន៍អ៊ីស្រា‌អែលយកមកថ្វាយសម្រាប់ពន្លានៃសន្ធិ‌សញ្ញា?

7 ម្ចាស់ក្សត្រីយ៍អថា‌លាដ៏អប្រិយ និងបរិវាររបស់គាត់ បានបំផ្លាញព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទៅប្រើ‌ប្រាស់សម្រាប់ព្រះបាល»។

8 ពេលនោះ ព្រះ‌រាជាឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

9 គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូ‌សាឡឹម ឲ្យប្រជា‌ជនយកពន្ធដារមកថ្វាយព្រះ‌អម្ចាស់ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានបង្គាប់ដល់ជន‌ជាតិអ៊ីស្រា‌អែលនៅវាលរហោ‌ស្ថាន។

10 មេដឹកនាំទាំងអស់ និងប្រជា‌ជនទាំងមូល នាំគ្នាយកប្រាក់មកថ្វាយ ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។

11 លុះដល់ពេលដែលត្រូវនាំហិប ទៅឲ្យក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមព្រះ‌រាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងលោកអធិ‌ការអមមហា‌បូជា‌ចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅ ដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។

12 ព្រះ‌រាជា និងលោកយេហូ‌យ៉ាដាប្រគល់ប្រាក់នោះទៅឲ្យពួកមេជាង ដែលទទួលបន្ទុកលើការ‌ងារជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសម្រាប់ជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដែរ។

13 មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។

14 ក្រោយជួស‌ជុលព្រះ‌ដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះ‌រាជា និងប្រគល់ជូនលោកយេហូ‌យ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើ‌ប្រាស់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់តង្វាយដុតទាំងមូល ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូ‌យ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

ព្រះ‌បាទយ៉ូអាសបោះបង់ចោលព្រះ‌អម្ចាស់

15 លោកយេហូ‌យ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចលោកទទួលមរណ‌ភាពក្នុងជន្មាយុមួយរយសាម‌សិបឆ្នាំ។

16 គេបញ្ចុះសពលោកនៅបុរីព្រះ‌បាទដាវីឌជាមួយស្ដេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជា‌ជនអ៊ីស្រា‌អែល ចំពោះព្រះ‌ជាម្ចាស់ និងព្រះ‌ដំណាក់របស់ព្រះ‌អង្គ។

17 ក្រោយពេលលោកយេហូ‌យ៉ាដាទទួលមរណ‌ភាពផុតទៅ ពួកមេដឹកនាំរបស់ជន‌ជាតិយូដានាំគ្នាមកក្រាបថ្វាយ‌បង្គំព្រះ‌រាជា ហើយព្រះ‌រាជាទ្រង់ព្រះ‌សណ្ដាប់ពួកគេ។

18 ពួកគេបោះបង់ចោលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះ‌អាសេ‌រ៉ា និងព្រះក្លែង‌ក្លាយឯទៀតៗ។ កំហុសនេះបណ្ដាលឲ្យព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូ‌សាឡឹម។

19 ព្រះ‌អម្ចាស់បានចាត់ពួកព្យាកា‌រីទៅក្នុងចំណោមពួកគេ ដើម្បីណែ‌នាំពួកគេ ឲ្យវិលមករកព្រះ‌អង្គវិញ។ ព្យាកា‌រីប្រៀន‌ប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។

20 ព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់យាងមកសណ្ឋិតលើលោកសាកា‌រី ដែលត្រូវជាកូនរបស់លោកបូជា‌ចារ្យយេហូ‌យ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជា‌ជន ហើយប្រកាសថា៖ «ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទ‌បញ្ជារបស់ព្រះ‌អម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះ‌អម្ចាស់ព្រះ‌អង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។

21 ប្រជា‌ជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាកា‌រី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់តាមបញ្ជារបស់ស្ដេច។

22 ព្រះ‌បាទយ៉ូអាសពុំនឹកឃើញសេចក្ដីសប្បុរសដែលលោកយេហូ‌យ៉ាដា ជាឪពុករបស់លោកសាកា‌រី បានសម្តែងចំពោះស្ដេចទេ គឺស្ដេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាកា‌រីពោលថា៖ «សូមព្រះ‌អម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។

ចុងបញ្ចប់នៃរជ្ជ‌កាលព្រះ‌បាទយ៉ូអាស

23 មួយឆ្នាំកន្លងមកទៀត កង‌ទ័ពស៊ីរីបានឡើងមកវាយព្រះ‌បាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូ‌សាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជា‌ជន ហើយបញ្ជូនជយ‌ភ័ណ្ឌទាំងអស់ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។

24 កង‌ទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះ‌អម្ចាស់បានប្រគល់កង‌ទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ព្រោះជន‌ជាតិយូដាបោះបង់ចោលព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះ‌ជាម្ចាស់បានប្រើជន‌ជាតិស៊ីរី សម្រាប់ដាក់ទោសព្រះ‌បាទយ៉ូអាស។

25 បន្ទាប់មក កង‌ទ័ពស៊ីរីចាកចេញទៅ ទុកឲ្យព្រះ‌បាទយ៉ូអាសប្រឈួនជាទម្ងន់។ ពួករាជបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្ដេច ដើម្បីសង‌សឹកចំពោះឃាត‌កម្មទៅលើកូនរបស់លោកបូជា‌ចារ្យយេហូ‌យ៉ាដា។ គេធ្វើគុតស្ដេចនៅក្នុងក្រឡា‌បន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះ‌បាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្ដេចឯទៀតៗទេ។

26 អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្ដេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសា‌បាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។

27 រីឯចំនួនបុត្ររបស់ស្ដេច និងសេចក្ដីជាច្រើនដែលព្យាកា‌រីថ្លែងប្រឆាំងនឹងស្ដេច ព្រមទាំងកំណត់ហេតុស្ដីអំពីការជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅអធិ‌ប្បាយរបស់ព្រះ‌មហា‌ក្សត្រ។ ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។