២ របាក្សត្រ 29

ព្រះ‌បាទហេ‌សេគាសោយរាជ្យនៅស្រុកយូដា

1 ព្រះ‌បាទហេ‌សេគាបានឡើងសោយរាជ្យ ក្នុងព្រះ‌ជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថាអប៊ី‌យ៉ា ជាកូនរបស់លោកសាកា‌រី។

2 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទដាវីឌជាព្រះ‌អយ្យ‌កោ ឥតខុសត្រង់ណាឡើយ។

3 នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជ‌កាលរបស់ស្ដេច ព្រះ‌បាទហេ‌សេគាបើកទ្វារព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ព្រមទាំងជួស‌ជុលឡើងវិញ។

4 ស្ដេចបានត្រាស់ហៅក្រុមបូជា‌ចារ្យ និងក្រុមលេវី ឲ្យមកជួប‌ជុំគ្នានៅព្រលានខាងកើត

5 រួចមានរាជ‌ឱង្ការទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្ដាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ហើយញែកព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទី‌សក្ការៈ។

6 ដូនតារបស់ពួកយើងបានបែកចិត្តចេញពីព្រះ‌អម្ចាស់ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះនៃយើង។ ពួកលោកបានបោះបង់ចោលព្រះ‌អង្គ ពួកលោកងាកមុខចេញពីទី‌សក្ការៈរបស់ព្រះ‌អម្ចាស់ព្រមទាំងបែរខ្នងដាក់ទៀតផង។

7 ពួកលោកបានបិទទ្វារព្រះ‌វិហារ និងពន្លត់ចង្កៀង ហើយលែងថ្វាយគ្រឿងក្រអូប ឬតង្វាយដុត*ទាំងមូល ចំពោះព្រះនៃជន‌ជាតិអ៊ីស្រា‌អែល នៅក្នុងទី‌សក្ការៈនេះ។

8 ហេតុនេះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធទាស់នឹងស្រុកយូដា និងក្រុងយេរូ‌សាឡឹម ព្រះ‌អង្គធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្ម‌សាន ដែលធ្វើឲ្យមនុស្ស‌ម្នាព្រឺ‌ខ្លាច ហើយប្រមាថមាក់‌ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។

9 ព្រោះតែកំហុសនោះ ដូនតារបស់ពួកយើងបានដួលស្លាប់ដោយមុខដាវ កូនប្រុស កូនស្រី និងភរិយារបស់ពួកយើង ត្រូវខ្មាំងកៀរទៅជាឈ្លើយ។

10 ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធ‌មេត្រីជាមួយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ដើម្បីសូមព្រះ‌អង្គពង្វាងព្រះ‌ពិរោធចេញពីពួកយើង។

11 ឥឡូវនេះ សូមកូនចៅលែងខ្ជី‌ខ្ជាទៀតទៅ ដ្បិតព្រះ‌អម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ ដើម្បីបំពេញមុខ‌ងារបម្រើព្រះ‌អង្គ ក្នុងការថ្វាយគ្រឿងក្រអូប»។

12 ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ា‌ហាត់ ជាកូនរបស់អម៉ា‌សាយ លោកយ៉ូ‌អែល ជាកូនរបស់លោកអសា‌រា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់‌ឌី លោកអសា‌រា ជាកូនរបស់លោកយេហា‌លែល។ ក្នុងអំបូរគើរ‌សុនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។

13 ក្នុងអំបូរអេលី‌សាផានមានលោកស៊ីមរី និងលោកយី‌អែល។ ក្នុងអំបូរអេ‌សាភមានលោកសាកា‌រី និងលោកម៉ាថា‌នា។

14 ក្នុងអំបូរហេ‌ម៉ានមានលោកយី‌អែល និងលោកស៊ី‌ម៉ៃ។ ក្នុងអំបូរយេឌូ‌ថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូ‌ស៊ាល។

15 អ្នកទាំងនោះបានប្រមូលផ្ដុំបង‌ប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានវិសុទ្ធ ហើយធ្វើពិធីជម្រះព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្ដេច និងស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

16 ក្រុមបូជា‌ចារ្យនាំគ្នាចូលទៅខាងក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដើម្បីធ្វើពិធីជម្រះព្រះ‌ដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ចេញមកទីធ្លាព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ហើយក្រុមលេវីយកចេញទៅក្រៅ បោះចោលនៅជ្រោះកេដ្រូន។

17 ពួកគេធ្វើពិធីញែកព្រះ‌ដំណាក់ឲ្យបានវិសុទ្ធ*នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឲ្យបានវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។

18 បន្ទាប់មក ក្រុមលេវីនាំគ្នាទៅគាល់ព្រះ‌បាទហេ‌សេគាទូលថា៖ «យើងខ្ញុំព្រះ‌ករុណាធ្វើពិធីជម្រះព្រះ‌ដំណាក់ទាំងមូលរបស់ព្រះ‌អម្ចាស់ព្រមទាំងអាសនៈថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើ‌ប្រាស់ជាមួយ តុតម្កល់នំបុ័ង និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើ‌ប្រាស់ជាមួយ ចប់សព្វគ្រប់ហើយ។

19 រីឯវត្ថុទាំងប៉ុន្មានដែលព្រះ‌បាទអហាសធ្វើឲ្យសៅ‌ហ្មង នៅពេលទ្រង់បោះបង់ចោលព្រះ‌អម្ចាស់ក្នុងគ្រាទ្រង់គ្រងរាជ្យនោះ យើងខ្ញុំក៏បានជួស‌ជុល និងញែកជាវិសុទ្ធហើយដែរ។ យើងខ្ញុំដាក់វត្ថុទាំងនោះនៅមុខអាសនៈរបស់ព្រះ‌អម្ចាស់»។

ព្រះ‌បាទហេ‌សេគារៀបចំឲ្យមានពិធីគោរពបម្រើព្រះ‌អម្ចាស់ និងការថ្វាយយញ្ញ‌បូជាឡើងវិញ

20 ព្រះ‌បាទហេ‌សេគាតើនពីព្រលឹម ហើយប្រមូលមេដឹកនាំនៅក្នុងទីក្រុងឲ្យមកជួប‌ជុំគ្នា រួចឡើងទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

21 គេនាំគោបាប្រាំ‌ពីរ ចៀមឈ្មោលប្រាំ‌ពីរ កូនចៀមប្រាំ‌ពីរ និងពពែឈ្មោលប្រាំ‌ពីរ ទៅថ្វាយជាយញ្ញ‌បូជារំដោះបាបសម្រាប់ព្រះ‌រាជ‌វង្ស ទី‌សក្ការៈ និងប្រជា‌ជនស្រុកយូដា។ ព្រះ‌រាជាបង្គាប់ក្រុមបូជា‌ចារ្យ* ជាពូជ‌ពង្សរបស់លោកអើរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញ‌បូជា នៅលើអាសនៈរបស់ព្រះ‌អម្ចាស់។

22 បូជា‌ចារ្យនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មក គេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។

23 បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវថ្វាយជាយញ្ញ‌បូជារំដោះបាប មកដាក់នៅមុខស្ដេច និងនៅមុខអង្គប្រជុំ។ ស្ដេច ព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។

24 ក្រុមបូជា‌ចារ្យក៏សម្លាប់ពពែឈ្មោល ហើយថ្វាយឈាមនៅលើអាសនៈ ទូលសូមព្រះ‌ជាម្ចាស់រំដោះបាបជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ដ្បិតព្រះ‌រាជាបានប្រកាសថា តង្វាយដុតទាំងមូល* និងយញ្ញ‌បូជារំដោះបាបនេះ ត្រូវថ្វាយសម្រាប់ជន‌ជាតិអ៊ីស្រា‌អែលទាំងមូល។

25 ព្រះ‌រាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទ‌បញ្ជារបស់ព្រះ‌បាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្ដេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះ‌អម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះ‌អង្គ។

26 ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ត្រីរបស់ព្រះ‌បាទដាវីឌ ហើយក្រុមបូជា‌ចារ្យកាន់ត្រែ។

27 ព្រះ‌បាទហេ‌សេគាបង្គាប់ឲ្យគេថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈ។ នៅពេលគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូល គេក៏ចាប់ផ្ដើមច្រៀងថ្វាយព្រះ‌អម្ចាស់ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ព្រះ‌បាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រា‌អែល ប្រគំកំដរផង។

28 អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយ‌បង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។

29 ពេលថ្វាយតង្វាយដុតរួចរាល់ហើយ ព្រះ‌រាជា និងអស់អ្នកដែលនៅជាមួយស្ដេច នាំគ្នាក្រាបចុះថ្វាយ‌បង្គំ។

30 បន្ទាប់មក ព្រះ‌បាទហេ‌សេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះ‌អម្ចាស់តាមទំនុកដែលព្រះ‌បាទដាវីឌ និងលោកអេ‌សាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះ‌អង្គ ដោយអំណរសប្បាយដ៏លើស‌លប់ រួចនាំគ្នាអោនកាយក្រាបថ្វាយ‌បង្គំ។

31 ពេលនោះ ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការទៅកាន់ប្រជា‌ជនថា៖ «អ្នករាល់គ្នាយកតង្វាយមកថ្វាយព្រះ‌អម្ចាស់។ ឥឡូវនេះ ចូរនាំសត្វដែលអ្នករាល់គ្នាត្រូវថ្វាយជាយញ្ញ‌បូជាអរព្រះ‌គុណ ចូលទៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវថ្វាយជាយញ្ញ‌បូជាចូលមកថ្វាយ ដើម្បីអរព្រះ‌គុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានថ្វាយតង្វាយដុតទាំងមូលដែរ។

32 ចំនួនសត្វដែលអង្គប្រជុំយកមកថ្វាយជាតង្វាយដុតទាំងមូល មានគោចិត‌សិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេថ្វាយសត្វទាំងនោះជាតង្វាយដុតទាំងមូលដល់ព្រះ‌អម្ចាស់។

33 គេក៏បានយកគោប្រាំមួយរយក្បាល និងចៀមបីពាន់ក្បាលទៀត មកថ្វាយជាយញ្ញ‌បូជាផ្សេងៗដែរ។

34 ដោយបូជា‌ចារ្យមានគ្នាតិចពេកមិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលបាន ក្រុមលេវីដែលជាបង‌ប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមបូជា‌ចារ្យធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះ‌ខ្នែង ក្នុងការញែកខ្លួនឲ្យបានវិសុទ្ធជាងក្រុមបូជា‌ចារ្យ។

35 មួយវិញទៀត ក្រៅពីចំនួនតង្វាយដុតទាំងមូលដ៏ច្រើន រួមទាំងស្រាដែលច្រួចជាមួយនោះ គេក៏ត្រូវថ្វាយខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាពនៅលើអាសនៈដែរ។

ដូច្នេះ គេបានចាត់ចែងឲ្យមានពិធីគោរពបម្រើព្រះ‌អម្ចាស់នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គឡើងវិញ។

36 ព្រះ‌បាទហេ‌សេគា និងប្រជា‌ជនទាំងមូល សប្បាយរីក‌រាយក្រៃ‌លែង ព្រោះព្រះ‌ជាម្ចាស់ជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែ‌បង្អង់ឡើយ។