២ របាក្សត្រ 30

ព្រះ‌បាទហេ‌សេគាកោះហៅប្រជា‌ជនមកធ្វើពិធីបុណ្យចម្លងនៅក្រុងយេរូ‌សាឡឹម

1 ព្រះ‌បាទហេ‌សេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រា‌អែល និងស្រុកយូដា ទ្រង់ក៏សរសេររាជ‌សារផ្ញើទៅកុល‌សម្ព័ន្ធអេប្រាអ៊ីម និងម៉ាណា‌សេ អញ្ជើញពួកគេមកព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យចម្លង*ថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។

2 ព្រះ‌រាជា និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួប‌ជុំគ្នានៅក្រុងយេរូ‌សាឡឹម ដើម្បីប្រារព្ធពិធីបុណ្យចម្លងនៅខែទីពីរ ។

3 គេពុំអាចប្រារព្ធពិធីនេះចំពេលកំណត់ឡើយ ព្រោះក្រុមបូជា‌ចារ្យពុំទាន់បានញែកខ្លួនឲ្យបានវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជា‌ជនក៏ពុំទាន់មកជួប‌ជុំគ្នា នៅក្រុងយេរូ‌សាឡឹមនៅឡើយដែរ។

4 ព្រះ‌រាជា និងអង្គប្រជុំទាំងមូល បានចុះសំរុងគ្នាបែបនេះ

5 ហើយសម្រេចចេញសេចក្ដីប្រកាសមួយ ក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល ចាប់ពីបៀរ‌សេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជា‌ជនមកក្រុងយេរូ‌សាឡឹម ប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។

6 ពួកអ្នកនាំសារធ្វើដំណើរពាស‌ពេញស្រុកអ៊ីស្រា‌អែល និងស្រុកយូដាទាំងមូល នាំសេចក្ដីប្រកាសដែលឡាយព្រះ‌ហស្ដដោយព្រះ‌រាជា និងចុះហត្ថ‌លេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្ដេចដូចតទៅ៖ «កូនចៅអ៊ីស្រា‌អែលដែលនៅសេស‌សល់ ហើយគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកព្រះ‌អម្ចាស់ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រា‌អែល ដើម្បីឲ្យព្រះ‌អង្គវិលមករកអ្នករាល់គ្នាវិញដែរ។

7 មិនត្រូវធ្វើដូចដូនតា ឬបង‌ប្អូនរបស់អ្នករាល់គ្នា ដែលបានបោះបង់ចោលព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួននោះឡើយ។ ព្រះ‌អង្គធ្វើឲ្យពួកគេវិនាសអន្តរាយ ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។

8 ឥឡូវនេះ កុំតាំងចិត្តរឹង‌រូសដូចដូនតារបស់អ្នករាល់គ្នាឡើយ តែត្រូវចុះចូលនឹងព្រះ‌អម្ចាស់ហើយនាំគ្នាមកទី‌សក្ការៈ ដែលព្រះ‌អង្គបានញែកជាវិសុទ្ធ*រហូតតទៅ។ ចូរគោរពបម្រើព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះ‌អង្គលែងព្រះ‌ពិរោធនឹងអ្នករាល់គ្នាទៀត។

9 ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះ‌អម្ចាស់វិញ បង‌ប្អូន និងកូនចៅរបស់អ្នករាល់គ្នា មុខជាទទួលការអាណិតមេត្តាពីសំណាក់អស់អ្នកដែលចាប់ពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកវិញ ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា តែងតែប្រណីសន្ដោស ទ្រង់ប្រកបដោយព្រះ‌ហឫទ័យអាណិតអាសូរ។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះ‌អង្គវិញនោះ ព្រះ‌អង្គនឹងមិនបែរព្រះ‌ភ័ក្ត្រចេញពីអ្នករាល់គ្នាឡើយ»។

10 ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណា‌សេ រហូតដល់ទឹកដីសាប់យូ‌ឡូន តែប្រជា‌ជនសើចចំអក និងប្រមាថមើល‌ងាយពួកគេ។

11 ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុល‌សម្ព័ន្ធអេ‌ស៊ើរ ម៉ាណា‌សេ និងសាប់យូ‌ឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូ‌សាឡឹម។

12 នៅស្រុកយូដា ព្រះ‌ជាម្ចាស់ជំរុញប្រជា‌ជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្ដេច និងពួកមន្ត្រីស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

ព្រះ‌បាទហេ‌សេគាប្រារព្ធពិធីបុណ្យចម្លងជាមួយជន‌ជាតិអ៊ីស្រា‌អែលទាំងមូល

13 ប្រជា‌ជនជាច្រើនបានមកជួប‌ជុំគ្នានៅក្រុងយេរូ‌សាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ* នៅខែទីពីរ។ ពេលនោះ អង្គប្រជុំមានចំនួនច្រើនកុះ‌ករ។

14 ពួកគេផ្ដើមពិធីបុណ្យ ដោយនាំគ្នារំលំអាសនៈទាំង‌ឡាយនៅក្រុងយេរូ‌សាឡឹម ព្រមទាំងរំលំអាសនៈដុតគ្រឿងក្រអូបទាំងប៉ុន្មាន រួចយកទៅបោះចោលនៅជ្រោះកេដ្រូន។

15 បន្ទាប់មក ពួកគេសម្លាប់សត្វ ដែលត្រូវថ្វាយជាយញ្ញ‌បូជា សម្រាប់ពិធីបុណ្យចម្លង* នៅថ្ងៃទីដប់‌បួន ក្នុងខែទីពីរ។ ក្រុមបូជា‌ចារ្យ និងក្រុមលេវី នឹកខ្មាសខ្លួន ក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ រួចថ្វាយតង្វាយដុតទាំងមូល នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

16 ពួកគេបំពេញមុខ‌ងារតាមកន្លែងរៀងៗខ្លួន ដូចមានចែងទុកក្នុងក្រឹត្យ‌វិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់។ ក្រុមបូជា‌ចារ្យទទួលឈាមសត្វពីក្រុមលេវី យកទៅប្រោះលើអាសនៈ។

17 នៅក្នុងអង្គប្រជុំ ដោយមានមនុស្សជាច្រើនពុំទាន់ធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធនៅឡើយ ក្រុមលេវីក៏សម្លាប់សត្វសម្រាប់ពិធីបុណ្យចម្លង ជំនួសអស់អ្នកដែលមិនបរិសុទ្ធ ដើម្បីញែកពួកគេថ្វាយព្រះ‌អម្ចាស់

18 ដ្បិតប្រជា‌ជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុល‌សម្ព័ន្ធអេប្រាអ៊ីម ម៉ាណា‌សេ អ៊ីសា‌ខារ និងសាប់យូ‌ឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់‌លៀងបុណ្យចម្លង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះ ព្រះ‌បាទហេ‌សេគាទូល‌អង្វរឲ្យពួកគេថា៖

19 «ឱព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំអើយ ព្រះ‌អង្គប្រកបដោយព្រះ‌ហឫទ័យសប្បុរស សូមលើក‌លែងទោសឲ្យអស់អ្នកដែលស្វែងរកព្រះ‌អង្គ ដោយស្មោះអស់ពីចិត្តនេះផង ទោះបីពួកគេពុំបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះ‌អង្គនៅឡើយក៏ដោយ»។

20 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ពាក្យទូល‌អង្វររបស់ព្រះ‌បាទហេ‌សេគា ព្រះ‌អង្គមិនធ្វើទោសប្រជា‌ជនឡើយ។

21 ជន‌ជាតិអ៊ីស្រា‌អែលដែលមានវត្ត‌មាននៅក្រុងយេរូ‌សាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើស‌លប់ អស់រយៈពេលប្រាំ‌ពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជា‌ចារ្យ សរសើរតម្កើងព្រះ‌អម្ចាស់ដោយប្រគំតូរ្យ‌តន្ត្រីយ៉ាងរំពងថ្វាយព្រះ‌អង្គ។

22 ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការលើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធ‌សឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើព្រះ‌អម្ចាស់។ ក្នុងអំឡុងពេលប្រាំ‌ពីរថ្ងៃ ប្រជា‌ជនបរិភោគសាច់របស់សត្វ ដែលគេថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព* ហើយលើកតម្កើងព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់ខ្លួន។

23 អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នាប្រារព្ធពិធីបុណ្យប្រាំ‌ពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំ‌ពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ

24 ដ្បិតព្រះ‌បាទហេ‌សេគា ជាស្ដេចស្រុកយូដា ផ្គត់‌ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំ‌ពីរពាន់ក្បាលដល់ប្រជា‌ជន ហើយពួកមន្ត្រីក៏ផ្គត់‌ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជា‌ជនដែរ។ បូជា‌ចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។

25 អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមបូជា‌ចារ្យ ក្រុមលេវី ប្រជា‌ជនទាំងអស់មកពីស្រុកអ៊ីស្រា‌អែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រា‌អែលក្ដី ឬរស់នៅក្នុងស្រុកយូដាក្ដី នាំគ្នាសប្បាយរីក‌រាយក្រៃ‌លែង។

26 នៅក្រុងយេរូ‌សាឡឹមគេមានអំណរសប្បាយជាខ្លាំង គឺតាំងពីជំនាន់ព្រះ‌បាទសាឡូម៉ូន ជាបុត្ររបស់ព្រះ‌បាទដាវីឌ ស្ដេចស្រុកអ៊ីស្រា‌អែលតរៀងមក មិនដែលមានពិធីបុណ្យបែបនេះនៅក្រុងយេរូ‌សាឡឹមទេ។

27 ក្រុមបូជា‌ចារ្យ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជា‌ជន។ ពាក្យទូល‌អង្វររបស់ពួកគេលាន់ឮឡើង រហូតដល់ព្រះ‌ដំណាក់ដ៏‌វិសុទ្ធរបស់ព្រះ‌ជាម្ចាស់នៅស្ថានបរម‌សុខ* ហើយព្រះ‌អង្គទ្រង់ព្រះ‌សណ្ដាប់ពាក្យរបស់ពួកគេ។