២ របាក្សត្រ 33

ព្រះ‌បាទម៉ាណា‌សេសោយរាជ្យលើស្រុកយូដា

1 កាលព្រះ‌បាទម៉ាណា‌សេឡើងសោយរាជ្យ ស្ដេចមានជន្មាយុដប់‌ពីរព្រះ‌វស្សា ទ្រង់សោយរាជ្យបានហា‌សិបឆ្នាំនៅក្រុងយេរូ‌សាឡឹម។

2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជា‌ជាតិនានា ដែលព្រះ‌អម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រា‌អែល។

3 ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះ‌បាទហេ‌សេគា ជាបិតា បានកម្ទេចចោល។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះ‌អាសេ‌រ៉ា ហើយក្រាបថ្វាយ‌បង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។

4 ស្ដេចបានសង់អាសនៈរបស់ព្រះដទៃ ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺនៅកន្លែងដែលព្រះ‌អង្គមានព្រះ‌បន្ទូលថា “យើងនឹងយកក្រុងយេរូ‌សាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ”។

5 ព្រះ‌បាទម៉ាណា‌សេសង់អាសនៈសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទី‌លានទាំងពីរនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

6 ស្ដេចបានយកបុត្រាទៅធ្វើបូជា‌យញ្ញនៅក្នុងជ្រលងភ្នំហ៊ីន‌ណម ស្ដេចរកគ្រូមើលជោគ‌រាសី ប្រព្រឹត្តមន្ត‌អាគម និងអំពើអាប‌ធ្មប់ ព្រមទាំងតែង‌តាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍‌ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ធ្វើឲ្យព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ។

7 ព្រះ‌បាទម៉ាណា‌សេយករូបបដិមា ដែលស្ដេចបានឲ្យគេឆ្លាក់ ទៅតម្កល់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ថ្វី‌ដ្បិតតែព្រះ‌ជាម្ចាស់ធ្លាប់មានព្រះ‌បន្ទូលមកកាន់ព្រះ‌បាទដាវីឌ និងព្រះ‌បាទសាឡូម៉ូនជាបុត្រថា “យើងបានជ្រើសរើសព្រះ‌ដំណាក់ និងក្រុងយេរូ‌សាឡឹម ពីចំណោមកុល‌សម្ព័ន្ធទាំងប៉ុន្មាននៃជន‌ជាតិអ៊ីស្រា‌អែល ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ។

8 ប្រសិនបើប្រជា‌ជនអ៊ីស្រា‌អែលកាន់តាមក្រឹត្យ‌វិន័យទាំងប៉ុន្មាន ព្រមទាំងធ្វើតាមច្បាប់ និងបទ‌បញ្ជាដែលយើងបានបង្គាប់មកតាមរយៈម៉ូសេ នោះយើងមិនធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទឹកដី ដែលយើងបានចែកឲ្យដូនតារបស់គេឡើយ”។

9 ប៉ុន្តែ ព្រះ‌បាទម៉ាណា‌សេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម ឲ្យវង្វេង រហូតដល់ប្រព្រឹត្តអំពើអាក្រក់ជាងប្រជា‌ជាតិនានា ដែលព្រះ‌អម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រា‌អែលទៅទៀត។

10 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្រះ‌បាទម៉ាណា‌សេ និងប្រជា‌ជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។

11 ពេលនោះព្រះ‌អម្ចាស់នាំកង‌ទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជន‌ជាតិយូដា ហើយចាប់បានព្រះ‌បាទម៉ាណា‌សេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ី‌ឡូន ។

12 នៅពេលមានទុក្ខទោសដូច្នេះ ស្ដេចបានអង្វរករព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច ហើយសារ‌ភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យ‌កោរបស់ស្ដេច។

13 ស្ដេចទូល‌អង្វរព្រះ‌ជាម្ចាស់ ហើយព្រះ‌អង្គទ្រង់ព្រះ‌សណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្ដេចទូល‌អង្វរ ដោយប្រោសប្រទានឲ្យស្ដេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូ‌សាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះ‌បាទម៉ាណា‌សេទទួលស្គាល់ថាព្រះ‌អម្ចាស់ពិតជាព្រះ‌ជាម្ចាស់មែន។

14 បន្ទាប់មក ស្ដេចបានសង់កំពែងពីក្រៅបុរីព្រះ‌បាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូ‌ផែល ហើយស្ដេចបានសង់យ៉ាងខ្ពស់។ ស្ដេចក៏បានតែង‌តាំងមេបញ្ជា‌ការកង‌ទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា។

15 ស្ដេចបានយកព្រះដទៃ ព្រមទាំងរូបចម្លាក់ចេញពីព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ហើយស្ដេចក៏យកអាសនៈទាំងប៉ុន្មានដែលស្ដេចបានសង់នៅលើភ្នំនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទៅបោះចោលខាងក្រៅទីក្រុងដែរ។

16 ស្ដេចបានសង់អាសនៈរបស់ព្រះ‌អម្ចាស់ឡើងវិញ រួចថ្វាយយញ្ញ‌បូជាមេត្រី‌ភាព* និងយញ្ញ‌បូជាអរព្រះ‌គុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។

17 ប្រជា‌ជននៅតែធ្វើយញ្ញ‌បូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែល តែគេឧទ្ទិសយញ្ញ‌បូជានោះថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួន។

18 រាជ‌កិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទម៉ាណា‌សេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រា‌អែល។

19 រីឯពាក្យដែលស្ដេចអធិស្ឋាន និងរបៀបដែលព្រះ‌ជាម្ចាស់ឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្ដេច កន្លែងផ្សេងៗដែលស្ដេចសង់ទី‌សក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះ‌អាសេ‌រ៉ា និងរូបបដិមា មុនពេលដែលស្ដេចសារ‌ភាពអំពើបាបនោះ សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅរបស់លោកហូ‌សាយ។

20 កាលព្រះ‌បាទម៉ាណា‌សេសោយទិវង្គត គេបានបញ្ចុះសពរបស់ស្ដេចនៅក្នុងរាជ‌វាំង ហើយព្រះ‌បាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។

ព្រះ‌បាទអាំម៉ូនសោយរាជ្យលើស្រុកយូដា

21 កាលព្រះ‌បាទអាំម៉ូនឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃពីរព្រះ‌វស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូ‌សាឡឹម។

22 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទម៉ាណា‌សេ ជាបិតា។ ស្ដេចថ្វាយយញ្ញ‌បូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលព្រះ‌បាទម៉ាណា‌សេ ជាបិតា បានសូនធ្វើ ព្រមទាំងគោរពបម្រើរូបទាំងនោះទៀតផង។

23 ស្ដេចពុំបានសារ‌ភាពកំហុសដូចព្រះ‌បាទម៉ាណា‌សេ ជាបិតា បានសារ‌ភាពនោះឡើយ គឺព្រះ‌បាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។

24 ពួកមន្ត្រីរបស់ព្រះ‌បាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជ‌វាំង។

25 ប៉ុន្តែ ប្រជា‌ជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុប‌ឃិតគ្នាធ្វើគុតព្រះ‌បាទអាំម៉ូន ហើយតែង‌តាំងព្រះ‌បាទយ៉ូ‌សៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។