២ របាក្សត្រ 36

ព្រះ‌បាទយ៉ូ‌អា‌ហាស់សោយរាជ្យនៅស្រុកយូដា

1 ប្រជា‌ជនយូដានាំគ្នាតែង‌តាំងព្រះ‌បាទយ៉ូ‌អា‌ហាស់ ជាបុត្ររបស់ព្រះ‌បាទយ៉ូ‌សៀសឲ្យឡើងស្នងរាជ្យបិតា នៅក្រុងយេរូ‌សាឡឹម។

2 កាលព្រះ‌បាទយ៉ូ‌អា‌ហាស់ឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃបីព្រះ‌វស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូ‌សាឡឹម។

3 ស្ដេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះ‌បាទយ៉ូ‌អា‌ហាស់ ហើយតម្រូវឲ្យស្រុកយូដាបង់សួយសារ‌អាករជាប្រាក់ហា‌សិបហាប និងមាសកន្លះហាបទៀតផង។

4 ព្រះ‌ចៅផារ៉ោន‌នេ‌កោបានតែង‌តាំងព្រះ‌បាទអេលា‌គីម ជាអនុជរបស់ព្រះ‌បាទយ៉ូ‌អា‌ហាស់ ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូ‌សាឡឹម ហើយដូរនាមថា យេហូ‌យ៉ាគីមវិញ។ រីឯព្រះ‌បាទយ៉ូ‌អា‌ហាស់ ព្រះ‌ចៅនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។

ព្រះ‌បាទយេហូ‌យ៉ាគីមសោយរាជ្យនៅស្រុកយូដា

5 កាលព្រះ‌បាទយេហូ‌យ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះ‌វស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូ‌សាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេចទេ។

6 ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន បានលើកទ័ពចេញមកច្បាំងនឹងព្រះ‌បាទយេហូ‌យ៉ាគីម ហើយចាប់ស្ដេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ី‌ឡូន។

7 ព្រះ‌ចៅនេប៊ូ‌ក្នេសាក៏បាននាំយកវត្ថុផ្សេងៗពីព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទៅទុកក្នុងវាំងរបស់ស្ដេចនៅក្រុងបាប៊ី‌ឡូនដែរ។

8 រាជ‌កិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទយេហូ‌យ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្ដេចផ្ទាល់បានប្រព្រឹត្ត សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រា‌អែល និងស្ដេចស្រុកយូដា។ ព្រះ‌បាទយ៉ូយ៉ា‌គីន ជាបុត្រ បានឡើងស្នងរាជ្យ។

ព្រះ‌បាទយ៉ូយ៉ា‌គីនសោយរាជ្យលើស្រុកយូដា

9 កាលព្រះ‌បាទយ៉ូយ៉ា‌គីនឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះ‌វស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូ‌សាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ទេ។

10 នៅពេលចូលឆ្នាំ ព្រះ‌ចៅនេប៊ូ‌ក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នាំទៅស្រុកបាប៊ី‌ឡូន។ ព្រះ‌ចៅនេប៊ូ‌ក្នេសាបានតែង‌តាំងព្រះ‌បាទសេដេ‌គា ជាអនុជរបស់ព្រះ‌បាទយ៉ូយ៉ា‌គីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូ‌សាឡឹម។

ព្រះ‌បាទសេដេ‌គាសោយរាជ្យលើស្រុកយូដា ចុងបញ្ចប់នៃអាណា‌ចក្រយូដា

11 កាលព្រះ‌បាទសេដេ‌គាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះ‌វស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូ‌សាឡឹម។

12 ព្រះ‌បាទសេដេ‌គាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាកា‌រីយេរេមាថ្លែងព្រះ‌បន្ទូលក្នុងនាមព្រះ‌អម្ចាស់ក៏ស្ដេចពុំព្រមសារ‌ភាពកំហុសដែរ។

13 ព្រះ‌ចៅនេប៊ូ‌ក្នេសាបានឲ្យស្ដេចស្បថក្នុងនាមព្រះ‌ជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះ‌បោរប្រឆាំងនឹងព្រះ‌ចៅនេប៊ូ‌ក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែលទេ។

14 មេដឹកនាំទាំងអស់របស់ក្រុមបូជា‌ចារ្យ ព្រមទាំងប្រជា‌ជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះ‌ជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជា‌ជាតិនានា ហើយបន្ថោកព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដែលព្រះ‌អង្គបានញែកជាសក្ការៈនៅក្រុងយេរូ‌សាឡឹម។

15 ព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះ‌អង្គ ឲ្យទៅដាស់‌តឿនពួកគេជាច្រើនដង ព្រោះព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តាប្រជា‌រាស្ត្រ និងព្រះ‌ដំណាក់របស់ព្រះ‌អង្គផ្ទាល់។

16 ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះ‌អង្គចាត់ឲ្យទៅ ពួកគេមើល‌ងាយព្រះ‌បន្ទូលរបស់ព្រះ‌អង្គ ព្រមទាំងប្រមាថពួកព្យាកា‌រី រហូតធ្វើឲ្យព្រះ‌អង្គទ្រង់ព្រះ‌ពិរោធទាស់នឹងប្រជា‌រាស្ត្ររបស់ព្រះ‌អង្គយ៉ាងខ្លាំង មិនអាចប្រែ‌ប្រួលបាន។

17 ពេលនោះព្រះ‌អម្ចាស់ក៏បានចាត់ស្ដេចនៃជន‌ជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះ‌វិហារ ហើយសម្លាប់រង្គាលប្រជា‌ជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះ‌អង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។

18 ព្រះ‌ចៅនេប៊ូ‌ក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដំណាក់ស្ដេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ី‌ឡូន។

19 កង‌ទ័ពបាប៊ី‌ឡូនបានដុតព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូ‌សាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។

20 ព្រះ‌ចៅនេប៊ូ‌ក្នេសាកៀរប្រជា‌ជន ដែលនៅសេស‌សល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ី‌ឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះ‌ចៅនេប៊ូ‌ក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណា‌ចក្រពែរ្សគ្រប់‌គ្រងស្រុក។

21 ហេតុ‌ការណ៍នេះកើតមានស្របតាមព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្ម‌សាន អស់រយៈពេលចិត‌សិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសប្ប័ទ*ដែលប្រជា‌ជនពុំបានគោរព»។

ព្រះចៅស៊ីរូសអនុញ្ញាតឲ្យសង់ព្រះ‌វិហារឡើងវិញ

22 ក្នុងឆ្នាំទីមួយនៃរជ្ជ‌កាលព្រះ‌ចៅស៊ីរូស ជាស្ដេចស្រុកពែរ្សព្រះ‌អម្ចាស់បានជំរុញព្រះ‌ហឫទ័យព្រះ‌ចៅស៊ីរូស ឲ្យចេញប្រកាស និងរាជ‌ក្រឹត្យក្នុងអាណា‌ចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានថ្លែង តាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖

23 «ព្រះ‌ចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជ‌ឱង្ការដូចតទៅ:ព្រះ‌អម្ចាស់ជាព្រះនៃស្ថានបរម‌សុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់‌គ្រង។ ព្រះ‌អង្គបញ្ជាឲ្យយើងសង់ព្រះ‌ដំណាក់មួយនៅក្រុងយេរូ‌សាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះ‌អង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូ‌សាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។