អែសរ៉ា 9

ជន‌ជាតិយូដាដែលរៀប‌ការជាមួយសាសន៍ដទៃ

1 ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជា‌ជនអ៊ីស្រា‌អែល ក្រុមបូជា‌ចារ្យ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជន‌ជាតិកាណាន ជន‌ជាតិហេត ជន‌ជាតិពេរិ‌ស៊ីត ជន‌ជាតិយេប៊ូស ជន‌ជាតិអាំម៉ូន ជន‌ជាតិម៉ូអាប់ ជន‌ជាតិអេស៊ីប និងជន‌ជាតិអាម៉ូរី។

2 ពួកគេ និងកូនប្រុសរបស់គេ បានយកកូនស្រីរបស់ជន‌ជាតិទាំងនោះមកធ្វើជាប្រពន្ធ ជាហេតុធ្វើឲ្យជាតិដ៏‌វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់‌គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។

3 ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀក‌បំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។

4 អស់អ្នកដែលខ្លាចព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ដាក់ទោសជន‌ជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញ ហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំ‌វិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលថ្វាយតង្វាយល្ងាច។

5 លុះដល់ពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀក‌បំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកព្រះ‌អម្ចាស់ជាព្រះនៃខ្ញុំ

6 ដោយទូល‌អង្វរថា៖

«ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ ទូលបង្គំខ្មាសមិនហ៊ានសម្លឹងទៅរកព្រះ‌អង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។

7 តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយ‌សារតែអំពើអាក្រក់នេះហើយ បានជាព្រះ‌អង្គប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជា‌ចារ្យរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជា‌ជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើឲ្យយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។

8 ក៏ប៉ុន្តែ មិនយូរប៉ុន្មានព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំ បានសម្តែងព្រះ‌ហឫទ័យប្រណី‌សន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានឲ្យប្រជា‌ជនមួយចំនួននៅសេស‌សល់ ហើយមករស់នៅក្នុងទឹកដីដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសឲ្យយើងខ្ញុំបានភ្លឺភ្នែក និងឲ្យយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។

9 យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះ‌អង្គសម្តែងព្រះ‌ហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះ‌ភ័ក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះ‌អង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ព្រះ‌ដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួស‌ជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជម្រកដ៏រឹង‌មាំនៅស្រុកយូដា និងក្រុងយេរូ‌សាឡឹម។

10 ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុ‌ការណ៍កើតឡើងដូច្នេះ តើឲ្យយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទ‌បញ្ជារបស់ព្រះ‌អង្គទេ

11 គឺបទ‌បញ្ជាដែលព្រះ‌អង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការី ជាអ្នកបម្រើរបស់ព្រះ‌អង្គ។ ព្រះ‌អង្គមានព្រះ‌បន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែង‌ក្លាយ គួរស្អប់ខ្ពើមពាស‌ពេញក្នុងស្រុក។

12 ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាឲ្យរៀប‌ការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវឲ្យកូនប្រុសរបស់អ្នករាល់គ្នា រៀប‌ការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចម្រុង‌ចម្រើនក្ដី កុំរវី‌រវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគ‌ផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរ‌មត៌ក ឲ្យកូនចៅរបស់អ្នករហូតតរៀងទៅ”។

13 ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះ‌អង្គពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះ‌អង្គបានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេស‌សល់។

14 យើងខ្ញុំពុំអាចរំលោភលើបទ‌បញ្ជារបស់ព្រះ‌អង្គ ដោយទៅចងស្ពាន‌មេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ព្រះ‌អង្គមុខជាព្រះ‌ពិរោធទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ ឥតទុកឲ្យនៅសេស‌សល់ឡើយ។

15 បពិត្រព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ព្រះ‌អង្គជាព្រះដ៏សុចរិត ហេតុនេះហើយបានជាព្រះ‌អង្គទុកឲ្យយើងខ្ញុំនៅសេស‌សល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ ទាំងមានបាប។ ធម្មតា អ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គបានឡើយ»។