នេហេ‌មា 12

បញ្ជីរាយនាមពួកបូជា‌ចារ្យ និងពួកលេវី

1 នេះជាបញ្ជីរាយនាមពួកបូជា‌ចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា

2 លោកអម៉ា‌រា លោកម៉ាលូក លោកហាធូស

3 លោកសេកា‌នា លោករេហ៊ូម លោកម្រេម៉ូត

4 លោកអ៊ីដោ លោកគីនេ‌ថោន លោកអប៊ី‌យ៉ា

5 លោកមីយ៉ា‌មីន លោកម៉ាឌា លោកប៊ីលកា

6 លោកសេម៉ាយ៉ា លោកយ៉ូយ៉ា‌រីប លោកយេដា‌យ៉ា

7 លោកសាលូវ លោកអម៉ុក លោកហ៊ីល‌គីយ៉ា លោកយេដា‌យ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជា‌ចារ្យ និងពួកលេវីនៅជំនាន់លោកយេសួរ។

8 ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌ‌មាល លោកសេរេ‌ប៊ីយ៉ា លោកយូដា លោកម៉ាថា‌នា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបង‌ប្អូនរបស់លោក។

9 រីឯលោកបាក‌ប៊ូគា និងលោកអ៊ូនី បំពេញមុខ‌ងារនៅទល់មុខនឹងលោកទាំងនោះ។

10 លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ា‌គីម លោកយ៉ូយ៉ា‌គីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ា‌ដា

11 លោកយ៉ូយ៉ា‌ដាជាឪពុករបស់លោកយ៉ូណា‌ថាន លោកយ៉ូណា‌ថានជាឪពុករបស់លោកយ៉ាដួរ។

12 នៅជំនាន់ដែលលោកយ៉ូយ៉ា‌គីមធ្វើជាមហា‌បូជា‌ចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជា‌ចារ្យមានរាយនាមដូចតទៅ: លោកមេរ៉ា‌យ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណា‌នាជាមេដឹកនាំគ្រួសារយេរេមា

13 លោកមស៊ូ‌ឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណាន ជាមេដឹកនាំគ្រួសារអម៉ា‌រា

14 លោកយ៉ូណា‌ថានជាមេដឹកនាំគ្រួសារមេលី‌គូរ លោកយ៉ូសែបជាមេដឹកនាំគ្រួសារសេបា‌នា

15 លោកអ័ឌណាជាមេដឹកនាំគ្រួសារហារីម លោកហេល‌កាយជាមេដឹកនាំគ្រួសារម៉េរ៉ា‌យ៉ូត

16 លោកសាកា‌រីជាមេដឹកនាំគ្រួសារអ៊ីដោ លោកមស៊ូ‌ឡាមជាមេដឹកនាំគ្រួសារគីនេ‌ថោន

17 លោកស៊ីក‌គ្រីជាមេដឹកនាំគ្រួសារអប៊ី‌យ៉ា…ជាមេដឹកនាំគ្រួសារមិនយ៉ា‌មីន លោកពីល‌ថាយជាមេដឹកនាំគ្រួសារម៉ូអា‌ឌា

18 លោកសាំមួរជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណា‌ថានជាមេដឹកនាំគ្រួសារសេម៉ាយ៉ា

19 លោកម៉ាថ្នាយជាមេដឹកនាំគ្រួសារយ៉ូយ៉ា‌រីប លោកអ៊ូស៊ីជាមេដឹកនាំគ្រួសារយេដា‌យ៉ា

20 លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកហេប៊ើរជាមេដឹកនាំគ្រួសារអម៉ុក

21 លោកហាសាប‌យ៉ាជាមេដឹកនាំគ្រួសារហ៊ីល‌គីយ៉ា លោកនេថា‌នេលជាមេដឹកនាំគ្រួសារយេដា‌យ៉ា។

22 នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ា‌ដា លោកយ៉ូហាណាន និងលោកយ៉ាដួរ ធ្វើជាមហាបូជា‌ចារ្យជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវី ជាមេលើក្រុមគ្រួសារ និងបញ្ជីរាយនាមក្រុមបូជា‌ចារ្យ រហូតដល់រជ្ជកាលព្រះចៅដារី‌យុស។

23 ក្រុមលេវីដែលជាមេក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់‌ត្រាព្រឹត្តិ‌ការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណាន ជាចៅរបស់លោកអេលីយ៉ាស៊ីប។

24 មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាប‌យ៉ា លោកសេរេ‌ប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌ‌មាល ទទួលបន្ទុករួមជាមួយបង‌ប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះ‌អម្ចាស់តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទ‌បញ្ជារបស់ព្រះ‌បាទដាវីឌ ជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់។

25 បន្ទាប់មក មានលោកម៉ាថា‌នា លោកបាក‌ប៊ូគា លោកអូបា‌ឌា លោកមស៊ូ‌ឡាម លោកថាល‌ម៉ូន និងលោកអ័ក‌គូប ជាអ្នកយាមនៅមាត់ទ្វារព្រះ‌វិហារ។

26 អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ា‌គីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសា‌ដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសា‌ភិបាល ហើយលោកបូជា‌ចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។

ពិធីសម្ពោធកំពែងក្រុងយេរូ‌សាឡឹម

27 លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូ‌សាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។

28 ក្រុមចម្រៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំ‌វិញក្រុងយេរូ‌សាឡឹម និងនៅតាមភូមិនានានៅតំបន់នថូ‌ផា

29 បេត‌គីលកាល តំបន់កេបា និងអាស‌ម៉ាវែត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំ‌វិញក្រុងយេរូ‌សាឡឹម។

30 ពួកបូជា‌ចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជា‌ជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។

31 ខ្ញុំចាត់មេដឹកនាំរបស់ជន‌ជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចម្រៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្ដាំ ឆ្ពោះទៅកាន់ទ្វារសំរាម។

32 លោកហូសា‌យ៉ា និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ

33 បន្ទាប់មក លោកអសា‌រ៉ា លោកអែសរ៉ា លោកមស៊ូ‌ឡាម

34 លោកយូដា លោកបេន‌យ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា

35 ពួកបូជា‌ចារ្យដែលកាន់ត្រែ លោកសាកា‌រី ជាកូនរបស់លោកយ៉ូណា‌ថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថា‌នា ដែលត្រូវជាកូនរបស់លោកមីកា‌យ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ

36 ព្រមទាំងបង‌ប្អូនរបស់លោក គឺលោកសេម៉ាយ៉ា លោកអសា‌រាល លោកមីឡា‌ឡាយ លោកគីឡា‌ឡាយ លោកម៉ាអាយ លោកនេថា‌នេល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ព្រះ‌បាទដាវីឌ ជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់។ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ដើរនៅខាងមុខគេ។

37 ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីព្រះ‌បាទដាវីឌ តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះ‌បាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។

38 ក្រុមចម្រៀងទីពីរដើរប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជា‌ជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។

39 បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណា‌នាល និងប៉មហាមេ‌អា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរ‌បាល។

40 ក្រុមចម្រៀងទាំងពីរនាំគ្នាឈប់នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់។ រីឯខ្ញុំ និងពួកអ្នកគ្រប់‌គ្រងដែលនៅជាមួយ ក៏ឈប់នៅទីនោះ

41 រួមទាំងលោកបូជា‌ចារ្យអេលា‌គីម ម៉ាសេ‌យ៉ា មិនយ៉ា‌មីន មីកា‌យ៉ា អេលី‌យ៉ូណាយ សាកា‌រី ហាណា‌នា ដែលជាអ្នកផ្លុំត្រែ

42 ហើយក៏មានលោកម៉ាសេ‌យ៉ា លោកសេម៉ាយ៉ា លោកអេ‌ឡា‌សារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាល‌គា លោកអេឡាំ និងលោកអេ‌ស៊ើរ។ ពេលនោះ ក្រុមចម្រៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីស‌រ៉ាហ៊ា។

43 នៅថ្ងៃនោះ ប្រជា‌ជនថ្វាយយញ្ញ‌បូជាជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីក‌រាយ ព្រោះព្រះ‌ជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើស‌លប់។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីក‌រាយដែរ សម្រែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូ‌សាឡឹមទៅយ៉ាងឆ្ងាយ។

ចំណែករបស់ពួកបូជា‌ចារ្យ និងពួកលេវី

44 នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគ‌ផល ដែលប្រជា‌ជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារ‌កិច្ចប្រមូលភោគ‌ផលពីស្រែចម្ការនៅជុំ‌វិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជា‌ចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យ‌វិន័យ ដ្បិតប្រជា‌ជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជា‌ចារ្យ និងក្រុមលេវីបំពេញមុខ‌ងាររបស់ខ្លួន

45 គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចម្រៀង ក្រុមយាមទ្វារព្រះ‌ដំណាក់ ក៏បំពេញមុខ‌ងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះ‌បាទដាវីឌ និងព្រះ‌បាទសាឡូម៉ូន ជាបុត្រ បានចែងទុក។

46 កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះ‌បាទដាវីឌ និងលោកអេសាភ តែងតែមានគ្រូចម្រៀងដឹកនាំក្រុមចម្រៀង ច្រៀងសរសើរតម្កើង និងអរព្រះ‌គុណព្រះ‌ជាម្ចាស់។

47 នៅជំនាន់លោកសូរ៉ូ‌បាបិល និងជំនាន់លោកនេហេមា ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលតែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកអើរ៉ុនដែរ។