នាងអេសធើរ 8

រាជ‌ក្រឹត្យឲ្យសន្ដោសជន‌ជាតិយូដា

1 នៅថ្ងៃដដែលនោះ ព្រះ‌ចៅអហា‌ស៊ូរុសប្រទានវិមានរបស់លោកហាម៉ាន ជាបច្ចា‌មិត្តរបស់ជន‌ជាតិយូដា ទៅឲ្យព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរ។ ព្រះ‌នាងអេសធើរទូលស្ដេចឲ្យបានជ្រាបថា លោកម៉ាដេ‌កាយត្រូវជាសាច់‌ញាតិរបស់ព្រះ‌នាង ដូច្នេះ លោកម៉ាដេ‌កាយក៏ចូលមកគាល់ស្ដេច។

2 ពេលនោះ ព្រះ‌រាជាយកត្រាព្រះ‌ទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេ‌កាយ។ ព្រះ‌នាងអេសធើរក៏បានតែង‌តាំងលោកម៉ាដេ‌កាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។

3 ព្រះ‌នាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះ‌នាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះ‌បាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជ‌ពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជ‌សាសន៍យូដា។

4 ព្រះ‌រាជាហុចដំបងមាសទៅឲ្យព្រះ‌នាងអេសធើរ ព្រះ‌នាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះ‌ភ័ក្ត្រស្ដេច។

5 ព្រះ‌នាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះ‌ករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះ‌ករុណាគាប់ព្រះ‌ហឫទ័យ និងរីក‌រាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដា‌ថា និងជាពូជ‌ពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជ‌សាសន៍យូដា ឲ្យអស់ពីអាណា‌ខេត្តទាំងប៉ុន្មានរបស់ព្រះ‌ករុណា។

6 ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជា‌ជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជ‌សាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។

7 ព្រះចៅអហា‌ស៊ូរុសមានរាជ‌ឱង្ការទៅកាន់ព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរ និងលោកម៉ាដេ‌កាយដែលជាជន‌ជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយព្រះ‌នាងអេសធើរ ហើយក៏បានឲ្យគេព្យួរ-កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជន‌ជាតិយូដាដែរ។

8 ឥឡូវនេះ សូមព្រះ‌មហា‌ក្សត្រិ‌យានី និងលោក រៀបរៀងរាជ‌សារមួយ ក្នុងនាមព្រះ‌មហា‌ក្សត្រ ជារាជ‌សារដែលផ្ដល់ការអនុ‌គ្រោះដល់ជន‌ជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែ‌ប្រួលបានទេ»។

9 នៅថ្ងៃដដែលនោះ គឺថ្ងៃទីម្ភៃបីក្នុងខែជេស្ឋ គេក៏បានកោះហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជ‌សារ តាមសេចក្ដីដែលម៉ាដេ‌កាយបង្គាប់ ផ្ញើទៅជន‌ជាតិយូដា ពួកមេ‌ទ័ព ពួកទេសា‌ភិបាល និងមេដឹកនាំអាណា‌ខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូ‌ពី គឺមានទាំងអស់មួយរយម្ភៃប្រាំ‌ពីរអាណា‌ខេត្ត។ រាជ‌សារទាំងនោះសរសេរតាមអក្សររបស់អាណា‌ខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ រីឯជន‌ជាតិយូដាក៏បានទទួលរាជ‌សារតាមភាសា និងអក្សររបស់ខ្លួនផ្ទាល់ដែរ។

10 គេបានសរសេររាជ‌សារក្នុងនាមព្រះ‌ចៅអហា‌ស៊ូរុស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជ‌សារទៅចែកផ្សាយ។

11 ក្នុងលិខិតនោះ ព្រះ‌រាជាអនុញ្ញាតឲ្យជន‌ជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការ‌ពារអាយុជីវិតរបស់ខ្លួន។ ជន‌ជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណា‌ខេត្តទាំង‌ឡាយ ដែលបៀត‌បៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យ‌សម្បត្តិទៀតផង។

12 ពួកគេត្រូវអនុវត្តរាជ‌សារនេះ តាមអាណា‌ខេត្តទាំងប៉ុន្មានរបស់ព្រះចៅអហា‌ស៊ូរុស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់‌ពីរ ដែលជាខែផល្គុន។

13 អាណា‌ខេត្តនីមួយៗទទួលរាជ‌ក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជា‌ជនទាំងអស់ ហើយឲ្យជន‌ជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសង‌សឹកខ្មាំងសត្រូវរបស់ខ្លួន។

14 អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជ‌សារចាកចេញទៅយ៉ាងរូត‌រះ។ គេក៏បានប្រកាសរាជ‌សារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។

15 លោកម៉ាដេ‌កាយចាកចេញពីព្រះ‌រាជា ទាំងស្លៀកសម្លៀក‌បំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសម្រែកអរសប្បាយពាស‌ពេញក្រុងស៊ូសានទាំងមូល។

16 ជន‌ជាតិយូដាពោរ‌ពេញដោយអំណរសប្បាយរីក‌រាយឥតឧបមា ហើយនាំគ្នាស្រែកហ៊ោដោយជ័យ‌ជំនះ។

17 នៅតាមអាណា‌ខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជ‌ក្រឹត្យទៅដល់ ជន‌ជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់‌លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជន‌ជាតិយូដាជាខ្លាំង។