១ ថេស្សា‌ឡូនិក 5

1 ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បង‌ប្អូនទេ

2 ដ្បិតបង‌ប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះ‌អម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។

3 ពេលណាមនុស្ស‌ម្នាពោលថា “មានសន្តិ‌ភាពហើយ! មានសន្តិ‌សុខហើយ!” ពេលនោះ មហន្ត‌រាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសម្រាលកូនដែរ។

4 រីឯបង‌ប្អូនវិញ បង‌ប្អូនអើយ បង‌ប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។

5 បង‌ប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។

6 ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជា‌និច្ច។

7 អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។

8 រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវ‌ក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក

9 ដ្បិតព្រះ‌ជាម្ចាស់មិនបានតម្រូវឲ្យយើងទទួលទោសឡើយ គឺព្រះ‌អង្គឲ្យយើងទទួលការសង្គ្រោះ ដោយ‌សារព្រះ‌យេស៊ូ‌គ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើង

10 បានសោយទិវង្គតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះ‌អង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី ។

11 ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបង‌ប្អូនកំពុងតែធ្វើនេះស្រាប់។

ពាក្យដាស់‌តឿនផ្សេងៗ និងពាក្យសួរសុខទុក្ខ

12 បង‌ប្អូនអើយ យើងសូមអង្វរបង‌ប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយ‌ហត់ ក្នុងចំណោមបង‌ប្អូន ជាអ្នកនាំមុខបង‌ប្អូនក្នុងមាគ៌ាព្រះ‌អម្ចាស់ និងអប់រំបង‌ប្អូន។

13 ត្រូវលើកតម្លៃបង‌ប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។

14 បង‌ប្អូនអើយ យើងសូមដាស់‌តឿនបង‌ប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់‌ធ្នាប់ ចូរសម្រាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត ជួយទ្រ‌ទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្តអត់‌ធ្មត់ ចំពោះមនុស្សទួទៅផង។

15 ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជា‌និច្ច គឺធ្វើចំពោះបង‌ប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។

16 ចូរមានអំណរសប្បាយជា‌និច្ច

17 ចូរអធិស្ឋានឥតឈប់ឈរ

18 ចូរអរព្រះ‌គុណព្រះ‌ជាម្ចាស់គ្រប់កាលៈ‌ទេសៈទាំងអស់ ដ្បិតព្រះ‌អង្គសព្វព្រះ‌ហឫទ័យឲ្យបង‌ប្អូន ដែលរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូធ្វើដូច្នេះឯង។

19 កុំរារាំងសកម្ម‌ភាពរបស់ព្រះ‌វិញ្ញាណឡើយ

20 កុំមើល‌ងាយការថ្លែងព្រះ‌បន្ទូល

21 ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។

22 ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។

23 សូមព្រះ‌ជាម្ចាស់ជាប្រភពនៃសេចក្ដីសុខ‌សាន្តប្រោសបង‌ប្អូនឲ្យបានវិសុទ្ធ*ទាំងស្រុង។ សូមព្រះ‌អង្គថែ‌រក្សាខ្លួនបង‌ប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅ‌ហ្មង នៅថ្ងៃព្រះ‌យេស៊ូ‌គ្រិស្ដជាអម្ចាស់នៃយើងយាងមក។

24 ព្រះ‌អង្គដែលបានត្រាស់ហៅបង‌ប្អូនមក ទ្រង់មានព្រះ‌ហឫទ័យស្មោះត្រង់ ព្រះ‌អង្គនឹងសម្រេចការនេះជាពុំ‌ខាន។

25 បង‌ប្អូនអើយ សូមអធិស្ឋាន*ឲ្យយើងផង។

26 សូមជម្រាបសួរពួកបង‌ប្អូនទាំងអស់ ដោយស្និទ្ធ‌ស្នាល។

27 ខ្ញុំសូមអង្វរបង‌ប្អូន ក្នុងព្រះ‌នាមព្រះ‌អម្ចាស់ថា សូមអាន សំបុត្រនេះឲ្យបង‌ប្អូនទាំងអស់គ្នាស្ដាប់ផង។

28 សូមឲ្យបង‌ប្អូនប្រកបដោយព្រះ‌គុណរបស់ព្រះ‌យេស៊ូ‌គ្រិស្ដ ជាអម្ចាស់នៃយើង។

—https://d1b84921e69nmq.cloudfront.net/364/32k/1TH/5-8c26ffe07affecfa4d9fe9ff3880510c.mp3?version_id=85—