យ៉ូប 1

ទុក្ខលំបាកលើកទីមួយរបស់លោកយ៉ូប

1 កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ លោកគោរពកោតខ្លាចព្រះ‌ជាម្ចាស់ ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។

2 លោកយ៉ូបមានកូនប្រុសប្រាំ‌ពីរនាក់ និងកូនស្រីបីនាក់។

3 លោកមានចៀមប្រាំ‌ពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។

4 កូនប្រុសៗរបស់លោកតែងតែទៅជប់‌លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបង‌ប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។

5 ក្រោយពេលជប់‌លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល សម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះ‌ជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជា‌និច្ច។

6 ថ្ងៃមួយ ពពួកទេវតារបស់ព្រះ‌អម្ចាស់នាំគ្នាចូលទៅគាល់ព្រះ‌អង្គ មារ*‌សាតាំងក៏ស្ថិតនៅក្នុងចំណោមទេវតាទាំងនោះដែរ។

7 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះ‌អម្ចាស់វិញថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តនៅលើផែនដី»។

8 ព្រះ‌អម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀស‌វាងប្រព្រឹត្តអំពើអាក្រក់»។

9 មារសាតាំងទូលព្រះ‌អម្ចាស់វិញថា៖ «តើយ៉ូបពិតជាគោរពកោតខ្លាចព្រះ‌អង្គដោយសុទ្ធចិត្តមែនឬ?

10 តាមពិត គាត់គោរពព្រះ‌អង្គដូច្នេះ មកពីព្រះ‌អង្គការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះ‌អង្គប្រទានពរឲ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាស‌ពេញស្រុកដែរ។

11 ប្រសិនបើព្រះ‌អង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះ‌អង្គមិនខាន»។

12 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅកាន់មារសាតាំងថា៖ «អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះ‌ពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះ‌អម្ចាស់ទៅ។

លោកយ៉ូបបាត់បង់កូន និងទ្រព្យ‌សម្បត្តិ

13 ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់‌លៀងនៅផ្ទះកូនច្បង

14 នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ

15 ស្រាប់តែមានជន‌ជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។

16 ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។

17 អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានជន‌ជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋ និងសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។

18 អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់‌លៀងនៅផ្ទះកូនច្បង

19 ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោ‌ស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។

20 ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយ‌បង្គំ

21 ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ព្រះ‌អម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះ‌អង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់»។

22 ក្នុងស្ថាន‌ភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះ‌ជាម្ចាស់ដែរ។