យ៉ូប 3

សំណោករបស់លោកយ៉ូបៈ រស់នៅបានប្រយោជន៍អ្វី?

1 បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ។

2 លោកយ៉ូបមានប្រសាសន៍ថា៖

3 «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ

ក្លាយទៅជាថ្ងៃអព‌មង្គល!

រីឯយប់ដែលគេពោលថា

មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ

ជាយប់អព‌មង្គលដែរ!

4 សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត

ហើយកុំឲ្យព្រះ‌ជាម្ចាស់

ដែលគង់នៅស្ថានលើ រវី‌រវល់នឹងថ្ងៃនោះ

ហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!

5 សូមឲ្យភាពងងឹត និងភាពអន្ធការ

គ្របបាំងថ្ងៃនោះ

ហើយសូមឲ្យមានភាពអាប់‌អួរគ្របបាំង

ព្រះ‌អាទិត្យ!

6 រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត

គ្របបាំងវាដែរ!

សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង

ខែ និងឆ្នាំឡើយ!

7 សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ

ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ

នៅយប់នោះដែរ!

8 សូមឲ្យយប់នោះត្រូវបណ្ដាសា

របស់គ្រូនក្ខត្ត‌ឫក្ស

និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!

9 សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ!

យប់នោះរង់‌ចាំពន្លឺ តែមិនឃើញពន្លឺមកទេ

ហើយក៏មិនឃើញអរុណ‌រះដែរ

10 ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត

ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ

ចេញពីមុខខ្ញុំដែរ!

11 ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ?

ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល

ចេញពីផ្ទៃម្ដាយ?

12 ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ

ហើយមានដោះចាំបំបៅខ្ញុំដូច្នេះ?

13 ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ

ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ

14 រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី

ជាអ្នកដែលបានកសាងប្រាសាទសិលា

ទុកសម្រាប់ខ្លួន។

15 ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ

ដែលមានមាសប្រាក់ពេញផ្ទះ។

16 ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត

ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ

នោះប្រសើរជាង។

17 នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមាន

សកម្ម‌ភាពទៀតហើយ

រីឯអ្នកដែលនឿយ‌ហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។

18 អ្នកជាប់ឃុំ‌ឃាំងបានសុខក្សេម‌ក្សាន្ត

គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។

19 អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា

ទាសករក៏លែងនៅក្រោមអំណាច

ម្ចាស់របស់ខ្លួនទៀតដែរ។

20 ហេតុអ្វីព្រះ‌ជាម្ចាស់ប្រទានឲ្យ

មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ

ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ

ទុក្ខលំបាក?

21 គេទន្ទឹងរង់‌ចាំសេចក្ដីស្លាប់

តែមិនឃើញសេចក្ដីស្លាប់មកទេ។

គេប្រាថ្នាចង់បានសេចក្ដីស្លាប់

ជាងទ្រព្យ‌សម្បត្តិទៅទៀត។

22 ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន

នោះគេមុខជាសប្បាយរីក‌រាយឥតឧបមា។

23 ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច

ដ្បិតព្រះ‌ជាម្ចាស់បានដាក់របងព័ទ្ធជុំ‌វិញខ្ញុំ។

24 ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ

សម្រែកឈឺចាប់របស់ខ្ញុំ

ចេះតែហូរចេញមកដូចទឹក។

25 ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំ

ហើយខ្ញុំជួបប្រទះនឹងហេតុ‌ការណ៍ណា

ដែលខ្ញុំមិនចង់ជួប។

26 ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល

ហើយក៏មិនបានសម្រាកដែរ

គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។