២ ថេស្សា‌ឡូនិក 1

សេចក្ដីផ្ដើម

1 យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុម‌ជំនុំ*នៅក្រុងថេស្សា‌ឡូនិក ដែលរួមជាមួយព្រះ‌ជាម្ចាស់ជាព្រះ‌បិតានៃយើង និងរួមជាមួយព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ*។

2 សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតា និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។

ជីវិត និងជំនឿរបស់គ្រិស្ដ‌បរិស័ទនៅក្រុងថេស្សា‌ឡូនិក

3 បង‌ប្អូនអើយ យើងត្រូវតែអរព្រះ‌គុណព្រះ‌ជាម្ចាស់ស្ដីអំពីបង‌ប្អូនជា‌និច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បង‌ប្អូនកាន់តែចម្រើនឡើង ហើយបង‌ប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងៗដែរ។

4 ដូច្នេះ យើងបានខ្ពស់មុខនៅចំពោះក្រុម‌ជំនុំ*នានារបស់ព្រះ‌ជាម្ចាស់ ព្រោះតែបង‌ប្អូន ដ្បិតបង‌ប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀត‌បៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។

5 ហេតុ‌ការណ៍នេះសឲ្យឃើញថា ព្រះ‌ជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បង‌ប្អូន ធ្វើឲ្យបង‌ប្អូនសមនឹងចូលទៅក្នុងព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់មែន ដ្បិតបង‌ប្អូនរងទុក្ខលំបាក ព្រោះតែព្រះ‌រាជ្យនេះឯង។

6 ព្រះ‌ជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះ‌អង្គនាំទុក្ខវេទនាយកមកសងពួកអ្នក ដែលធ្វើឲ្យបង‌ប្អូនវេទនា

7 ហើយព្រះ‌អង្គនឹងប្រទានឲ្យបង‌ប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលព្រះ‌អម្ចាស់‌យេស៊ូលេចចេញពីស្ថានបរម‌សុខ*មក ជាមួយពួកទេវតា*ដ៏មានឫទ្ធា‌នុភាព។

8 ព្រះ‌អង្គយាងមកក្នុងភ្លើងសន្ធោ‌សន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះ‌ជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹង‌ល្អ*របស់ព្រះ‌យេស៊ូ‌ជា‌អម្ចាស់នៃយើង។

9 ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្តរាយអស់‌កល្បជា‌និច្ច។ ពួកគេនៅឆ្ងាយពីព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ និងឆ្ងាយពីឥទ្ធិ‌ឫទ្ធិប្រកបដោយសិរី‌រុងរឿងរបស់ព្រះ‌អង្គ។

10 នៅថ្ងៃនោះ ពេលព្រះ‌អង្គយាងមក ប្រជា‌ជនដ៏‌វិសុទ្ធ*នឹងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះ‌អង្គដែរ ។ ចំពោះបង‌ប្អូនវិញ បង‌ប្អូនបានជឿសក្ខីភាពរបស់យើង។

11 ហេតុនេះហើយបានជាយើងចេះតែអធិ‌ស្ឋានឲ្យបង‌ប្អូនជា‌និច្ច សូមព្រះ‌ជាម្ចាស់នៃយើងប្រទានឲ្យបង‌ប្អូនរស់នៅបានសមនឹងការត្រាស់ហៅរបស់ព្រះ‌អង្គ។ សូមព្រះ‌អង្គប្រទានឲ្យបង‌ប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឲ្យជំនឿរបស់បង‌ប្អូនបង្កើតផលបានបរិបូណ៌ ដោយ‌សារឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ។

12 ដូច្នេះ ព្រះ‌នាមរបស់ព្រះ‌យេស៊ូជាអម្ចាស់នៃយើង មានសិរី‌រុងរឿងនៅក្នុងបង‌ប្អូន ហើយបង‌ប្អូនក៏មានសិរី‌រុងរឿងក្នុងព្រះ‌អង្គ ដោយ‌សារព្រះ‌គុណរបស់ព្រះ‌ជាម្ចាស់នៃយើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដដែរ។

—https://d1b84921e69nmq.cloudfront.net/364/32k/2TH/1-1554640c26279ecdd05b81717e158cca.mp3?version_id=85—