២ ថេស្សា‌ឡូនិក 2

ព្រឹត្តិ‌ការណ៍ដែលនឹងកើតមានមុនព្រះ‌យេស៊ូយាងមក

1 បង‌ប្អូនអើយ ចំពោះពេលដែលព្រះ‌យេស៊ូ‌គ្រិស្ដជាព្រះ‌អម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួប‌ជុំជាមួយព្រះ‌អង្គនោះ យើងសូមអង្វរបង‌ប្អូនថា

2 កុំប្រញាប់ជ្រួល‌ច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថាដល់ថ្ងៃព្រះ‌អម្ចាស់យាងមកហើយ។ មានអ្នកខ្លះប្រហែលជាថា ព្រះ‌វិញ្ញាណបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។

3 កុំឲ្យនរណាម្នាក់មកបញ្ឆោតបង‌ប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះ‌អម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះ‌បង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។

4 មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយ‌បង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទី‌សក្ការៈរបស់ព្រះ‌ជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះ‌ជាម្ចាស់ថែមទៀតផង។

5 កាលខ្ញុំនៅជាមួយបង‌ប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បង‌ប្អូនសព្វគ្រប់ហើយ តើបង‌ប្អូននៅចាំឬទេ?

6 ឥឡូវនេះ បង‌ប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។

7 គម្រោង‌ការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្ម‌ភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ

8 វានឹងចេញមុខមក ហើយព្រះ‌អម្ចាស់‌យេស៊ូនឹងបំផ្លាញវាដោយខ្យល់ដែលចេញពីព្រះ‌ឱស្ឋរបស់ព្រះ‌អង្គរួចហើយ នៅពេលព្រះ‌អង្គយាងមក ព្រះ‌អង្គនឹងជាន់កម្ទេចវា ដោយរស្មីរុងរឿងរបស់ព្រះ‌អង្គ។

9 រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសម្តែងការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិ‌បាដិ‌ហារិយ៍បោកប្រាស់សព្វបែបយ៉ាង។

10 វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។

11 ហេតុនេះហើយបានជាព្រះ‌ជាម្ចាស់ចាត់ឥទ្ធិ‌ពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូត‌ភរ

12 ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។

ជីវិតខ្ជាប់ខ្ជួនក្នុងជំនឿ

13 ចំពោះយើងវិញ បង‌ប្អូនដ៏ជាទីស្រឡាញ់របស់ព្រះ‌អម្ចាស់អើយ យើងត្រូវតែអរព្រះ‌គុណព្រះ‌ជាម្ចាស់អំពីបង‌ប្អូនជា‌និច្ច ដ្បិតព្រះ‌ជាម្ចាស់បានជ្រើសរើសបង‌ប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះ‌វិញ្ញាណប្រោសបង‌ប្អូនឲ្យបានវិសុទ្ធ* និងដោយបង‌ប្អូនមានជំនឿលើសេចក្ដីពិត។

14 ព្រះ‌អង្គត្រាស់ហៅបង‌ប្អូនដោយ‌សារដំណឹង‌ល្អរបស់យើង ដើម្បីឲ្យបង‌ប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរី‌រុងរឿងរបស់ព្រះ‌យេស៊ូ‌គ្រិស្ដជាអម្ចាស់នៃយើង។

15 ហេតុនេះ បង‌ប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបង‌ប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។

16 ព្រះ‌ជាម្ចាស់ ជាព្រះ‌បិតានៃយើង មានព្រះ‌ហឫទ័យស្រឡាញ់យើង ព្រះ‌អង្គបានសម្រាលទុក្ខយើងអស់‌កល្បជា‌និច្ច ដោយ‌សារព្រះ‌គុណ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះ‌យេស៊ូ‌គ្រិស្ដផ្ទាល់ជាព្រះ‌អម្ចាស់នៃយើង និងព្រះ‌បិតា

17 សម្រាលទុក្ខបង‌ប្អូន ព្រមទាំងប្រទានឲ្យបង‌ប្អូនមានជំហររឹង‌ប៉ឹង ក្នុងគ្រប់កិច្ចការដែលបង‌ប្អូនធ្វើ និងពាក្យសម្ដីល្អដែលបង‌ប្អូននិយាយ។

—https://d1b84921e69nmq.cloudfront.net/364/32k/2TH/2-12ac0501a08fdcb5b93293c8bde45731.mp3?version_id=85—