យ៉ូប 39

1 ពពែព្រៃមានកូននៅពេលណា

តើអ្នកដឹងឬទេ?

តើអ្នកដែលសង្កេតឃើញ

ក្ដាន់ញីបង្កើតកូនឬទេ?

2 តើអ្នកបានរាប់ចំនួនខែដែលវាផើម

ហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ?

3 វាក្រាបចុះ រួចបង្កើតកូនចេញមក

ហើយបាត់ការឈឺចាប់។

4 កូនរបស់វាក៏មានកម្លាំងមាំ‌មួន

ហើយចម្រើនធំឡើងនៅតាមទីវាល

រួចចាកចេញពីមេវាទៅ

ឥតវិលត្រឡប់មកវិញឡើយ។

5 តើនរណាផ្ដល់សេរី‌ភាពឲ្យលាព្រៃ

ដោយស្រាយចំណងរបស់វា?

6 យើងបានឲ្យវារស់នៅតាមព្រៃល្បោះ

ដីដែលមានជាតិប្រៃជាលំ‌នៅរបស់វា។

7 វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូ‌អរ

ហើយក៏មិនដែលឮសំឡេងម្ចាស់ណា

ស្រែកដាក់វាដែរ។

8 វារកស៊ីនៅតាមដងភ្នំ

វាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។

9 តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក

ហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ?

10 តើអ្នកអាចយកខ្សែមកចងគោព្រៃ

បង្ខំវាឲ្យភ្ជួរស្រែបានឬទេ?

តើវាសុខចិត្តអូសរនាស់ឲ្យអ្នក

នៅតាមជ្រលងភ្នំឬទេ?

11 តើអ្នកអាចទុកចិត្តវា

ព្រោះតែវាមានកម្លាំងដ៏ខ្លាំង‌ក្លា

ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន

របស់អ្នកឬទេ?

12 តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ

យកទៅលានបោកបែន

ហើយនាំភោគ‌ផលទៅដាក់ជង្រុកបានឬទេ?

13 សត្វអូទ្រុស ទទះស្លាបយ៉ាងសង្ហា

ក៏ប៉ុន្តែ តើវាអាចហើរដូចសត្វកុកបានឬ?

14 វាពងចោលនៅលើដី

ហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងខ្សាច់

15 ដោយពុំនឹកស្មានថា គេអាចដើរពីលើ

ឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។

16 វាតឹង‌តែងជាមួយកូនរបស់វា

ធ្វើហាក់ដូចជាមិនមែនកូនរបស់វា។

វាខំប្រឹងពង ទោះបីមិនបានការ

ក៏វាមិនខ្វល់ខ្វាយអ្វីដែរ

17 ដ្បិតព្រះ‌ជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញា

ហើយគ្មានគំនិតយោបល់។

18 ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះ‌ពួយទៅមុខ

នោះសេះ និងអ្នកជិះសេះ

ពុំអាចដេញតាមវាទាន់ឡើយ។

19 តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ?

តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ

ដុះនៅលើកញ្ចឹង‌ករបស់វា?

20 តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប

និងមានសម្រែកគួរឲ្យញាប់‌ញ័រ?

21 វាបោលនៅតាមជ្រលងភ្នំ

ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរ‌ភូមិ។

22 វាមិនចេះភ័យខ្លាច ឬតក់‌ស្លុត

ហើយមិនរាថយនៅចំពោះមុខដាវឡើយ។

23 សំឡេងបំពង់ព្រួញ សន្ធឹកលំពែង

និងស្ន លាន់ឮនៅលើខ្លួនវា។

24 វាលោត វាកញ្ជ្រោល វាបោះ‌ពួយទៅមុខ

ហើយពេលឮគេផ្លុំស្នែង

វាពុំអាចនៅស្ងៀមបានទេ។

25 កាលណាឮគេផ្លុំស្នែង វាស្រែកឡើង

វាស្រង់ក្លិនចំបាំងពីចម្ងាយ

ហើយក៏ស្គាល់សំឡេងរបស់មេ‌ទ័ព

និងសម្រែកប្រកាសសឹកដែរ។

26 តើសត្វប្រមង់សំកាំងស្លាប

តម្រង់ទៅទិសខាងត្បូង

ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី

ដោយ‌សារគំនិតយោបល់របស់អ្នកឬ?

27 តើសត្វឥន្ទ្រីហើរឡើងទៅលើ

ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ

តាមបញ្ជារបស់អ្នកឬ?

28 នៅពេលយប់ វាស្នាក់នៅតាមថ្ម

វាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗ

ធ្វើជាកំពែងការពារខ្លួន។

29 ពីទីខ្ពស់នោះ វាសម្លឹងចាំចាប់រំពា

វាអាចមើលឃើញពីចម្ងាយ។

30 កូនរបស់វាជញ្ជក់ឈាម

ទីណាមានសាក‌សព វាស្ថិតនៅទីនោះ»។