ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។
1 ឱព្រះអម្ចាស់អើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ!
សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់
របស់ទូលបង្គំផង។
2 ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក
របស់ទូលបង្គំផង
ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
3 ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក
ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ
ទូលបង្គំចូលមកគាល់
ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
4 ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ
នឹងអំពើទុច្ចរិតនោះទេ
អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។
5 ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន
ចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
6 ព្រះអង្គនឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម
និងអ្នកមានល្បិចកល។
7 រីឯទូលបង្គំវិញ
ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស
យ៉ាងខ្លាំងចំពោះទូលបង្គំ
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ
ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ
របស់ព្រះអង្គ ទាំងគោរពកោតខ្លាច។
8 ឱព្រះអម្ចាស់អើយ
មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ!
សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ
របស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
9 អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ
គេគិតតែចង់បំផ្លិចបំផ្លាញ
អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
តែមានបង្កប់ទៅដោយពិសពុល
សម្រាប់ប្រហារជីវិត។
10 ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ!
សូមឲ្យគេវិនាសអន្តរាយ
ដោយសារគម្រោងការរបស់ខ្លួន
គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់
ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ
ដូច្នេះ សូមកាត់កាល់គេចោលទៅ។
11 រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
គេនឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ
ហើយព្រះអង្គនឹងរក្សាការពារគេ
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ
នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។
12 ព្រះអម្ចាស់អើយ
ព្រះអង្គប្រទានពរឲ្យមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ប្រៀបបាននឹងខែលការពារគេ។