ទំនុក‌តម្កើង 6

ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយក្រុមតន្ដ្រីមានខ្សែ និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ ទោះបីព្រះ‌អង្គ

ទ្រង់ព្រះ‌ពិរោធនឹងទូលបង្គំក្ដី

សូមកុំដាក់ទោសទូលបង្គំឡើយ

ទោះបីព្រះ‌អង្គខ្ញាល់នឹងទូលបង្គំក្ដី

ក៏សូមកុំធ្វើទោសទូលបង្គំដែរ!

2 ព្រះ‌អម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង

ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ

ព្រះ‌អម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផង

ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រ‌ញាក់ ។

3 ចិត្តគំនិតទូលបង្គំតប់‌ប្រមល់ជាខ្លាំង

ព្រះ‌អម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ

ដល់កាលណាទៀត?

4 ព្រះ‌អម្ចាស់អើយ សូមទ្រង់យាងមកវិញ

ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ

ដោយព្រះ‌ហឫទ័យសប្បុរស

5 ដ្បិតពេលស្លាប់ផុតទៅហើយ

គ្មាននរណាអាចនឹកដល់ព្រះ‌អង្គបានទៀតទេ

ពុំដែលមាននរណាសរសើរតម្កើងព្រះ‌អង្គ

នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។

6 ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។

រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ

ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។

7 ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខ

ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង

ព្រោះតែបច្ចា‌មិត្តរបស់ទូលបង្គំ។

8 អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ

ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ

ដ្បិតព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ឮសំឡេង

យំសោករបស់ខ្ញុំហើយ។

9 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ឮពាក្យ

ទទូចអង្វររបស់ខ្ញុំ

ព្រះ‌អម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។

10 សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ

ត្រូវអាម៉ាស់ និងញ័ររន្ធត់

ហើយឲ្យគេដកខ្លួនថយទៅវិញ

ទាំងអៀនខ្មាសយ៉ាងខ្លាំង។