ទំនុក‌តម្កើង 12

ព្រះ‌អម្ចាស់អើយសូមជួយផង!

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង កំដរដោយពិណប្រាំ‌បីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

សូមជួយសង្គ្រោះផង!

ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ

រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម

មនុស្សលោក ក៏បាត់បង់អស់ដែរ។

2 ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក

គេនិយាយសុទ្ធតែពាក្យបញ្ចើច‌បញ្ចើដាក់គ្នា

តែមានចិត្តមិនទៀង។

3 សូមព្រះ‌អម្ចាស់បំបិទមាត់ដែលចេះតែពោល

ពាក្យបញ្ចើច‌បញ្ចើ និងកាត់អណ្ដាត

ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។

4 ពួកគេពោលថា «ដោយ‌សារអណ្ដាតរបស់យើង

យើងធ្វើអ្វី ក៏បានជោគជ័យដែរ!

យើងនិយាយយ៉ាងណាក៏បានដែរ

គ្មាននរណាត្រួត‌ត្រាលើយើងទេ»។

5 ដោយព្រះ‌អង្គទតឃើញមនុស្សទុគ៌ត

ត្រូវគេជិះ‌ជាន់

និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ឥឡូវនេះ យើងត្រូវតែក្រោកឡើង

យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ

មើល‌ងាយបន្ទាបបន្ថោក»។

6 ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ជាព្រះ‌បន្ទូលដ៏បរិសុទ្ធ*

គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត

ក្នុងឡប្រាំ‌ពីរដងទៅទៀត។

7 ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គធ្វើតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គជា‌និច្ច

ព្រះ‌អង្គនឹងការពារយើងខ្ញុំឲ្យរួច

ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ

8 ទោះបីមានជនពាលដើរក្រឡឹងជុំ‌វិញយើងខ្ញុំ

ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស

កាន់តែច្រើនឡើងៗក៏ដោយ។